COVID-19
ជាតិ
ពលករខ្មែរជិត១ម៉ឺននាក់នៅថៃ សម្រុកមកស្រុកកំណើតវិញ មុនបិទព្រំដែន
24, Mar 2020 , 9:30 am        
រូបភាព
គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ពលរដ្ឋខ្មែរជិត១ម៉ឺនាក់ បានគ្នាសម្រុកចេញពីថៃ ចូលមកកម្ពុជាវិញ។ នេះបើតាមរបាយការណ៍ ដែលលោក កែវ វណ្ណថន អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្ញើមកសារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនងតេឡេក្រាម។



នៅថ្ងៃទី២៣ ខែមីនា គឺជាថ្ងៃ ដែលកម្ពុជា-ថៃ សម្រេចរួមគ្នា បិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួមទាំងច្រកផ្សេងៗទៀត។ បន្ថែមពីលើរបាយការណ៍ លោក កែវ វណ្ណថន ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែមីនា ថា ឥឡូវនេះ ច្រកព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទអស់ហើយ។

ពលរដ្ឋខ្មែរ និងភ្ញៀវបរទេស មិនអាចចេញពីថៃ ចូលមកកម្ពុជា តាមច្រកព្រំដែនគោកទៀត ពីថ្ងៃនេះទៅ រហូតដល់មានការសម្រេចថ្មីរវាងប្រទេសទាំងពីរ។ យ៉ាងណាការនាំទំនិញចេញចូល នៅតែប្រព្រឹត្តទៅធម្មតា។

ក្រសួងពាក់ព័ន្ធនានា ណែនាំទៅមន្រ្តីតាមព្រំដែន ឲ្យត្រួតពិនិត្យសុខភាព ពិសេសកម្តៅរបស់ពលរកខ្មែរ មុនអនុញ្ញាតឲ្យចូលមកកម្ពុជា។ លើលពីនេះ ក្រសួងពាក់ព័ន្ធ ថែមទាំងទទូចឲ្យពលករខ្មែរ ដែលទើបនឹងមកពីថៃ ឬប្រទេសនានា ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ដើម្បីជៀសវាងការឆ្លងទៅសមាជិកគ្រួសារឬអ្នកដទៃ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com