COVID-19
អន្តរជាតិ
ករណី​ស្លាប់​ដោយសារ COVID-19 នៅ​ម៉ាឡេស៊ី​ឡើងដល់​១៥​នាក់ ក្រោយ​រកឃើញ ១​ករណី​ទៀត​
24, Mar 2020 , 3:57 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ម៉ាឡេស៊ី នា​ថ្ងៃទី​២៤ ខែមីនា បាន​រាយការណ៍​ពី​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ១​ករណី​ទៀត​។ ករណី​ចុង​ក្រោយនេះ គឺជា​បុរស​ម្នាក់ ដែល​បាន​ឆ្លង COVID-19 ពី​ពិធី​សាសនា​ឥស្លាម​មួយ នាទី​ក្រុង​គូ​ឡា​ឡាំ​ពួ នាពេល​កន្លងទៅ​។​


 
​បើតាម​ការអះអាង​រប​ស់អគ្គ​នាយក​សុខាភិបាល​ម៉ាឡេស៊ី លោក​Noor Hisham Abdullah ករណី​ស្លាប់​ចុងក្រោយ​នេះ គឺជា​បុរស​វ័យ ៧១​ឆ្នាំ ដែល​រស់នៅ​ទីក្រុង Malacca ។ បុរស​រូបនេះ បាន​ឆ្លង COVID-19 បន្ទាប់ពី​ចូលរួម​ពិធី​សាសនា​មួយ នៅ​ព្រះវិហារ​ឥស្លាម Sri Petaling ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ នេះ គឺជា​ករណី​ស្លាប់​ទី​១៥​ហើយ​របស់​ម៉ាឡេស៊ី​។ 
 
​បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​សុខភាព​ម៉ាឡេស៊ី បុរស​វ័យ ៧១​ឆ្នាំនេះ ក៏មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​ខ្លួន​ដែរ និង​បានទទួល​ការព្យាបាល​នៅ​មន្ទី​ពេទ្យ​មួយកន្លែង​ក្នុង​ក្រុង Muar រដ្ឋ Johor  ជាប្រចាំ​។ 
​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ ម៉ាឡេស៊ី បាន​រកឃើញ​អ្នក COVID-19 យ៉ាងគំហុក​។ ភាគច្រើន​នៃ​អ្នកជំងឺ គឺមាន​ទាក់ទង​ទៅនឹង​ពិធី​សាសនា​ឥស្លាម​មួយ ដែល​ប្រារព្ធ​ឡើង​ពី​ថ្ងៃទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា​។ ក្នុង​ពិធី​សាសនា​នេះ គឺមាន​អ្នកចូលរួម​រហូតដល់​ជាង ១៦០០០​នាក់​ឯណោះ និង​មកពី​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​។​
 
​សូមបញ្ជាក់ថា ករណី​ឆ្លង COVID-19 សរុប​នៅ​ម៉ាឡេស៊ី​មាន ១៥១៨​ករណី និង​អ្នកស្លាប់ ១៥​ករណី ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ១៥៩​នាក់​។ ក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងអស់ ម៉ាឡេស៊ី នៅតែមាន​អ្នកជំងឺ​COVID-19 ច្រើនជាងគេ ខណៈ​បណ្តា​ប្រទេស​មួយចំនួន បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស​ជា​បន្តបន្ទាប់​៕

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com