COVID-19
អន្តរជាតិ
អ៊ីរ៉ង់ បដិសេធជំនួយបរទេស ខណៈអ្នកស្លាប់ដោយសារ COVID-19 មានជិត ២ពាន់នាក់
25, Mar 2020 , 1:00 pm        
រូបភាព
រូបពី AFP
រូបពី AFP
មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់នាថ្ងៃទី២៤ ខែមីនា បានទាត់ចោលជំនួយបរទេសមួយ មានមូលដ្ឋាននៅក្នុងប្រទេសបារាំង ដែលមានបំណងជួយអ៊ីរ៉ង់ក្នុងការទប់ស្កាត់ករណីស្លាប់នៅក្នុងប្រទេស ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។



គិតត្រឹមថ្ងៃទី២៤ ខែមីនា អ៊ីរ៉ង់មានតួលេខអ្នកស្លាប់ដោយសារ COVID-19 សរុបជិត ២ពាន់ករណី ខណៈប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ មានករណីសរុបCOVID-19 លើសពី ២ម៉ឺនករណី។ ដើម្បីជួយដោះស្រាយបញ្ហា និងកាត់បន្ថយចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បានគ្រោងបញ្ជូនក្រុមគ្រូពេទ្យមួយក្រុម (សមាជិក ៩នាក់) សម្ភារមួយចំនួន និងគ្រែអ្នកជំងឺចំនួន ៥០។

ពាក់ព័ន្ធនឹងរឿងជំនួយនេះ លោក Alireza Vahabzadeh ទីប្រឹក្សារដ្ឋមន្រ្តីសុខាភិបាល បានបញ្ជាក់ថា អ៊ីរ៉ង់បានរៀចចំរួចរាល់ហើយ ក្នុងការប្រយុទ្ធប្រឆាំងជាមួយCOVID-19 ចំណែកកងកម្លាំងយោធាទៀតសោត ក៏មានសមត្ថភាពប្រើប្រាស់ប្រព័ន្ធវេជ្ជសាស្រ្តរបស់ខ្លួនយ៉ាងត្រឹមត្រូវដែរ។ អ៊ីរ៉ង់មិនត្រូវការឡើយ ជំនួយរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែន ចំណែកវត្តមានរបស់ក្រុមគ្រូពេទ្យ ក៏មិនត្រូវឲ្យមានឡើយនៅលើទឹកដីអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ការបដិសេធរបស់មន្រ្តីអ៊ីរ៉ង់នៅពេលនេះ ធ្វើឡើងដោយទំនងជាសង្ស័យថា ក្រុមគ្រូពេទ្យ ដែលបញ្ជូនមកអ៊ីរ៉ង់ អាចជាចារកិច្ចរបស់បរទេស។ កន្លងទៅ អ៊ីរ៉ង់  ក៏បដិសេធសំណើរបស់អាមេរិកដែលចង់ជួយដោះស្រាយបញ្ហា COVID-19 នេះដែរ។

សូមបញ្ជាក់ថា តាមរយៈចំណាត់ការរបស់អ៊ីរ៉ង់ ក្នុងការទប់ស្កាត់ COVID-19 នាពេលកន្លងមក អាជ្ញាធរ បានអំពាវនាវឲ្យប្រជាជនស្នាក់នៅផ្ទះបណ្តោះអាសន្ន មន្រ្តីរាជការត្រូវធ្វើការនៅផ្ទះ ការបិទសាលារៀន ទីសាធារណៈ និងវិធានការមួយចំនួន៕

Tag:
 អ៊ីរ៉ង់
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com