ជាតិ
ក្រសួងសុខាភិបាល​៖ គ្មាន​ការ​ទទួលស្គាល់ថា​ផលិតផល Chloramine B អាច​សម្លាប់​កូ​រ៉ូ​ណាវី​រុស​នៅឡើយ
24, Mar 2020 , 8:42 pm        
រូបភាព
ប្រអប់វេចខ្ចប់នៃផលិតផលChloramine B ដែលក្រសួងសុខាភិបាល ថាគ្មានលេខបញ្ជិកា និងហាមផ្សព្វផ្សាយលក់
ប្រអប់វេចខ្ចប់នៃផលិតផលChloramine B ដែលក្រសួងសុខាភិបាល ថាគ្មានលេខបញ្ជិកា និងហាមផ្សព្វផ្សាយលក់
ភ្នំពេញ​៖​ផលិតផល Chloramine B ពុំ​អាច​ធានាបាន​គុណភាព សុវត្ថិភាព​បានឡើយ ហើយក៏​គ្មាន​ប័ន​ណា បញ្ជាក់ថា​វា​អាច​សម្លាប់​កូ​រ៉ូ​ណា​វីរុស​បាន​នៅឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​របស់ខ្លួន នា​ល្ងាច​ថ្ងៃទី​២៤ មីនា​នេះ​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ ធ្វើ​ឡើយ​ក្រោយ​ពេលដែល​ផលិតផល Chloramine B ត្រូវគេ​អះអាងថា អាច​សម្លាប់​កូ​រ៉ូ​ណា​បាន ហើយ​ត្រូវបាន​ផ្សាយ​លក់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

 
 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ផលិតផល Chloramine B ដែល​គេ​ផ្សព្វផ្សាយ​លក់​នេះ គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួង​នោះទេ​។ ទន្ទឹមនឹង​ការបញ្ជាក់​បែបនេះ ក្រសួងសុខាភិបាល ក៏បាន​តម្រូវ​ឲ្យ​ម្ចាស់​ផលិតផល បញ្ឈប់​ការផ្សព្វផ្សាយ នាំចូល និង​ចែកចាយ​ផលិតផល Chloramine B ដែល​ខុសច្បាប់​នេះ​។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏​ព្រមាន​ចាត់វិធានការ ចំពោះ​ម្ចាស់​គណនី​ដែល​ផ្សព្វផ្សាយ​លក់ និង​ចែកចាយ​ផលិតផល​នេះ ដោយ​គ្មាន​ការអនុញ្ញាត និង​ទទួលស្គាល​នេះដែរ​។ 
 
​គួរ​ជម្រាបជូន​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៤ មីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ កូ​វីដ​-១៩ ចំនួន ៨៧​នាក់ ក្នុងនោះ​មាននៅ​ព្រះសីហនុ ៣៤​ករណី (​បារាំង​៣១ ខែ្មរ​២, ចិន​១) ភ្នំពេញ ១២​ករណី (​ខ្មែរ​៧, បារាំង​៣, បែលហ្ស៊ិក ១, កាណាដា​១), កំពង់ចាម​១១​ករណី (​ម៉ាឡេស៊ី​៧, អង់គ្លេស​៣, ខ្មែរ​១), បាត់ដំបង​៨​ករណី (​ខ្មែរ​៨), ត្បូងឃ្មុំ ៤ (​ខ្មែរ​៤), កែប ៤ (​ម៉ាឡេស៊ី​៣, ខ្មែរ​១), កំពង់ឆ្នាំង  ៣ (​ខ្មែរ​៣), បន្ទាយមានជ័យ ២​ករណី (​ខ្មែរ​២), ព្រះវិហារ ២​ករណី (​ខ្មែរ​២), កំពត ២​ករណី (​ម៉ាឡេស៊ី​២), សៀមរាប ២​ករណី (​ខ្មែរ​២),​កោះកុង​២​ករណី (​ខ្មែរ​២), កណ្តាល ១​ករណី (​ខ្មែរ​១)​។​
 
​ក្នុងចំណោម​អ្នក​ផ្ទុក​ទាំងអស់ មាន​ខ្មែរ​៣៥​នាក់ (​ស្ត្រី​២​នាក់​), បារាំង​៣៤​នាក់ (​ស្ត្រី​១៨​នាក់​), ម៉ាឡេស៊ី​១២​នាក់​, អង់គ្លេស​៣​នាក់ (​ស្ត្រី​២​នាក់ ក្នុងនោះ​១​នាក់​សះស្បើយ​) កាណាដា​១​នាក់ បែលហ្ស៊ិក​១​នាក់ និង​ចិន​១​នាក់​ដែល​សះស្បើយ​៕
 
 

Tag:
 Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com