កាលពីថ្ងៃទី២៣ ខែមីនា រដ្ឋមន្ត្រីសុខាភិបាលតួកគី និយាយថា ប្រទេសរបស់លោកកំពុងប្រើប្រាស់ថ្នាំដែលបញ្ជូនមកពីប្រទេសចិនដើម្បីព្យាបាលអ្នកជំងឺCOVID-19 ។ តួកគី ជាប្រទេសមួយដែលរងគ្រោះខ្លាំងគួរសមដោយសារវីរុសប្រភេទថ្មី។
«ចាប់ពីព្រឹកនេះទៅ យើងបាននាំយកថ្នាំពិសេសដែលបញ្ជូនមកពីប្រទេសចិន ដែលគេដឹងថាផ្តល់លទ្ធផលក្នុងការធ្វើឲ្យប្រសើរឡើងនូវការថែទាំអ្នកជំងឺ និងកាត់បន្ថយរយៈពេលព្យបាលពី ១១-១២ថ្ងៃ មកត្រឹម៤ថ្ងៃ»។ នេះជាលើកឡើងរបស់លោករដ្ឋមន្ត្រី Fahrettin Koca ប្រាប់អ្នកសារព័ត៍មាននៅថ្ងៃទី២៣ ខែមីនា។
ចំពោះថ្នាំនេះ លោករដ្ឋមន្ត្រីសុខាភិបាលមិនបានផ្តល់ព័ត៍មានបន្ថែមឡើយ ប៉ុន្តែថ្នាំនេះត្រូវបានគេដឹងថាជាថ្នាំសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ដែលថ្មីៗនេះត្រូវបានយកទៅព្យាបាលអ្នកជំងឺនៅប្រទេសចិន ក៏ដូចជាប្រទេសបារាំង។ នៅចិន ថ្នាំប្រភេទនេះ មានប្រសិទ្ធភាពខ្ពស់ក្នងការព្យាបាលជំងឺ COVID-19 ។
រដ្ឋមន្ត្រីតួកគីរូបនេះ ក៏បានបន្ថែមផងដែរថា ប្រដាប់ធ្វើតេស្តរហ័សចំនួន ៥០,០០០គ្រឿងរបស់ចិនបានមកដល់កាលពីថ្ងៃចន្ទ និងចាប់ផ្តើមប្រើប្រាស់ហើយ ខណៈ ៣០,០០០ទៀត រំពឹងថានឹងមកដល់កាលនៅថ្ងៃទី២៦ ខែមីនា។
រដ្ឋាភិបាលតួកគី និងចិនបានយល់ព្រមចែករំលែកព័ត៍មានស្តីពី COVID-19 ជាមូយគ្នាទៅវិញទៅមកក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺឆ្លងសកលនេះ។
តួលេខនៅថ្ងៃទី២៣ ខែមីនា បានបង្ហាញថា នៅតូកគីអ្នកឆ្លង COVID-19 មានចំនួន ១,៥២៩នាក់ ខណៈអ្នកស្លាប់មានចំនួន ៣៧នាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
បើទោះបីជាមិនបញ្ជាក់ថា ខេត្តណាដែលមានករណីឆ្លងក៏ដោយ រដ្ឋមន្ត្រីសុខាភិបាលតួកគីបានឲ្យដឹងថាករណីឆ្លងមាននៅទៅទាំងប្រទេស។ ដោយមាន ១០ករណីដែលនៅខេត្តដែលជាព្រំដែនជាមួយអ៊ីរ៉ង់។ ក្នុងសន្និសីទសារព័ត៍មាននៅរដ្ឋធានីអង់ការ៉ា លោក Koca លើកឡើងថា បុគ្គលិកសុខាភិបាល៣២,០០០ នឹងត្រូវដាក់ពង្រាយនៅពេលប្រទេសមានវិបត្តិ។ លោកបានបន្ថែមថា ម៉ាស់ដែលផលិតនៅតួកគី និងមិនអនុញ្ញាតឲ្យនាំចេញឡើង ដោយហេតុតែតម្រូវការក្នុងស្រុក។
អាជ្ញាធរតួកគី បានតម្រូវឲ្យមនុស្សវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ សម្រាកនៅផ្ទះ ខណៈទីកន្លែងសាធារណៈមួយចំនួនធំត្រូវបានបិទជាបណ្តោះអាសន្ន៕