COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao៖ ខ្ញុំ​មិន​ខ្លាច​ស្លាប់​ឡើយ​ក្នុងការ​ទប់ទល់ COVID-19 នៅ​ហ្វីលីពីន​
24, Mar 2020 , 4:41 pm        
រូបភាព
​ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao អះអាងថា «​មិន​ខ្លាច​ស្លាប់​ទេ​» ក្នុងការ​ចូលរួម​ជួយ​ប្រជាជន​ប្រទេស​ហ្វីលីពីន​ក្នុងពេល​មាន​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ COVID-19​។ ហ្វីលីពីន ជា​ប្រទេស​តំបន់​អាស៊ាន​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ច្រើនជាងគេ​លំដាប់​ទី​ពីរ ដោយមាន​ចំនួន​៣៩​នាក់​។


 
Pacquiao ដែល​សព្វថ្ងៃ​ឈានចូល​ដល់​វ័យ​៤១​ឆ្នាំ បាន​ជាប់ឆ្នោត​ជា​សមាជិកសភា​ហ្វីលីពីន និង​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​នៅ​ឆ្នាំ ២០១០​។ ៦​ឆ្នាំ​ក្រោយមក ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​រូបនេះ ក៏ត្រូវ​បោះឆ្នោត​ជ្រើសរើស​ជា​សមាជិក​ព្រឹទ្ធសភា​មកទល់​បច្ចុប្បន្ន​។​
 
«​ប្រសិនបើ​អ្នកជា​មេដឹកនាំ​អ្នក​ត្រូវតែ​ធ្វើជា​អ្នក​នាំមុខគេ​។ ខ្ញុំ​មិន​ខ្លាច​ស្លាប់​ទេ​ក្នុង​ការជួយ​ប្រជាជន​របស់ខ្ញុំ​។ អ្នក​ត្រូវតែ​ដឹកនាំ​ប្រជាពលរដ្ឋ ហើយ​ឲ្យ​ពួកគេ​ឃើញថា​អ្នក​នៅ​ជាមួយ​ពួកគេ​គ្រប់​កាលៈទេសៈ​។ ខ្ញុំ​ធំធាត់​ពី​គ្រួសារ​ក្រីក្រ ដូច្នេះ​ខ្ញុំ​ដឹងថា​ពួកគេ​មាន​អារម្មណ៍​យ៉ាងម៉េច​នៅពេលនេះ​»​។ Pacquiao រៀបរាប់​ប្រាប់​កាសែត Manila Bulletin ដូច្នេះ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៤ ខែមីនា​នេះ ហ្វីលីពីន​មាន​ករណី​ឆ្លង​ដោយសារ COVID-19 លើសពី​៥០០​នាក់ និង​ស្លាប់​៣៣​នាក់ ហើយ​សះស្បើយ​១៩​ករណី​។ ហ្វីលីពីន​មាន​ចំនួន​អ្នកស្លាប់​ច្រើនជាងគេ​លំដាប់​ទី​ពីរ​សម្រាប់​ប្រទេស​នៅ​អាស៊ាន បន្ទាប់ពី​ឥណ្ឌូណេស៊ី​ដែលមាន​អ្នកស្លាប់ ៤៩​នាក់​។​
 
​យោងតាម​សារព័ត៌មាន ABS-CBN ថ្មីៗ​នេះ Pacquiao បាន​បរិច្ចាគ​ម៉ាស់​ចំនួន ៦​សែន​សន្លឹក​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​នេះ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។ បន្ទាប់មក រូបគេ​ក៏បាន​សហការ​ជាមួយ​មហាសេដ្ឋី​ចិន​លោក ជេ​ក ម៉ា (Jack Ma) ដើម្បី​បរិច្ចាគ​ឧបករណ៍​ធ្វើតេស្ត​រក COVID-19 ចំនួន​៥​ម៉ឺន​គ្រឿង​ថែមទៀត​។​
 
​អំឡុងពេល​ជំងឺ​កំពុង​រាតត្បាត​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក Pacquiao ក៏​ត្រូវបាន​សារព័ត៌មាន​ជាច្រើន​ចុះផ្សាយ​ថា បានបង្ហាញ​ខ្លួន​ជា​សាធារណៈ​ញឹកញាប់​ដើម្បី​ព្យាយាម​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​ហានិភ័យ​នៃ​ការឆ្លង COVID-19 និង​វិធីសាស្ត្រ​ការពារ​ខ្លួន​ទៅកាន់​ប្រជាជន​ហ្វីលីពីន​ផង​។​
 
​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៨ ប្រភេទ​ទម្ងន់​ផ្សេងគ្នា​រូបនេះ នៅតែ​ជាប់​ក្នុង​ចំណាត់ថ្នាក់​អ្នក​ប្រដាល់​ដែល​បើក​ការ​វាយ​សម្រុក​ល្អ​បំផុត​ក្នុងចំណោម​កីឡាករ​ទាំង ១៥ នាក់​លើ​លោក​។ ពីរ​ប្រ​កួច​ចុងក្រោយ​របស់ Pacquiao យកឈ្នះ​កីឡាករ​អាមេរិក Adrien Broner និង Keith Thurman នៅ​ឆ្នាំ​២០១៩៕


Pacquiao អំឡុងប្រជុំព្រឹទ្ធសភាហ្វីលីពីនកន្លងមក


Tag:
 Manny Pacquiao
  COVID-19
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com