COVID-19
អន្តរជាតិ
COVID-19៖ ករណី​ឆ្លង និង​ស្លាប់​នៅ​អ៊ីតាលី អេ​ស្ប៉ា​ញ អាល្លឺម៉ង់ និង​បារាំង បន្ត​កើនឡើង​ខ្លាំង​
24, Mar 2020 , 11:55 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​គិត​ត្រឹម​ថ្ងៃទី​២៤ ខែមីនា អ៊ីតាលី អេ​ស្ប៉ា​ញ អាល្លឺម៉ង់ បារាំង នា​ថ្ងៃទី​២៤ ខែមីនា មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉​ណាវី​រុស (COVID-19) ជាច្រើន​ករណី​។ បើតាម​តួលេខ​របស់​វេ​ប​សាយ Worldometer អ៊ីតាលី និង​អេ​ស្ប៉ា​ញ មាន​អ្នកស្លាប់​ច្រើនជាងគេ ខណៈពេល​បារាំង និង​អាល្លឺម៉ង់ ក៏មាន​តួលេខ​អ្នកស្លាប់​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​


 
​មកទល់ពេលនេះ អ៊ីតាលី នៅតែ​ជា​ប្រទេស​រងគ្រោះ ដោយសារ​COVID-19 ខ្លាំងជាងគេ ក្នុងចំណោម​ប្រទេស​ទាំងអស់​នៅ​អឺរ៉ុប និង​ឈរ​ក្រោយ​ចិន​លើ​តារាង​ពិភពលោក​។ គ្រាន់តែ​ថ្ងៃទី​២៣ ខែមីនា អ៊ីតាលី មាន​អ្នកស្លាប់​រហូតដល់ ៦០១​នាក់ និង​អ្នក​ឆ្លង​រហូតដល់ ៤៧៨៩​ករណី​។ តួលេខ​សរុប​នៅ​អ៊ីតាលី​បាន​កើន​ដល់ ៦៣៩២៧​ករណី និង​អ្នក​ស្លាប់មាន​ជាង ៦​ពាន់​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៤៣២​នាក់​។​
 
​ចំណែក​នៅ​អេ​ស្ប៉ា​ញ​វិញ ក៏​ធ្ងន់​មិន​ចាញ់​អ៊ីតាលី​ដែរ​។ ក្នុង​ថ្ងៃ​ដដែល​នេះ អេ​ស្ប៉ា​ញ​មាន​អ្នក​ឆ្លង​ថ្មី​រហូតដល់ ៦៣៦៨​ករណី និង​អ្នកស្លាប់​រហូតដល់ ៥៣៩​នាក់​ឯណោះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ការឆ្លង COVID-19 សរុប​នៅ​អេ​ស្ប៉ា​ញ​មាន​រហូតដល់ ៣៥១៣៦​ករណី និង​អ្នកស្លាប់ ២៣១១​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​វិញ​មាន​ចំនួន ៣៣៥៥​ករណី​។​
 
​ស្ថិតក្នុង​តំបន់​អឺរ៉ុប​ដូចគ្នា បារាំង​ឯណោះ​វិញ ក៏មាន​តួលេខ​អ្នក​ឆ្លង និង​អ្នកស្លាប់ ក៏​ច្រើន​ដែរ ប៉ុន្តែ​តិចជាង​អេ​ស្ប៉ា​ញ​ជាង​ពីរដង​។ នា​ថ្ងៃទី​២៣ ខែមីនា បារាំង​មាន​អ្នក​ឆ្លង ៣៨៣៨​ករណី និង​អ្នកស្លាប់ ១៨៦​ករណី​។ សរុប​COVID-19 នៅ​បារាំង​មាន​ចំនួន ជាង ១៩៨៥៦​ករណី និង​អ្នកស្លាប់ ៨៦០​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ២២០០​នាក់​។ 
 
​ចុងក្រោយ​អាល្លឺម៉ង់ មាន​អ្នក​ឆ្លង COVID-19 ក៏​ច្រើន​ដែរ តែ​អ្នកស្លាប់​តិច​។ ក្នុង​ថ្ងៃ​ដូចគ្នា​ទៅនឹង​បារាំង អាល្លឺម៉ង់​មាន​អ្នក​ឆ្លង​រហូតដល់ ៤១៨៣​ករណី ខណៈ​អ្នក​ស្លាប់មាន​ត្រឹមតែ ២៨​ករណី​ប៉ុណ្ណោះ​។ ករណី​សរុប​នៅ​អាល្លឺម៉ង់​មាន ២៩០៤៩​ករណី ខណៈ​អ្នកស្លាប់ ១២៣​នាក់​។ ដោយឡែក​អ្នកជា​សះស្បើយ​វិញ អាល្លឺម៉ង់​មាន ៤៥៣​ករណី​។ 
 
​សូមបញ្ជាក់ មួយរយៈ​ចុងក្រោយ​នេះ ប្រទេស​ទាំង ៤​ខាងលើ បាន​រងគ្រោះ​យ៉ាងខ្លាំង​ដោយសារ COVID-19 ខណៈពេល​ចិន ដែលជា​ចំនុច​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​វិញ បាន​ថមថយ​ចំនួន​អ្នក​ឆ្លង និង​អ្នកស្លាប់​យ៉ាងខ្លាំង​៕ 

រូបភាព៖ Reuters


Tag:
 អ៊ីតាលី​
  អេ​ស្ប៉ា​ញ​
  អាល្លឺម៉ង់​
  បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com