COVID-19
ជាតិ
COVID-19៖ គ​.​ប​.​ម ស្នើឱ្យ​រដ្ឋាភិបាល​រៀបចំ​កន្លែង​ស្នាក់​នៅតាម​ព្រំដែន​បណ្ដោះអាសន្ន ដល់​ពលករ​ខ្មែរ​
23, Mar 2020 , 6:03 pm        
រូបភាព
ពលករខ្មែរនៅប្រទេសថៃ សម្រុកចូលកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត( រូបរបស់ក្រសួងព័ត៌មាន)
ពលករខ្មែរនៅប្រទេសថៃ សម្រុកចូលកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត( រូបរបស់ក្រសួងព័ត៌មាន)
​ភ្នំពេញ​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​(​គ​.​ប​.​ម​) ស្នើ​រដ្ឋាភិបាល​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន និង​រៀបចំ​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​តាម​ព្រំដែន ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ និង​រកស៊ី​នៅ​ប្រទេស​ថៃ ហើយ​សម្រុកចូល​កម្ពុជា​វិញ​។ ពលរដ្ឋ​ខ្មែរ​សម្រុក​ចូលមក​កម្ពុ​ជា​វិញ​នេះ ក្រោយពី​ភាគី​ថៃ​បានប្រកាស​បិទ​ច្រកព្រំដែន​ជាមួយ​កម្ពុជា ដើម្បី​ទប់ស្កាត់​និង​បង្ការ​វីរុស​COVID-19​។​


 
​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មើលឃើញថា រដ្ឋាភិបាល​មិនទាន់​ឆ្លើយតប​ទាន់ពេលវេលា ក្នុង​ការជួយ​សម្រួល​ដ​ល់​ពលរដ្ឋ​ខ្មែរ ដែល​សម្រុក​ចូលមក​ក​ម្ពុ​ជា​វិញ​ឡើយ​។ ប៉ុន្តែ​វា​ក៏​មិនទាន់​ហួសពេល​ដែរ បើសិនជា​រដ្ឋាភិបាល ដាក់ចេញ​ចំណាត់ការ និង​ផែនការ​សមស្រប​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​វិធានការ​ទប់ស្កាត់​វីរុស​COVID-19​នេះ​។​
 
​ត្រង់ចំណុច​នេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ស្នើឱ្យ​រដ្ឋាភិបាល​ជួយ​សម្របសម្រួល​ការដឹក​ជញ្ជូន និង​រៀប​ចំការ​ស្នាក់នៅ​បណ្ដោះអាសន្ន​តាម​តំបន់​ជិត​ព្រំដែន ជាពិសេស​ជួយឧបត្ថម្ភ​ជីវភាព និង​ធ្វើតេស្ត​ពិនិត្យ​សុខភាព​មុននឹង​បន្តដំណើរ​ទៅ​ស្រុកកំណើត​ពួកគេ​។ គ​.​ប​.​ម ក៏​ស្នើ​ឱ្យមាន​ការរៀបចំ​ទីកន្លែង​ស្នាក់នៅ​មួយកន្លែង ឬ​ផ្ទះ​ដាច់ដោយឡែក​នៅតាម​មូលដ្ឋាន​របស់​ពលករ​ដែល​ត្រឡប់​មកពី​ក្រៅប្រទេស ដោយ​រដ្ឋាភិបាល​ត្រូវមាន​គោលការណ៍​ឧបត្ថម្ភ​ដល់​ពួកគេ រួមទាំង​ការពិនិត្យ​តាមដាន​សុខភាព​ឱ្យបាន​ច្បាស់​សិន មុននឹង​អនុញ្ញាតឱ្យ​ពួកគេ​អាច​ដើរចេញ​ក្រៅ​ធម្មតា​។​
 
​កាលពី​ថ្ងៃទី​២២ មីនា មាន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​រាប់ពាន់នាក់ បាន​សម្រុក​មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ​។ ការ​សម្រុក​មកវិញ​នេះ ក្រោយពី​ភាគី​ថៃ​បានប្រកាស​បិទ​ច្រកព្រំដែន​ទាំង​២៤ ជាមួយ​កម្ពុជា ដើម្បី​ទប់ស្កាត់​និង​បង្ការ​វីរុស​COVID-19​។ ដោយសារ​ពលករ​ខ្មែរ សម្រុក​មកវិញ​ច្រើន​នេះ ទើប​ធ្វើឱ្យមាន​ការខ្វះចន្លោះ​លើ​ការធ្វើ​តេស្ត​ពិនិត្យ​សុខភាព ក៏ដូចជា​ការដឹកជញ្ជូន និង​ការរៀបចំ​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​ជាដើម​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​នៅឡើយ​ទេ​។​
 
​តែ​យ៉ាងណា​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​បញ្ជាក់ថា រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យមាន​ការរៀបចំ​ទីកន្លែង​ស្នាក់នៅ និង​ដាក់​ដោយឡែក​នៅតាម​មូលដ្ឋាន​ហើយ ជាពិសេស​ខេត្ត​នៅ​ជិត​ព្រំដែន ដែល​ត្រូវ​យកចិត្តទុកដាក់​រៀប​ចំ​កន្លែង​ស្នាក់នៅ​របស់​ពលករ​ខ្មែរ ចូលមក​កម្ពុជា​វិញ​តែម្ដង​។ 
 
​ពលរដ្ឋ​ខ្មែរ​មិនតិចជាង​១,០០០​នាក់​ទេ បាននាំគ្នា​ចាកចេញ​ពី​ប្រទេស​ថៃ​នៅតាម​ច្រកទ្វារ​អន្តរ​ដូង​ក្នុង​ខេត្តបាត់ដំបង ហើយ​បន្ត​ធ្វើដំណើរ​ទៅផ្ទះ​កំណើត​រៀងៗ​ខ្លួន ដោយ​មិនបាន​ត្រួតពិនិត្យ​សុខភាព​អ្វី​ឡើយ ពិសេស​ត្រួតពិនិត្យ​រក អ្នក​សង្ស័យ​ផ្ទុកមេរោគ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២២ មីនា​។ នេះ​បើតាម​សារ​ជា​សម្លេង​របស់​សម្តេច ស ខេង ។​
 
​ដោយសារ​បញ្ហា​នេះ ទើប​សម្តេច ស ខេង បានស្នើ​ដល់​អភិបាលខេត្ត​នីមួយៗ ណែនាំ​ដល់​ថ្នាក់មូលដ្ឋាន ពិសេស​ថ្នាក់ភូមិ​-​ឃុំ​ឱ្យ​រាយការណ៍​ចំនួន​អ្នក​ទើប​មកពី​បរទេស ពិសេស​មកពី​ប្រទេស​ថៃ ហើយ​ត្រូវបញ្ជូន​គ្រូពេទ្យ​ឱ្យទៅ​ពិនិត្យ​អ្នក​ទាំងនោះ​។ លើសពីនេះ អាជ្ញាធរ​ត្រូវ​ណែនាំ​អ្នក​ទាំងនោះ​ឱ្យ​សម្ងំ​ឬ​សម្រាក​នៅក្នុង​ផ្ទះ​ចំនួន​១៤ ដោយ​រក្សា​គម្លាត​មិនឱ្យ​ប៉ះពាល់ ឬ​មាន​ទំនាក់ទំនង​ជិត​សិ្ន​ត​ជាមួយ​សមាជិក​ក្នុង​គ្រួសារ និង​អ្នកដទៃ ដើម្បី​តាមដាន​សុខភាព​ខ្លួនឯង និង​ដើម្បី​បង្ការ​នៃ​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ដែល​រាល​ត្បា​ត​ខ្លាំង​នេះ​។ 
 
​រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះ​បាន​និយាយ​ដូច្នេះ​៖«​គ្រប់​មូលដ្ឋាន​បើ​សង្ស័យថា​ពលរដ្ឋ​ក្នុង​តំបន់​របស់ខ្លួន ពិសេស​អ្នក​មកពី​បរទេស​មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ធ្វើ​បញ្ជូនទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ដើម្បី​យក​កំហាក ឬ​សំណាក យកទៅ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​រាជធានី​ភ្នំពេញ​»​។   
 
​ជាមួយគ្នានេះ​សម្តេចនាយក​មន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​តាម​សារ​សំឡេង ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ទៅ​មន្ត្រី​ខ្លួន និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំងអស់ ឱ្យ​រៀបចំ​សាលារៀន​តាម​ខេត្ត សម្រាប់​ដាក់​អ្នក​ឆ្លង​វីរុស​COVID-19 ជា​បណ្តោះអាសន្ន​។ សម្ដេច ក៏បាន​បញ្ជា​ឱ្យ​នគរបាល យោធា និង កងរាជអាវុធហត្ថ ជួយ​កិច្ចការ​នេះ តាមរយៈ​ការរៀបចំ​ត​ភ្ជាប់​ភ្លើង​និង​ប្រព័ន្ធ​ទឹក​ទៅកាន់​សាលារៀន​ទាំងនោះ​ផង​៕

Tag:
 COVID-19
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com