ជាតិ
លោក ហ៊ុន ម៉ា​នី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​អាជ្ញាធរ​ដើម្បី​ប្រឆាំង​កូ​វីដ​-១៩
24, Mar 2020 , 10:23 pm        
រូបភាព
​ក្នុង​រយៈពេល​១​សប្តាហ៍ លោក ហ៊ុន ម៉ា​នី បាន​ផ្ញើ​សារ​២​ដង​ទៅកាន់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ សារ​ចុងក្រោយ ដែល​ត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយ​ប់​ថ្ងៃទី​២៤​ខែមីនា​នេះ លោក ហ៊ុន ម៉ា​នី សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​អនុវត្តតាម​វិធានការ​របស់​អាជ្ញាធរ និង​រួបរួមគ្នា​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញទៅមក​។​

 
​ជ័យជម្នះ​មួយ​ដែល​អាច​ឆ្លង​ផុតពី​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ដោយ​ពួកគេ​ត្រូវ​ស្តាប់​តាម​ការណែនាំ និង​អនុវត្តតាម​វិធាន​ចាំបាច់​នានា​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​ផ្សព្វផ្សាយ​។ នេះ​ជា​សារ​របស់លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ដែល​លោក​បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ផ្ញើ​ទៅ​ជនរួមជាតិ​របស់លោក​។​
 
​សម្រាប់​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ការយកចិត្តទុកដាក់​របស់​រដ្ឋាភិបាល និង​ការចូលរួម​របស់​ពល​រដ្ឋ​គ្រប់រូប បង្ហាញ​ពី​ភាព​ក្លៀវក្លា រឹងប៉ឹង និង​ក្តីសង្ឃឹម​មួយ​ផង​។​ លោក ហ៊ុន ម៉ា​នី បាន​សរសេរ​បែប​លើកទឹកចិត្ត​យ៉ាង​ដូច្នេះ​ថា​៖«​ការចូលរួម​យ៉ាង​គត់​មត់​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុងការ​ការពារ​ខ្លួន និង​ក្រុមគ្រួសារ និង​ការបន្ត​តាមដាន អនុវត្ត​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា ដែល​ដាក់ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច កំពុង​ក្លាយទៅជា​ក្តីសង្ឃឹម​ថ្មី​មួយទៀត ដែលថា​យើងទាំងអស់គ្នា​ពិតជា​នឹង​អាច​ឆ្លង​ផុតពី​គ្រា​លំបាក​នេះ​ជាក់​ជាមិនខាន​។​»​
 
​នាពេលនេះ កម្ពុជា​កំពុង​ទទួលរង​នូវ​ការឆ្លង​ជំងឺ កូ​វីដ​-១៩ ដែល​ភាគច្រើន​ជា​ករណី​នាំចូល (​ឆ្លង​ពី​ក្រៅប្រទេស ហើយ​រកឃើញ​នៅ​កម្ពុជា​)​។ ចុងក្រោយ​នេះ ការវិលត្រឡប់​នៃ​ពលករ​ពល​ការិនី​ខ្មែរ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ មក​ក្នុងប្រទេស​កម្ពុជា​នោះ បានធ្វើ​ឱ្យមាន​ការបារ​ម្ភ​ខ្លាំង​អំពី​ការឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ ឬ​អាចជា​ការឆ្លង​បែប​សហគមន៍​ទៀតផង​។​
​ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី លោក ហ៊ុន ម៉ា​នី នៅតែ​ផ្ញើ​សារ​បែប​សុទិដ្ឋិនិយម​។ លោក ហ៊ុន ម៉ា​នី សរសេរ​ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖«​ទោះ​ក្នុង​កាលៈទេសៈ​នោះ​ក្តី ក៏​យើង​មិនត្រូវ​អស់សង្ឃឹម​ឡើយ​។ ហើយ​នេះ​ក៏​មិនមែនជា​ពេលវេលា​ដែល​យើង​ត្រូវ​រើសអើង​ដែរ​។ ផ្ទុយទៅវិញ វា​ជា​ពេលវេលា​ដែល​ត្រូវ​រួមគ្នា ផ្តល់​ការលើកទឹកចិត្ត និង​សេចក្តីស្រឡាញ់ និង​រួមគ្នា​ដើម្បី​យើង​ឆ្លង​ផុត​គ្រា​លំបាក​នេះ​»​។​
 
​កាលពីពេល​ថ្មីៗ​នេះ លោក ហ៊ុន ម៉ា​នី ក៏បាន​សរសេរ​សារ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​មិនឱ្យ​មាន​អារម្មណ៍​រើសអើង​ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ ដែរ ដោយសារតែ​ការភ័យខ្លាច និង​បារម្ភ​ជ្រុល​នោះឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com