COVID-19
អន្តរជាតិ
វៀតណាម សុំការយោគយល់ពីប្រទេសនានាក្នុងការអនុវត្តវិធានការទប់ស្កាត់ Covid-19 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Lê Thị Thu Hằng ក្នុងសន្និសីទសារព័ត៌មានកន្លងមក។ រូបភាព AFP
× រដ្ឋាភិបាលក្រុងហាណូយ បានអះអាងថាការអនុវត្តវិធានការរឹតបន្តឹងលើការការពារ និងទប់ស្កាត់វីរុស Covid-19 កន្លងមក ពុំមានការរើសអើងឡើយ។ ក្រុងហាណូយ បញ្ជាក់ផងដែរថា គ្រប់ការអនុវត្តទាំងអស់ គឺដើម្បីធានាពីសុវត្ថិភាព និងសុខភាពរបស់ប្រជាជនវៀតណាម និងជនបរទេសនៅក្នុងទឹកដីវៀតណាមប៉ុណ្ណោះ។
ឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មាននៅថ្ងៃ២០ ខែមីនា ថាតើមានការើសអើងចំពោះជនបរទេសឬទេក្នុងការអនុវត្តវិធានការ Covid-19 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា គ្រប់ក្រសួង និងរដ្ឋបាលគ្រប់តំបន់របស់វៀតណាម បានអនុវត្តវិធានការដោយយោងតាមបទបញ្ជារបស់រដ្ឋាភិបាល ធ្វើយ៉ាងណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ប្រជាជនវៀតណាម និងជនបរទេសនៅវៀតណាម។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Vietnam News លោកស្រីអ្នកនាំពាក្យ Le Thi Thu Hang បានគូសបញ្ជាក់ថា វិធានការដែលវៀតណាមអនុវត្ត ក៏ឈរលើការវិវត្តនៃវីរុស និងគោលការណ៍សុខភាពអន្តរជាតិ ពោលគឺពុំមានការរើសអើងឡើយ។ លោកស្រី សង្កត់ធ្ងន់ថា ការត្រួតពិនិត្យសុខភាព និងការដាក់ឲ្យនៅដាច់ដោយឡែកលើអ្នកសង្ស័យពីការឆ្លងវីរុស ត្រូវអនុវត្តដូចគ្នា។
ជុំវិញការអនុវត្តវិធានការរឹតបន្តឹងនានាលើជនបរទេស លោកស្រី Le Thi ថ្លែងថា ការអនុវត្តបែបនេះ មិនមែនមានតែវៀតណាមនោះទេ ក៏ប៉ុន្តែបណ្តាប្រទេស និងអធិបតេយ្យរបស់ពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន ក៏បានអនុវត្តស្រដៀងគ្នាដែរ។
ជាមួយនឹងការអះអាងនេះ រដ្ឋាភិបាលវៀតណាម តាមរយៈអ្នកនាំពាក្យរូបនេះ បានសុំការយោគយល់ និងកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេស និងអធិបតេយ្យ ក្នុងការអនុវត្តគោលនយោបាយ និងវិធានការរបស់ខ្លួន ដែលអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការខ្លះជាមួយនឹងដៃគូ។ វៀតណាម ប្តេជ្ញាបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើស្ថានភាព និងផ្លាស់ប្តូរគោលនយោបាយអនុវត្តរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com