COVID-19
ជាតិ
រថយន្ត
ក្រសួង​សាធារណការ ឱ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ វាស់​កម្ដៅ​និង​លាងដៃ​ឲ្យ​ភ្ញៀវ មុននឹង​ឡើង​រថយន្ត​
23, Mar 2020 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ពិនិត្យ​កម្ដៅ និង​ការ​លាងដៃ​ជាមួយ​ទឹក​អាល់កុល មុននឹង​អនុញ្ញាតឱ្យ​ភ្ញៀវ​ចូលក្នុង​រថយន្ត  ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19​។


 
​ក្រៅពីនេះ សេចក្ដីណែនាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ថ្ងៃទី​២០ មីនា ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ រក្សា​អនាម័យ​ជានិច្ច ទាំង​កន្លែង​លក់​សំបុត្រ កន្លែង​រង់ចាំ និង​កន្លែង​ទទួលទាន​អាហារ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកបើកបរ និង​បុគ្គលិក​បម្រើ​ការងារ ក៏​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​ក្នុងពេល​បំបេញការងារ និង​ត្រួតពិនិត្យ​សុខភាព​ជាប្រចាំ​ផងដែរ​។ ក្នុងករណី​មាន​បុគ្គលិក និង​អ្នកដំណើរ​មាន​កម្ដៅ​លើសពី​៣៧.២ អង្សា ក្អក បញ្ហា​ដង្ហើម មិន​អនុញ្ញាតឱ្យ​ជិះឡាន ឬ​មក​បំពេញការងារ​និង​តម្រូវ​ឱ្យទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់ និង​ហៅ​ទូរស័ព្ទ​ទៅ​លេខ ១១៥​។ នេះ​ជា​ខ្លឹមសារ​នៅក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។
​ទន្ទឹមនឹងនេះ ក្រសួង​ណែនាំ​ឱ្យ ម្ចាស់ ឬ​អ្នកគ្រប់គ្រង​រថយន្ត​ដឹក​អ្នកដំណើរ ប្រើប្រាស់​អាល់កុល ឬ​សារធាតុ​សម្លាប់​មេរោគ ជូត​សម្អាត​រាល់​វត្ថុ​ទាំងឡាយ​ក្នុង​ឡាន​ដូចជា របារ​តោង ភ្នាល់​ដៃ កៅអី​ជាដើម ឱ្យបាន​ញឹកញាប់​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ ជាមួយគ្នានេះ​ក្រសួង បាន​អំពាវនាវ ឱ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ក៏ដូចជា​អ្នកដំណើរ​ខ្លួនឯង ត្រូវ​រក្សា​អនាម័យ និង​អនុវត្ត​វិធាន​ការបង្កា​ជំងឺឆ្លង នៅពេល​ធ្វើដំណើរ​៕  

Tag:
 ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com