COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19 ៖ លោក អា​បេ ថា អូឡាំពិក​ក្រុង​តូ​ក្យូ ទំនង​ចៀស​មិន​ផុតពី​ពន្យារពេល​ឡើយ​
24, Mar 2020 , 9:45 am        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ (Shinzo Abe) នៅ​ថ្ងៃ​ចន្ទ ទី​២៣ មីនា បង្ហើប​ថា​ការពន្យារពេល​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០២០ ទំនងជា​ចៀស​មិន​ផុត​ឡើយ ប្រសិនបើ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​សួត COVID-19 មិនអាច​គ្រប់គ្រង​ការប្រកួត​ឲ្យ​មាន​សុវត្ថិភាព​ទេនោះ​។ ផ្អាក ឬ​បន្ត នឹង​សម្រេច​ចុងក្រោយ​ដោយ​ណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ (IOC)​។​


 
​លោក ស៊ិន​ហ្សូ អា​បេ បាន​ប្រាប់​សភា​ជប៉ុន ថា​ជប៉ុន​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​ការដឹកនាំ​ការប្រកួត​កីឡា​លំដាប់​ពិភពលោក​ឲ្យ​ពេញលេញ​តាមតែ​អាចធ្វើ​ទៅបាន​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា​ប្រសិនបើ​រឿង​នោះ​ក្លាយជា​ការពិបាក ពោលគឺ​ត្រូវ​គិតពី​សុវត្ថិភាព​អត្ត​ព​លិ​ក​ជាមុន នោះ​អាច​នឹង​ចៀស​មិន​រួច​ពី​ការសម្រេចចិត្ត​ពន្យារពេល​ឡើយ​។​
 
​នេះ​ជាការ​លើកឡើង​ដំបូង​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន អំពី​លទ្ធភាព​ដែលថា​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០២០ អាច​នឹងមិន​ដំណើរការ​ដូច​ការគ្រោង​ទុក​នៅ​ថ្ងៃទី​២៤ ខែកក្កដា ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) កាន់តែ​បន្ត​រាលដាល​ពាសពេញ​ពិភពលោក​។​
 
​ពិភាក្សាគ្នា​ពេញ​មួយ​យប់ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បានផ្តល់​យោបល់​ជុំវិញ​ការប្រកួត និង​ផែនការ​ផ្សេងៗ​ជាច្រើន​ក្នុងនោះ​ក៏​រួមបញ្ចូល​ទាំង​ការស្នើ​ឲ្យ​ពន្យារពេល​ផងដែរ​។​
​ដោយ​ដកស្រង់​សំដី​យោបល់​របស់​ប្រធាន IOC លោក Thomas Bach ដែល​បដិសេធ​មិន​ឲ្យ​បន្ត​ការប្រកួត​កីឡា​អូឡាំពិក​នោះ លោក​អា​បេ​បាន​តប​វិញ​ភ្លាម​ថា​៖ «​ការលុបចោល​មិនមែនជា​ជម្រើស​នោះទេ ហើយក៏​មិនអាច​ដោះស្រាយ​បញ្ហា និង​ជួយ​នរណាម្នាក់​បានឡើយ​»​។​
 
IOC នឹងមាន​ការសម្រេចចិត្ត​ចុងក្រោយបង្អស់​ជុំវិញ​ការបន្ត ឬ​ផ្អាក​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ជប៉ុន​នេះ ស្របពេល​ស្ថាប័ន​ខ្លួន​កំពុង​រង​សម្ពាធ​កាន់តែខ្លាំង​ឡើង​ពី​សំណាក់​អត្ត​ព​លិ​ក និង​សមាគម​កីឡា​ទូទាំង​ពិភពលោក​ដែល​ចង់​ឲ្យ​ពន្យារពេល អំឡុង COVID-19 រាតត្បាត​កាន់តែខ្លាំង​ឡើង​។​
 
​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៣ ខែមីនា បាន​កើនឡើង​រហូតដល់ ១៤៧៧៧​នាក់​ហើយ​នៅ​ជុំវិញ​ពិភពលោក និង​ចំនួន​អ្នក​ផ្ទុក​មាន ៣៤៣៤២១​ករណី​។ ដោយឡែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៩៩០៦៨​ករណី​។ អាជីវកម្ម និង​សាលារៀន​នៅ​ទូទាំង​ពិភពលោក​បានប្រកាស​ឲ្យ​បិទ​បណ្តោះអាសន្ន​ផងដែរ​៕

Tag:
 COVID-19
  Shinzo Abe
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com