COVID-19
ជាតិ
សេដ្ឋកិច្ច
GMAC៖ ការព្យួរការងារតាមរោងចក្រ គឺដោយសារអឺរ៉ុបនិងអាមេរិក បញ្ឈប់ការបញ្ជាទិញ
24, Mar 2020 , 9:40 pm        
រូបភាព
ភ្នំពេញ៖ ការពន្យាពេលនិងលុបចោលនៃបញ្ជាទិញរបស់អឺរ៉ុបនិងអាមរិច លើវិស័យកាត់ដេរនៅកម្ពុជា គឺដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អះអាងថា មិនទាន់ដឹងពីផលប៉ះពាល់ចំនួនកម្មករឡើយ ប៉ុន្តែបញ្ហានេះ នឹងអាចបន្តរយៈ២ខែទៅមុខទៀត។



លោក កាំង ម៉ូនីកា អគ្គាលេខាធិការរង GMAC ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ថា ឥឡូវនេះ បញ្ហាដែលកំពុងជួបប្រទះក្នុងវិស័យកាត់ដេរនៅកម្ពុជា មិនមែនខ្វះខាតវត្ថុធាតុដើមនោះទេ តែគឺការបញ្ឈប់និងការលុបរាល់ការបញ្ជាទិញពីខាងអឺរ៉ុប អាមេរិក និងកាណាដា។

លោក បន្តថា កម្ពុមជានឹងរងផលប៉ះពាល់មួយផ្នែកធំ។ លោក ថ្លែងដូច្នេះថា៖«បញ្ហាវត្ថុធាតុមិនមែនជាបញ្ហាចោទទៀតទេ ចំណុចបញ្ហាធ្ងន់របស់យើងពាក់ព័ន្ធនឹងទីផ្សារនាំចេញ ដែលនៅទីនោះមានបញ្ហាធ្លាក់ចុះតម្រូវការជាច្រើន ដោយសារគេបិទប្រទេសរបស់គេ បិទផ្សារ ដោយសារការឆ្លងកូវីដ-១៩។ ដល់ពេលអ៊ីចឹង ធ្វើឲ្យតម្រូវការធ្លាក់ចុះខ្លាំង ហើយគេបានប្រាប់មកយើង ឲ្យពន្យារពេលផ្គត់ផ្គង់ទំនិញ ហើយក៏ដូចជាការលុបចោលមួយចំនួនធំនៃការបញ្ជាទិញថ្មីសម្រាប់២ខែចុងក្រោយខាងមុខទៀតនេះ ភាគច្រើនគឺអឺរ៉ុបនិងអាមេរិចជាអ្នកលុបចោល»។

លោក កាំង ម៉ូនីកា មិនទាន់ដឹងទេថា បញ្ហានេះ នឹងប៉ះពាល់ដល់កម្មករនិងរោងចក្រចំនួនប៉ុន្មាន។ ចំពោះការនាំចូលវត្ថុធាតុដើម នឹងមានការកែតម្រូវ ពិសេសនៅរយៈពេល២ខែដំបូងនេះ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ក៏មើលឃើញដូចលោក កាំង ម៉ូនីកា ដែរ គឺអ្នកបញ្ជាទិញ ពន្យាពេលនិងលុបចោលការបញ្ជាទិញ ដោយការផ្ទុះកូវីដ-១៩ នៅអឺរ៉ុប អាមេរិក និង កាណាដា។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ មេសហជីពរូបនេះលើកឡើងថា បើទោះបី ការបញ្ជាទិញនេះ ជាបញ្ហា តែការខ្វះវត្ថុធាតុដើម ក៏ចោទជាបញ្ហាមួយផ្នែកដែរ។ ដើមឡើយបញ្ហាវិស័យកាត់ដេរនេះ គឺបញ្ហាEBA ហើយបន្ទាប់មក វត្ថុធាតុដើម និងអ្នកបញ្ជាទិញ ទាំងអស់នេះ សុទ្ធតែជាបញ្ហាចោទ ក្នុងវិស័យកាត់ដេរ។ យ៉ាងណាក៏ដោយ លោក អាត់ ធន់ ក៏មិនទាន់ដឹងពីទំហំនៃផលប៉ះពាល់ដែរ។

លោក និយាយថា៖«អំឡុងមួយសប្ដាហ៍នេះ ខ្ញុំទទួលបានព័ត៌មានពីអឺរ៉ុបដែរ ពីផ្ទុះកូវីដ-១៩  ហើយលុបចោលការបញ្ជាទិញ។ ហើយការខ្វះវត្ថុធាតុដើមក៏ចូលរួមដែរ ព្រោះយើងខ្វះវត្ថុធាតុដើម ហើយការនាំចូល មិនដល់ពាក់កណ្ដាលផង ហើយផលិតផល ខាងអឺរ៉ុប និងអាមេរិច មិនទិញ គឺបន្ថែមបញ្ហាមួយទៀត។ ហើយបញ្ហា EBA តាំងពីយូរមកហើយ វាប៉ះពាល់ខ្លាំង។ តែឥឡូវបញ្ហាធំជាងនេះ គឺរឿងកូវីដ-១៩ ដោយវាប៉ះពាល់ដល់អាយុជីវិតមនុស្ស ធ្វើឲ្យហាងទំនិញជាច្រើននៅអឺរ៉ុបបិទ»។

សារព័ត៌មានថ្មីៗ មិនអាចសុំការអធិប្បាយជុំវិញវិស័យកាត់ដេរពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានឡើយ ដោយសារលោក មិនទទួលទូរស័ព្ទ៕ 

អត្ថបទទាក់ទង

Tag:
 រោងចក្រ
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com