ONE Championship
កីឡាជាតិ
ជាតិ
ហេតុអ្វី Jihin Radzuan ស្ទើរតែ​ស្រក់​ទឹកភ្នែក​ពេល​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន ONE?
25, Mar 2020 , 9:19 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​នៅពេល​ឈន​ចូលក្នុង​ការប្រកួត​ដំបូង​នៃ​ព្រឹត្តិការណ៍ ONE Championship នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កីឡាការិនី Jihin Radzuan ឬ «Shadow Cat» បានបង្ហាញ​ភាព​ក្ដុកក្ដួល​ស្ទើរ​ស្រក់​ទឹកភ្នែក​នា​គ្រានោះ​។ កាលនោះ Jihin ទើប​មាន​អាយុ​១៩​ឆ្នាំ និង​បង្ហើប​ថា​ដូចជា​ក្ដី​ស្រមៃ​ដ៏​ធំ​មួយ​ដែល​ប្រកួត​នៅមុខ​ទស្សនិកជន​រាប់ពាន់នាក់​ក្នុង​កម្មវិធី ONE: VISIONS OF VICTORY កាល​ខែមីនា ឆ្នាំ ២០១៨​។ រឹតតែ​មិនអាច​បំភ្លេចបាន​ចំពោះ​អ្វីដែល Jihin ចងចាំ​សម្ដី​គ្រូបង្វឹក​នៅក្រោយពេល​ប្រាប់​ឲ្យ​ប្រើ​បច្ចេកទេស​ប្រកួត​ល្អ​បំផុត​ក្នុង​ជីវិត​របស់ខ្លួន​។​


 
 
«​ខ្ញុំ​ស្ទើរតែ​ស្រក់​ទឹកភ្នែក​នាពេលនោះ​។ ប៉ុន្តែ​ខ្ញុំ​បានគិត​ចំពោះ​អ្វីដែល​គ្រូ​ខ្ញុំ​គាត់​ប្រាប់ (​លោកគ្រូ Melvin Yeoh អតីត​កីឡាករ​របស់ ONE)  ។ គាត់​បាន​ប្រាប់​ខ្ញុំ​នៅក្រោយ​ឆាក​ថា ធ្វើ​អ្វីដែល​ចង់​ធ្វើ គឺត្រូវធ្វើ​វា ប៉ុន្តែ​កុំ​យំ​»​។ Jihin បាន​ថ្លែង​រំលឹក​បែបនេះ​។ 
 
 “Shadow Cat” ជា​កីឡាការិនី​ម្នាក់​លេចធ្លោ​ប្រចាំ​ប្រទេស និង​មានបទពិសោធន៍​គួរសម ហើយ​ដាក់​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​រួមទាំង​ស្មារតី​រឹងប៉ឹង​លើស​ង្វៀន​កម្រិត​ពិភពលោក​មួយ​នេះ​។  “Shadow Cat” បាន​តាំងចិត្ត​ខ្ពស់​នៅមុខ​អ្នកគាំទ្រ​រាប់ពាន់នាក់​។ កីឡាការិនី​ម៉ាឡេស៊ី​រៀបរាប់​បន្ត​៖«​វា​ជាស​ង្វៀន​ដ៏​ធំ  ជាទី​លាន​ប្រកួត​ធំ ហើយ​ខ្ញុំ​អន្ទះអន្ទែង​ប​និ្ត​ច​ពេល​ឡើង​សង្វៀន​នេះ​។ ខ្ញុំ​អាច​គ្រប់គ្រង​ខ្លួនឯងបាន​។ ខ្ញុំ​មាន​មោទនភាព​ក្នុងនាម​ជា​ជនជាតិ​ម៉ាឡេស៊ី និង​ប្រកួត​តំណាង​ឲ្យ​ម៉ាឡេស៊ី​។ ខ្ញុំ​ជា​កីឡាការិនី​ទី​៣​របស់​ម៉ាឡេស៊ី​ដែល​ប្រកួត​នៅ ONE Championship​។ ខ្ញុំ​មាន​មោទនភាព​ណាស់​»​។ 


 
​រូបគេ​ប្រកួត​ដំបូង​នៅ​សង្វៀន ONE ប៉ះ កីឡាការិនី​ឥណ្ឌា  Puja “The Cyclone” Tomar ដែលមាន​បទពិសោធន៍​ក្នុង​ក្បាច់គុន​ចម្រុះ​ច្រើនជាង​ខ្លួន​ព្រោះ​កីឡាការិនី​ឥណ្ឌា​មាន​ជំនាញ​វូ​ស៊ូ និង ឈ្នះ​ជើងឯក​ច្រើនដង​ទៀតផង​។ Jihin នៅតែមាន​ទំនុកចិត្ត និង​អនុវត្តន៍​ផែនការ​បានល្អ​ទោះ Tomar មាន​ពិសោធន៍​ច្រើនជាង​ក្ដី​។ Jihin សង្កត់ធ្ងន់ ៖«​ខ្ញុំ​និង​គ្រូ​របស់ខ្ញុំ បានរៀបចំ​ផែនការ​ប្រយុទ្ធ​ដោយ​ក្បាច់​ជើង ប៉ុន្តែ​បញ្ចប់​ទៅដោយ​មិនបាន​តាម​ផែនការ​។ ព្រោះ​អ្នក​រាល់គ្នា​បានដឹងហើយថា Tomar ពូកែ​ទាត់ ហើយ​ខ្ញុំ​ព្យាយាម​គេច​។ ដូច្នេះ​ខ្ញុំ​ប្ដូរ​ទៅ​ផ្ដួល​លើ​ក្ដារ​រេញ​វិញ និង ព្យាយាម​ប្រើ​ក្បាច់​បញ្ចប់​ដោយ​គាប​ដៃ​។ ម្ចាស់​ថ្លៃ​អើយ​! គេ​ខ្លាំងណាស់​»​។ 
 
​ទោះជា​លំបាក​បន្តិច ប៉ុន្តែ Jihin បាន​អរគុណ​ដល់​អ្នក​ឲ្យ​ទឹក​មកពី​ក្លិប Ultimate MMA Academy​។ កីឡាការិនី​រូបនេះ​ផ្ដោតលើ​ផែនការ និង សម្រប​ខ្លួន​បានល្អ​នា​ទឹក​ទី​២​។  Jihin បន្ថែម​បែបនេះ ៖«​គាត់​ប្រាប់​ខ្ញុំ​ឲ្យ​ប្ដូរ​ក្បាច់​ទៅ​ប្រកួត​ជំហរ​ដេក​វិញ​នៅ​ទឹក​ទី​២​។ ពេល​ចូល​អន្ទាក់​ហើយ​ខ្ញុំ​បាន​គាប​ដៃ​ជា​រាង​ត្រីកោណ​។ ខ្ញុំ​ត្រូវតែ​បញ្ចប់​បែបនេះ​។ ហើយ​ខ្ញុំ​មិន​ចង់​ប្រកួត​ទឹក​ទី​៣​ទេ​។ ទីបំផុត Tomar ទះដៃ​សុំ​ចុះចាញ់​»​។ 
 
​គ្រានោះ​ពេល Tomar សុំ​ចុះចាញ់ អ្នកគាំទ្រ​នៅ​សង្វៀន Axiata Arena ក៏​ផ្ទុះ​ការ​ហ៊ោកញ្ជ្រៀវ​ឡើង​។ ពេល​ប្រកាសថា​ឈ្នះ​លើ​ការប្រកួត​ភ្លាម Jihin ស្ទើរ​ស្រក់​ទឹកភ្នែក​ដោយសារតែ​រំភើប​ពេក​ក្នុង​ប្រកួត​ដំបូង​។ 
 
​នៅពេល​ឡើង​ប្រកួត​ជា​បន្តបន្ទាប់ Jihin មាន​ការគិត​ផ្លាស់ប្ដូរ​ខ្លះ និង​ខិតខំ​ហ្វឹកហាត់​ធ្វើ​ឲ្យ​ខ្លួនឯង​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយ​ថៃ​។ កីឡាការិនី​វ័យ​២១​ឆ្នាំ​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​ក្នុងស្រុក​និង​អន្តរជាតិ​គូសបញ្ជាក់​ទៀ​ថា​៖«​ខ្ញុំ​មិនទាន់​ពេញ​ចំពោះ​ការប្រកួត​របស់ខ្ញុំ​នោះទេ​។ ខ្ញុំ​គួរតែ​ធ្វើបាន​ល្អ​ជាង​ហ្នឹង​។ ប៉ុន្តែ​ខ្ញុំ​នឹង​បំពេញ​ចន្លោះប្រហោង​ក្នុងការ​ប្រកួត​លើក​ក្រោយ​»៕ 



© រក្សាសិទ្ធិដោយ thmeythmey.com