COVID-19
កីឡាជាតិ
ជាតិ
COVID-19 ៖​កម្ពុជា​នឹង​បង្វែរ​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស មក​ពង្រឹង​នៅក្នុង​ស្រុក​
24, Mar 2020 , 8:29 am        
រូបភាព
ដោយ:
​ការរីក​រាលដាល​នៃ​ជំ​ងឹ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID-19 បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​វិធាន​ជា​បន្តបន្ទាប់ ដើម្បី​បង្ការ​និង​ទប់ស្កាត់​បញ្ហា​នេះ​។ ព្រឹត្តិការណ៍​កីឡា​មួយចំនួន​ត្រូវបាន​ផ្អាក និង​ពន្យា​ពេល​ជា​បណ្តោះអាសន្ន ហើយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល​ត្រូវបាន​រំសាយ​។ បញ្ហា​នេះ ក៏​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​របស់​ប្រភេទ​កីឡា​មួយចំនួន​ផងដែរ​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​អាច​នឹង​លុបចោល​គម្រោង​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​របស់​ប្រភេទ​កីឡា​មួយចំនួន​នៅ​ឆ្នាំនេះ បើ​បញ្ហា​រីក​រាលដាល​នៃ COVID-19 នៅតែ​បន្ត​កើនឡើង​។ លោក​បាន​បន្ថែមថា កីឡាករ​ដែល​គ្រោង​ចេញទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​ឆ្នាំនេះ​មាន​ចំនួន​១១០​នាក់ តែ​លោក​មិនបាន​បញ្ជាក់​លម្អិត​ពី​ប្រភេទ​កីឡា​ទាំង​នោះឡើយ​។  

ប្រសាសន៍របស់លោក វ៉ាត់ ចំរើន៖



 
​ទោះបី​យ៉ាងនេះ​ក្តី លោក អះអាងថា បញ្ហា​នេះ​មិនបាន​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​នោះទេ​។ ដ្បិត​កម្ពុជា នឹង​បង្វែ​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស មក​ពង្រឹង​ការហ្វឹកហាត់​នៅក្នុង​ស្រុក តាមរយៈ​នាំ​គ្រូបង្វឹក​បរទេស​ល្អៗ​មក​បង្វឹក​នៅ​កម្ពុជា​។ សម្រាប់​លោក វ៉ា​ត់ ចំរើន ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​មិន​ខុសគ្នា​ពី​ការហ្វឹកហាត់​នៅក្នុង​ស្រុក​នោះទេ ឲ្យ​តែ​កីឡាករ​យកចិត្តទុកដាក់ និង​ខិតខំ​ហ្វឹកហាត់​។​
 
​តែ​យ៉ាងណា​ក្នុងចំណោម​កីឡាករ​ទាំង​១១០​នាក់​ខាងលើ មិនមែន​មានន័យថា សុទ្ធតែ​ត្រូវ​ផ្អាក​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​នោះទេ ព្រោះ​កម្ពុជា​កំពុង​ពិចារណា​បង្វែ​ពី​ប្រទេស ដែលមាន​ការរីក​រាល​ដាល​នៃ COVID-19 ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ផ្សេង​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន ដែល​អះអាងថា គម្រោង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​បរទេស​នៅតែ​រក្សា​នៅ​ដដែល ប្រសិនបើ​ការរីក​រាល​នៃ COVID-19 មាន​ភាព​ធូរស្បើយ​។ 
 
​ការរីក​រាលដាល​នៃ COVID-19 បានធ្វើ​ឲ្យ​កម្ពុជា​ផ្អាក និង​ពន្យា​ពេល​រៀបចំ​ព្រឹត្តិការណ៍​មួយចំនួន​ដូចជា​ការប្រកួត​ពានរ​ង្វាន់​លី​គ​កំពូល​និង​ពានរង្វាន់​សម្តេច ហ៊ុន សែន​, ពានរង្វាន់​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​១៦​ឆ្នាំ​, ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣, ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ​, រំសាយ​ការប្រមូលផ្តុំ​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល និង​ផ្អាក​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍​ជាដើម​។​
 
​បញ្ហា​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទ​សាលារៀន​និង​គ្រឹះស្ថានសិក្សា​នានា​, KTV, រោងភាពយន្ត​, ក្លិប​កម្សាន្ត​នានា​, ផ្អាក​ចូល​ទស្សនា​ក្នុង​បរមរាជវាំង និង​ពិធី​ជួបជុំ​បែប​សាសនា​ផ្សេងៗ​។ COVID-19 មិន​ត្រឹមតែ​ឆ្លង​ដល់​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទៀតផង​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្ក​ឡើ​ល​ដោយ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី COVID-19 ចំនួន​៨៦​នាក់​ហើយ ក្រោយ​រកឃើញ​ពីរ​ករណី​បន្ថែមទៀត ក្នុងនោះ​១​ករណី​កើត​នៅ​ខេត្តកោះកុង និង​១​ករណី​នៅ​ខេត្តកំពង់ចាម​៕    

Tag:
 COVID-19
  វ៉ា​ត់ ចំរើន​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com