COVID-19
ជាតិ
COVID-19៖ អាមេរិក២នាក់ និងអង់គ្លេស២នាក់តេស្តវិជ្ជមាននៅកំពង់ចាម សរុប៩១នាក់នៅកម្ពុជា
× កម្ពុជារកឃើញអ្នកឆ្លងជំងឺ COVID-19 បន្ថែម ៤ករណីទៀត ដែលធ្វើឲ្យតួលេខឆ្លងសរុបនៅកម្ពុជាកើនឡើងដល់៩១ករណី។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ មីនានេះ។ ករណីឆ្លងទាំង៤ករណីនេះ គឺជាជនជាតិអង់គ្លេស២នាក់ និងជនជាតិអាមេរិក២នាក់ ដែលជាអ្នកដំណើរនៅលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ ជាមួយគ្នានេះ ក្រសួងក៏ប្រកាសពីករណីសះស្បើយ៤ករណីបន្ថែមទៀតផងដែរ។
ករណីថ្មីទាំង៤សុទ្ធតែជាអ្នកដំណើរចុងក្រោយលើនាវា Viking Cruise Journey ដែលមានប្រភពពីក្រុងហូជីមិញ ហើយសំចតនៅខេត្តកំពង់ចាម។ អ្នកជំងឺមាន បុរសអង់គ្លេសអាយុ៦១ឆ្នាំ ស្ត្រីអង់គ្លេសអាយុ៧៩ឆ្នាំ បុរសអាមេរិកអាយុ៥៩ឆ្នាំ និងបុរសអាមេរិកអាយុ៦២ឆ្នាំ។
ស្របពេលជាមួយគ្នា ក្រសួងបានប្រកាសពីករណីសះស្បើយ៤បន្ថែមទៀត ដោយ២នាក់នៅត្បូងឃ្មុំ ដែលមានបុរសអាយុ៦១ឆ្នាំ និង៥៣ឆ្នាំ និង២ករណីទៀតនៅបាត់ដំបង គឺបុរសអាយុ៤១ឆ្នាំ និង៤២ឆ្នាំ។ ពួកគាត់បានចេញពីមន្ទីរពេទ្យហើយ។
គួរជម្រាបជូនថា គិតត្រឹមល្ងាចថ្ងៃទី២៤ មីនានេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺ កូវីដ-១៩ ចំនួន ៩១នាក់ ក្នុងនោះមាននៅព្រះសីហនុ ៣៤ករណី (បារាំង៣១ ខែ្មរ២, ចិន១) ភ្នំពេញ ១២ករណី (ខ្មែរ៧, បារាំង៣, បែលហ្ស៊ិក ១, កាណាដា១), កំពង់ចាម១៥ករណី (ម៉ាឡេស៊ី៧, អង់គ្លេស៣,អាមេរិកាំង២,អង់គ្លេស២, ខ្មែរ១), បាត់ដំបង៨ករណី (ខ្មែរ៨), ត្បូងឃ្មុំ ៤ (ខ្មែរ៤), កែប ៤ (ម៉ាឡេស៊ី៣, ខ្មែរ១), កំពង់ឆ្នាំង ៣ (ខ្មែរ៣), បន្ទាយមានជ័យ ២ករណី (ខ្មែរ២), ព្រះវិហារ ២ករណី (ខ្មែរ២), កំពត ២ករណី (ម៉ាឡេស៊ី២), សៀមរាប ២ករណី (ខ្មែរ២),កោះកុង២ករណី (ខ្មែរ២), កណ្តាល ១ករណី (ខ្មែរ១)។ អ្នកជាសះស្បើយសរុប៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com