COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង៖ ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កាត់ប្រាក់ខែ៣០ភាគរយជាវិភាគទានប្រឆាំងCOVID-19
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលឯទៀត សម្រេចចិត្តកាត់ប្រាក់ខែ៣០ភាគរយចំនួនបួនខែដើម្បីចូលរួមជាវិភាគទានក្នុងការយុទ្ធនាការប្រឆាំងជំងឺ COVID-19 ។ ជាមួយគ្នានោះ ក៏មានការស្នើឲ្យសមាជិកសភាកូរ៉េខាងត្បូងចូលរួមក្នុងការបរិច្ចាគនេះផងដែរ។ សព្វថ្ងៃ ស្ថានការណ៍ COVID-19 នៅកូរ៉េខាងត្បូង បានធូរស្រាលបន្តិចហើយ ដោយករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះជាបន្តបន្ទាប់។
ក្រោយកិច្ចប្រជុំបន្ទាន់ស្ដីពី COVID-19 នៅថ្ងៃទី២១ ខែមីនា លេខាធិការដ្ឋាននាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ប្រកាសថា សមាជិកគណៈរដ្ឋមន្ត្រី និងប្រធានស្ថាប័នចំណុះរដ្ឋាភិបាល សម្រេចចិត្តកាត់ប្រាក់ខែរបស់ពួកគេដើម្បីជួយទ្រទ្រង់ប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដែលអុកឡុកក្នុងប្រទេស។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Korea Times ។
ប្រធានាធិបតី មូន ចេអ៊ីន នាយករដ្ឋមន្ត្រី ជុង សេឃ្យុន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ក៏ចូលរួមក្នុងការផ្ដល់វិភាគទាននេះដែរ ដោយប្រាក់ចំនួន៣០ភាគរយចំនួនបួន នឹងបង្វិលចូលហោប៉ៅរដ្ឋវិញ ហើយក្រសួងហិរញ្ញវត្ថុ នឹងប្រើប្រាស់លុយនេះការងារចត្តាឡីស័ក និងឧបត្ថម្ភឲ្យប្រជាជនដែលរងគ្រោះដោយសារ COVID-19 ។ បើតាមលេខាធិការដ្ឋានដដែល ការបរិច្ចាគ ជាការចែករំលែកទុក្ខលំបាកជាមួយប្រជាជន ហើយមន្ត្រីជាន់ខ្ពស់ឯទៀតអាចចូលរួមផងដែរ។
ប៉ុន្មានម៉ោងក្រោយការប្រកាសនេះ អភិបាលខេត្ត South Gyeongsang ក៏ប្រកាសកាត់ប្រាក់ខែរបសើខ្លួនផងដែរ។ លោក Kim Kyoung-soo អះអាងថា លោកនឹងឲ្យប្រាក់ខែរបស់លោកទៅឲ្យរដ្ឋវិញជាការចូលរួមក្នុងការប្រយុទ្ធប្រឆាំង COVID-19 ។ ប៉ុន្តែអភិបាលខេត្តរូបនេះស្នើឲ្យការកាត់ប្រាក់ខែនេះ ចូលរួមត្រឹមកម្រិតមន្ត្រីជាន់ខ្ពស់បានហើយ និងមិនចាំបាច់បញ្ចូលមន្ត្រីថ្នាក់ក្រោមដែលរងគ្រោះដោយសារ COVID-19 ឡើយ។
បន្ទាប់ពីការប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រី ប្រជាជនកូរ៉េខាងត្បូងជាច្រើនបានសាទរនឹងសកម្មភាពបែបនេះ។ អ្នកប្រើប្រាស់អ៊ីនធឺណិតខ្លះថែមទាំងចង់ឲ្យសមាជិកសភាកូរ៉េខាងត្បូងចូលរួមក្នុងការបរិច្ចាគនេះផងដែរ។
សូមបញ្ជាក់ថា ករណីឆ្លង COVID-19 នៅកូរ៉េខាងត្បូង បានបន្តធ្លាក់ចុះគួរឲ្យត្រេកអរ បន្ទាប់ពីហក់ឡើងខ្ពស់ជាងមួយខែមក។ នៅថ្ងៃទី២៣ ខែមីនា កូរ៉េខាងត្បូងបានប្រកាសពីករណីឆ្លងថ្មីចំនួន៦៤ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះពីកម្រិតខ្ពស់បំផុតជិត៨០០ករណីក្នុងមួយថ្ងៃនាពេលកន្លងមក។ តួលេខសរុបនៅកូរ៉េខាងត្បូង គឺ៨៩៦១ករណី ឯអ្នកស្លាប់មានចំនួន១១១នាក់ ដែលភាគច្រើនមានជំងឺប្រចាំកាយស្រាប់ផង៕
Tag:
កូរ៉េខាងត្បូង
មូន ចេអ៊ីន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com