COVID-19
ជាតិ
COVID-19៖ និស្សិត​ខ្មែរ​នៅ​អាមេរិក​១២​នាក់ នឹង​វិល​មក​កម្ពុជា​វិញ
24, Mar 2020 , 10:19 pm        
រូបភាព
លោក ជុំ សុន្ទរី ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក
លោក ជុំ សុន្ទរី ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក
​ភ្នំពេញ​៖ សិស្ស​-​និស្សិត​ខ្មែរ​ចំនួន​១២​នាក់ ដែល​សិក្សា​នៅ​អាមេរិក នឹង​ត្រឡប់មក​កម្ពុជា​វិញ ក្រោម​ការសម្របសម្រួល​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ដើម្បី​បង្ការ​ការឆ្លង​ជំងឺ COVID-19 ដែល​កំពុង​កើនឡើង​ខ្លាំង​។​


 
​ស្ថានទូត​ខ្មែរ បាន​បញ្ជាក់ថា ការវិលត្រឡប់​របស់​សិស្ស និង​និស្សិត​ខ្មែរ​ទាំងនេះ ធ្វើឡើង​ស្របពេល​ដែល​សាលារៀន និង​អ្នក​ឧបត្ថម្ភ​កម្មវិធីសិក្សា​ដល់​សិស្ស​កម្ពុជា​មួយចំនួន បានសម្រេច​បញ្ចប់​វគ្គ ឬ​កម្មវិធីសិក្សា ហើយ​តម្រូវឱ្យ​សិស្ស និង​និស្សិត​បរទេស​ទាំងអស់ ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​COVID-19 ក៏ដូចជា​បញ្ចៀស​ការកំណត់​ឃុំខ្លួន​នៅ​មួយកន្លែង និង​ការ​រិត​ត្បិត​សេរីភាព​ដើរហើរ ឬ​បិទ​ជើងយន្តហោះ​ជាដើម​។ 
 
​និស្សិត​ខ្មែរ ដែល​ត្រឡប់មក​កម្ពុជា​វិញ​នេះ គឺ​កាន់​ទិដ្ឋាការ F1 (​សិស្ស​សិក្សា​នៅ​អាមេរិក​) និង J1 (​សិស្ស​ផ្លាស់ប្ដូរ​កម្មវិធីសិក្សា​) នៅ​អាមេរិក ។ អាមេរិក មាន​ករណី COVID-19 ជាង​៤៦,០០០​ករណី ខណៈ​អ្នកស្លាប់​បាន​កើន​ជិត​៦០០​ករណី និង​ជាសះស្បើយ​ជិត​៣០០​នាក់​។ អាមេរិក បាន​ក្លាយជា​ប្រទេស​មាន​កូ​រ៉ូ​ណា​វីរុស​ច្រើនជាងគេ​លំដាប់​ទី​៣ បន្ទាប់ពី​ចិន និង​អ៊ីតាលី​។​
 
​សម្រាប់​សិស្ស​-​និស្សិត ដែល​បាន​ទិញ​សំបុត្រ​យន្តហោះ​រួច ត្រូវ​ទាក់ទង​មក​ស្ថានទូត ឱ្យបាន​មុនពេល​ធ្វើដំណើរ តាមរយៈ​លេខ​ទូរស័ព្ទ ២០២ ៧២៦ ៧៧៤២ , ២០២ ៩៩៧ ៧០៣១ ឬ តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ។ ការណ៍​ផ្ដល់ដំណឹង​មកកាន់​ស្ថានទូត​នេះ ដើម្បី​ស្ថានទូត​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ការពិនិត្យ​សុខភាព និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​សិស្ស​-​និស្សិត​៕

Tag:
 សិស្ស​
  និស្សិត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com