លោក អ៊ឹង ឃាង ស្ម័គ្រចិត្តផ្តល់សណ្ឋាគារ សម្រាប់ដាក់អ្នកជំងឺកូវីដ-១៩
COVID-19
ជាតិ
សង្គមជាតិ
លោក អ៊ឹង ឃាង ស្ម័គ្រចិត្តផ្តល់សណ្ឋាគារ សម្រាប់ដាក់អ្នកជំងឺកូវីដ-១៩
24, Mar 2020 , 1:42 pm        
រូបភាព
ភ្នំពេញ៖  ម្ចាស់សណ្ឋាគារព្រះវិហារជ័យ លោក អ៊ឹង ឃាង  បានផ្តល់សណ្ឋាគារមួយ ឲ្យមន្ទីរសុខាភិបាលខេត្តព្រះវិហារ សម្រាប់ដាក់អ្នកសង្ស័យនិងអ្នកមានជំងឺកូវីដ-១៩ (COVID-19) ដោយឥតគិតថ្លៃ។  ម្ចាស់សណ្ឋាគារររូបនេះ បញ្ជាក់ថា សណ្ឋាគាររបស់លោក មានកម្រិតស្តង់ដារអន្តរជាតិ មាន៤២បន្ទាប់ ហើយបន្ទប់នីមួយៗ មានខ្យល់អាកាសចេញ-ចូលល្អ។



លោក អ៊ឹង ឃាង លើកឡើងថា ក្រៅពីផ្តល់សណ្ឋាគារសម្រាប់ស្នាក់នៅ និងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយឥតគិតថ្ងៃហើយនោះ រាល់ការប្រើប្រាស់ទឹក-ភ្លើង ក៏ស្ថិតនៅលើការចំណាយរបស់លោកដែរ។ លោក ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនៅព្រឹកថ្ងៃទី២៤ ខែមីនា ថា  ការផ្តល់សណ្ឋាគារនេះ គឺជាការងារមួយរួមចំណែកប្រទេសជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដើម្បីបញ្ចៀសកុំឲ្យមានការឆ្លងរាលដាលក្នុងសហគមន៍ណាមួយ។ លោក មានប្រសាសន៍ថា៖«សណ្ឋាគារនេះ ខ្ញុំ នឹងផ្តល់ជូនដល់មន្ទីសុខាភិបាលខេត្ត រហូតដល់ស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ក្នុងប្រទេស ត្រូវបានបញ្ចប់ដោយជោគជ័យ»។

ការផ្តល់សណ្ឋាគារនេះ គឺធ្វើឡើងក្រោយពីរាជរដ្ឋាភិបាល បញ្ជាឲ្យអភិបាលខេត្ត និងអាជ្ញាធរខេត្តពាក់ព័ន្ធខេត្តទាំងអស់ ត្រូវរៀបចំទីកន្លែងនានា ដូចជា សណ្ឋាគារ ផ្ទះសំណាក់ សាលារៀន និង មជ្ឈមណ្ឌលបណ្តុះបណ្តាលជាដើម  ទុកសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩។ សណ្ឋាគារព្រះវិហារជ័យរបស់លោក អ៊ឹង ឃាង មានទីតាំងស្ថិតនៅតំបន់ប្រាសាទព្រះវិហារ ក្នុងភូមិស្រអែមខាងជើង ឃុំកន្ទួត  ស្រុកជាំក្សាន្ត។ លោក អ៊ឹង ឃាង បានបន្ថែមថា កន្លងមក លោក បានផ្តល់ម៉ាស់ចំនួន៤ម៉ឺនម៉ាស់ ដល់ពលរដ្ឋក្នុងខេត្តសៀមរាប។

ក្រោយទទួលបានដំណឹងនៃការផ្តល់សណ្ឋាគារនេះ លោក គង់ ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នឹងចុះទៅពិនិត្យមើល នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ បន្តថា ទន្ទឹមនឹងគ្នានេះ មន្ទីរសុខាភិបាលខេត្ត ក៏បានត្រៀមសណ្ឋាគារមួយកន្លែងទៀតឈ្មោះ សណ្ឋាគារព្រះវិហារផ្លាលេស ដែលមាន៨០បន្ទប់ ជាទីតាំងទីពីរសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ នៅដាច់ពីគេ ក្នុងករណីមានការឆ្លងច្រើន។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ThmeyThmey ប្រធានមន្ទីរសុខាភិបាលរូបនេះ បញ្ជាក់ថា៖«មន្ទីរសុខាភិបាល យើងបានត្រៀមជាស្រេចទាំងឧបកណ៍ប្រើប្រាស់ និងក្រុមគ្រូពេទ្យជំនាញ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។ ក្រៅពីគ្រូពេទ្យជំនាញប្រចាំការមន្ទីរសុខាភិបាលខេត្តព្រះវិហារ យើង ក៏បានត្រៀមក្រុមគ្រូពេទ្យនិងអ្នកថែទាំអ្នកជំងឺ៣ក្រុមទៀត សម្រាប់ពិនិត្យ និងព្យាយាមអ្នកជំងឺកូវីដ-១៩ ដែលដាក់នៅដាច់គេ ក្នុងសណ្ឋាគារដែលយើងបានរៀបចំផងដែរ»។

បើតាមលោក គង់ ឡូ គ្រូពេទ្យដែលត្រៀមសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងសណ្ឋាគារនោះ ក្នុងមួយក្រុមៗ មានគ្រូពេទ្យជំនាញ៣នាក់ និងគិលានុបដ្ឋាយិកា១០នាក់។ លោក បន្ថែមថា ក្រោយមានពលករខ្មែរត្រឡប់មកពីប្រទេសថៃ លោកបានបញ្ជាឲ្យក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ ទៅពិនិត្យសុខភាពអ្នកទាំងនោះដោយផ្ទាល់នៅតាមផ្ទះនីមួយៗ ហើយណែនាំពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេ និងកុំអាលស្និទស្នាលជាមួយក្រុមគ្រួសាររយៈពេល១៤ថ្ងៃ។

លោក បញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ សម្រាប់ខេត្តព្រះវិហារ មានពលរកខ្មែរជាង១០០នាក់ ដែលត្រឡប់មកពីថៃ និងកំពុងស្នាក់នៅផ្ទះរៀងៗខ្លួន ហើយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការការឆ្លងមេរោគកូវីដ-១៩។

សូមជម្រាបថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី២៤ ខែមីនានេះ កម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៨៧នាក់ហើយ នៅរាជធានី និងខេត្តចំនួន១២ ដោយក្នុងនោះ ខេត្តព្រះវិហារមាន២នាក់ ជាបុរសជនជាតិខ្មែរ៕

Tag:
 COVID-19
  សណ្ឋាគារ
© រក្សាសិទ្ធិដោយ thmeythmey.com