COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA និង WHO ឲ្យ​កីឡាករ​ល្បីៗ​ថត​វីដេអូ​អប់រំ​ពី COVID-19
24, Mar 2020 , 9:19 pm        
រូបភាព
លោក  Tedros Adhanom (ឆ្វេង) ប្រធាន WHO និងលោក Gianni Infantino ប្រធាន FIFA
លោក Tedros Adhanom (ឆ្វេង) ប្រធាន WHO និងលោក Gianni Infantino ប្រធាន FIFA
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង​អង្គការ​សុខភាព​ពិភពលោក (WHO) សហការ​ជាមួយ​កីឡាករ​បាល់ទាត់​ល្បីៗ​មួយចំនួន​ដើម្បី​ថត​វីដេអូ​អប់រំ​យកទៅ​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​ការការពារ និង​ប្រឆាំងនឹង​ជំងឺ​រលាក​សួត COVID-19​។​


 
​តារា​ឆ្មើ​ម Lionel Messi, Gianluigi Buffon, Alisson Becker, Michael Owen និង Gary Lineker ស្ថិតក្នុង​ចំណោម​កីឡាករ កីឡាការិនី​ដែល​បង្ហាញខ្លួន​ក្នុង​វីដេអូ​ពី​វិធីសាស្ត្រ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​ធ្វើតាម​ជំហាន​សំខាន់ៗ​ចំនួន ៥ ដើម្បី​បញ្ឈប់​ការរីក​រាលដាល​នៃ Covid-19 ដែល​បានសម្លាប់​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់​។​
 
​សារ​អប់រំ​ចំនួន ៥ ចំនុច​ដើម្បី​គេច​ផុតពី​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​តម្រូវ​ឲ្យ​កីឡាករ និង​អតីត​កីឡាករ​ទាំង​២៨​នាក់​ថត​ជា​វីដេអូ​នោះ គឺ​ផ្តោតលើ​ការ​លាងដៃ ក្អក​ឬ​ក្រដាស​ត្រូវ​ប្រើ​គន្លាក់​កែងដៃ​ទប់ កុំ​យកដៃ​ទៅ​ប៉ះ​មុខ ត្រូវ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកដទៃ និង​ស្នាក់​នៅផ្ទះ​ប្រសិនបើ​មាន​អា​ការមិន​ស្រួលខ្លួន​។​
 
​លោក Gianni Infantino ប្រធាន FIFA លើកឡើងថា​ចាប់ពីពេលនេះ​ទៅ​គឺត្រូវធ្វើ​ការ​ជា​ក្រុម​តែម្តង​ដើម្បី​ប្រឆាំងនឹង COVID-19​។ កីឡាករ​ល្បីៗ​ទាំង​២៨​នាក់​ខាងលើ នឹងត្រូវ​ថត​រួមគ្នា ហើយ​យកទៅ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​បញ្ជ្រាប​សារ​អប់រំ​មួយ​នេះ​ឲ្យ​បាន​គ្រប់​ទី​កន្លង​។​
 
«FIFA ចាប់​ដៃគូ​ជាមួយ WHO ពីព្រោះ​យើង​ដឹង​ច្បាស់​ថា​សុខភាព​គឺជា​អាទិភាព​ចម្បង​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​សហ​ព័ន្ធ​កីឡាបាល់ទាត់​ទូទាំង​ពិភពលោក​ចូលរួម​ជាមួយ​ពួកយើង​ក្នុងការ​គាំទ្រ​យុទ្ធនាការ​នេះ​ដើម្បី​បញ្ជូន​សារ​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩​ជា​បន្តបន្ទាប់​ទៀត​»​។ លោក Infantino និយាយ​ដូច្នេះ​។ លោក​បន្ថែមថា ការសហការ​ជាមួយ​កីឡាករ​ល្បីៗ​ដើម្បី​ផលិត​ជា​វីដេអូ​នេះ ដ្បិត​ពួកគេ​មាន​អ្នក​ស្រឡាញ់ និង​គាំទ្រ​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។​

 
 
Alisson អ្នកចាំទី Liverpool រួមជាមួយ Messi ខ្សែប្រយុទ្ធ​ឆ្នើម Barcelona និង Samuel Eto’o សុទ្ធតែ​បាន​ណែនាំ​ពី​វិធីសាស្ត្រ​ខាងលើ​មួយ​ចំនុច​រៀងខ្លួន​។ អ្នកចាត់ការ​ទូទៅ Tottenham Hotspur លោក Jose Mourinho ក៏ដូចជា​អតីត​អ្នកចាត់ការ​ទូទៅ Arsenal លោក Arsen Wenger ក៏មាន​វត្តមាន​ក្នុង​វីដេអូ​ខ្លី​នេះដែរ​។​
 
Alisson បាន​ណែនាំ​នៅពេល​ប្រើប្រាស​ដៃ សូម​លាងដៃ​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ​និង​ទឹក ឬ​អាល់កុល​។ Messi ប្រាប់​ឲ្យ​ចៀសវាង​ប៉ះ​មុខ ជាពិសេស​ភ្នែក​ច្រមុះ ឬ​មាត់​ដើម្បី​ការពារ​កុំអោយ​មេរោគ​ចូលក្នុង​ខ្លួន​។ Eto’o រៀបរាប់​ថាបើ​អ្នកមាន​អារម្មណ៍​ថា​មិន​ស្រួលខ្លួន​សូម​នៅផ្ទះ​៕

Tag:
 COVID-19
  FIFA
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com