COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
មន្ត្រីជាន់ខ្ពស់ IOC៖ អូឡាំពិក​ក្រុង​តូ​ក្យូ នឹងត្រូវ​ពន្យារពេល ព្រោះ​ឥទ្ធិពល COVID-19
24, Mar 2020 , 2:12 pm        
រូបភាព
លោក Dick Pound មន្ត្រីជាន់ខ្ពស់ IOC
លោក Dick Pound មន្ត្រីជាន់ខ្ពស់ IOC
​លោក Dick Pound សមាជិក​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ (IOC) នៅ​ថ្ងៃទី​២៣ ខែមីនា ថា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ ដែល​ធ្វើ​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​នឹងត្រូវ​ពន្យារពេល​មួយឆ្នាំ បន្ទាប់ពី​ការកើនឡើង​ខ្លាំង​នៃ​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ដោយសារ COVID-19 នៅ​ជុំវិញ​ពិភពលោក​។​


 
​ការលើកឡើង​បែបនេះ កើតឡើង​បន្ទាប់ពី​ប្រធាន​សមាគម​កីឡា​អូឡាំពិក​ចក្រភព​អង់គ្លេស​ប្រកាសថា​ទំនងជា​មិន​បញ្ជូន​អត្ត​ព​លិ​ក​ខ្លួន​ទៅ​ចូលរួម​ការប្រកួត​នៅ​ក្រុង​តូ​ក្យូ​នា​ខែកក្កដា​ខាងមុខ​នេះឡើយ​។​
 
​មុន​ការប្រកាស​របស់​អង់គ្លេស កាណាដា​ដែល​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​អំពី​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ បាន​អះអាង​រួចហើយ​ថា នឹង​ដកខ្លួន​ចេញពី​កម្មវិធី ប្រសិនបើ​ម្ចាស់ផ្ទះ​ជប៉ុន​នៅតែ​ដំណើរការ​ការប្រកួត​។ អូស្ត្រាលី​ក៏​នឹងមិន​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ​ជប៉ុន​នេះដែរ​។​
 
«​ផ្អែកលើ​មូលដ្ឋាន​នៃ​ព័ត៌មាន​ដែល IOC ចង់​ឲ្យ​មានការ​ពន្យារ​ពេលនោះ​ត្រូវបាន​សម្រេច​រួចហើយ​»​។ លោក Pound ប្រាប់​សារព័ត៌មាន USA today ដូច្នេះ ហើយ​បន្ថែមថា បើ​ទោះ​ការសម្រេច​ចុងក្រោយ​មិនទាន់​ប្រកាស​ក្តី ប៉ុន្តែ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​មួយ​នេះ​នឹងមិន​ចាប់ផ្តើម​តាម​កាលកំណត់​នៅ​ថ្ងៃទី ២៤ ខែកក្កដា​នេះ​ទេ​។​


 
IOC បាន​ប្រាប់​ដែរ​ថា ស្ថាប័ន​ខ្លួន​ត្រូវការ​រយៈពេល ៤ សប្តាហ៍​ទៀត​ដើម្បី​សម្រេច​ចុងក្រោយ​ជុំវិញ​ករណីនេះ ស្របពេល​សមាជិក​អូឡាំពិក​ជាច្រើន​អំពាវនាវ​ឲ្យ​មានការ​ពន្យារពេល​ទៅ​ឆ្នាំក្រោយ ក្រោម​ហេតុផល​សុ​វត្តិភាព និង​សុខភាព​របស់​អត្ត​ព​លិ​ក និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។​
 
​លោក Pound ដែល​ជនជាតិ​កាណាដា ជឿជាក់ថា ការពន្យារពេល​ពិតជា​មានលទ្ធភាព​ខ្ពស់ ក្រោយ​ការរីក​រាលដាល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ COVID-19 ទូទាំង​ពិភពលោក រហូត​ធ្វើ​ឲ្យ IOC គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​នេះឡើយ​។ មន្ត្រីជាន់ខ្ពស់ IOC រូបនេះ បានផ្តល់​យោបល់​មួយ​ថា​ការពន្យារពេល​មួយឆ្នាំ នៅតែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។​
 
​ដោយឡែក​ជុំវិញ​ជម្រើស​ពន្យារពេល​នេះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ (Shinzo Abe) នៅ​ថ្ងៃ​ចន្ទ ទី​២៣ មីនា ក៏បាន​លើកឡើង​ដែរ​ថា​ទំនងជា​ចៀស​មិន​ផុត​ឡើយ ប្រសិនបើ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រលាក​សួត COVID-19 មិនអាច​គ្រប់គ្រង​ការប្រកួត​ឲ្យ​មាន​សុវត្ថិភាព​ទេនោះ​។ លោក​សង្កត់ធ្ងន់ថា សុវត្ថិភាព​អត្ត​ព​លិ​ក​ជា​រឿង​ចម្បង​ដែល​នាំ​ឲ្យ​ចៀស​មិន​រួច​ពី​ការសម្រេចចិត្ត​ពន្យារពេល​ឡើយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៤ ខែមីនា​នេះ អ្នកស្លាប់​ដោយសារ COVID-19 បាន​កើន​ឡើងដល់ ១៦៥១៤​នាក់​នៅ​ជុំវិញ​ពិភពលោក ហើយ​អ្នក​ឆ្លង​មាន​ចំនួន ៣៧៨៨៤៩​ករណី និង​សះស្បើយ ១០២០៦៩​ករណី​។ អ៊ីតាលី​មាន​ករណី​ស្លាប់​ច្រើនជាងគេ​ដល់​ទៅ ៦០០៧​នាក់ ពោលគឺ​លើស​ចិន​ដែលជា​ប្រភព​ជំងឺ​ដល់​ទៅជិត​ពាក់កណ្តាល​៕

Tag:
 IOC
  COVID-19
  Dick Pound
© រក្សាសិទ្ធិដោយ thmeythmey.com