COVID-19៖ កាណាដា​មិន​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ឡើយ បើ​ជប៉ុន​បន្តធ្វើ​អូឡាំពិក​
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ កាណាដា​មិន​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ឡើយ បើ​ជប៉ុន​បន្តធ្វើ​អូឡាំពិក​
23, Mar 2020 , 5:18 pm        
រូបភាព
​គណៈកម្មាធិការ​អូឡាំពិក (COC) និង​ប៉ា​រ៉ា​ឡាំ​ពិ​ក (CPC) របស់​កាណាដា នៅ​ថ្ងៃទី ២២ ខែមីនា​ប្រកាសថា ក្រុម​អត្ត​ព​លិ​ក​របស់​កាណាដា​នឹងមិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ឡើយ ព្រោះ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​ជំងឺឆ្លង COVID-19​។​


 
​ដោយមាន​ក្តីបារម្ភ​ខ្លាំង​អំពី​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ការ​ប្រឆាំងនឹង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ ដែល​គ្រោង​ធ្វើឡើង​នៅ​ខែកក្កដា​ខាងមុខ បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​មកនេះ​។ អ្នកពាក់ព័ន្ធ​ធំៗ​មួយចំនួន​ដូចជា​ស្ថាប័ន​គ្រប់គ្រង​កីឡា​ជាតិ​របស់​អាមេរិក និង​អត្តពលកម្ម​ចក្រភព​អង់គ្លេស រួមជាមួយ​កាណាដា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ជាច្រើន​ទៀត​បាន​អំពាវនាវ​ឲ្យ​មានការ​ពន្យារពេល​ប្រកួត​។​
 
«COC និង CPC អំពាវនាវ​ជាបន្ទាន់​ដល់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) និង​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ (IPC) និង​អង្គការ​សុខភាព​ពិភពលោក (WHO) ឲ្យ​ពន្យារពេល​ព្រឹត្តិការណ៍​កីឡា​នេះ​រយៈពេល​មួយឆ្នាំ ហើយ​យើង​នឹង​ផ្តល់​ការគាំទ្រ​ពេញទំហឹង​ដល់​ពួកគេ​ក្នុង​ការជួយ​សម្រួល​រាល់​ភាពលំបាក​ក្នុងការ​ផ្អាក​នេះ​»​។ COC និង CPC និយាយ​ដូច្នេះ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បន្ថែមទៀតថា COC ទទួលស្គាល់​ពី​ភាពស្មុគស្មាញ​ជាច្រើន​ជុំវិញ​ការពន្យា​ពេល ប៉ុន្តែ​គ្មានអ្វី​សំខាន់​ជាង​សុខភាព និង​សុវត្ថិភាព​របស់​អត្ត​ព​លិ​ក និង​អ្នកចូលរួម​ដទៃទៀត​នោះទេ​។​
 
​ការព្រួយបារម្ភ​របស់​ភាគី​កាណាដា កើតឡើង​ក្រោយ​ប្រទេស​នេះ​មាន​អ្នកស្លាប់​ដោយសារ COVID-19 ចំនួន​២០​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​២៣ ខែមីនា​នេះ ហើយ​អ្នក​ឆ្លង​បាន​កើន​ដល់​១៤៧០​ករណី​។ ដោយឡែក​បើ​គិត​ទាំង​ជុំវិញ​ពិភពលោក​វិញ ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ បាន​រាលដាល​លើ​មនុស្ស​ចំនួន​៣៤១៥២៤​នាក់ ស្លាប់ ១៤៧៤៧​នាក់ និង​សះស្បើយ ៩៩០៤០​នាក់​។  
 
​ស្របពេល​គ្នា​នេះដែរ IOC ក៏បាន​អះអាងថា​ស្ថាប័ន​ខ្លួន​នឹង​បើក​កិច្ចពិភាក្សា​មួយ​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​បន្ត​ការប្រកួត​តាម​ការគ្រោងទុក ឬ​ពន្យារពេល​រយៈពេល​មួយឆ្នាំ ឬ​ច្រើនជាង​នេះ​។ យ៉ាងណា IOC លើក​ហេតុផល​មួយ​ថា ការលុបចោល​ព្រឹត្តិការណ៍​នេះ ក៏​មិនអាច​ដោះស្រាយ​បញ្ហា និង​ជួយ​នរណាម្នាក់​បាន​នោះឡើយ​៕

Tag:
 COVID-19
  អូឡាំពិក​
  COC
© រក្សាសិទ្ធិដោយ thmeythmey.com