ត្រសក់ស្រូវជាដំណាំមួយប្រភេទដែលសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ ហើយទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានត្រសក់ស្រូវ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ទេថាវាអាចផ្ដល់ឥទ្ធិពលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាពរាងកាយ។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានផ្លែត្រសក់ស្រូវក្នុងកម្រិតមធ្យម ៖
១. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ
គ្រប់ចំណិតនៃផ្លែត្រសក់ស្រូវ គឺមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើនេះដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ក្រោយធ្វើលំហាត់ប្រាណ ឬខណៈពេលស្ថិតក្រោមអាកាសធាតុក្ដៅ។ លើសពីនេះទៅទៀតត្រសក់ស្រូវ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរ។
២. ល្អសម្រាប់អ្នកជំងឺដំបៅរលាកក្រពះ
ត្រសក់ស្រូវជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺដំបៅរលាកក្រពះ ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយវីតាមីន ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ។
៣. កាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាម
នេះក៏ព្រោះតែត្រសក់ស្រូវជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានឥទ្ធិពលជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាមក្នុងរាងកាយកាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាមនិងបញ្ហាបេះដូងផ្សេងៗ។
៤. ពង្រឹងសុខភាពឆ្អឹង
ត្រសក់ស្រូវមានផ្ទុកសារធាតុចិញ្ចឹមមួយចំនួនដែលចាំបាច់សម្រាប់ពង្រឹងនិងរក្សាសុខភាពឆ្អឹងល្អប្រសើររួមបញ្ចូលទាំងសារធាតុ folate វីតាមីន K និងម៉ាញ៉េស្យូម។
៥. គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម
ទោះបីត្រសក់ស្រូវមានផ្ទុកជាតិស្ករធម្មជាតិ ប៉ុន្តែវាក៏ជាប្រភពដ៏ល្អបំផុតនៃជាតិសរសៃនិងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយរក្សាភាពប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាមដែរ។
៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ត្រសក់ស្រូវមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។ វីតាមីននេះក៏ចាំបាច់សម្រាប់រក្សាការពារសុខភាពស្បែកផងដែរ។
៧. ទប់ស្កាត់អាការៈទល់លាមក
នេះក៏ព្រោះតែត្រសក់ស្រូវមានផ្ទុកសម្បូរទៅដោយជាតិសរសៃ dietary fiber ដែលជួយសម្រួលការរំលាយអាហារនិងទប់ស្កាត់អាការៈទល់លាមក៕
ត្រួតពិនិត្យដោយ www.health.com.kh