COVID-19
ជាតិ
COVID-19៖ ពេទ្យ​ខេត្តសៀមរាប​ឱ្យ​បុរស​ខ្មែរ​២​នាក់ ដែល​ទើប​មកពី​ម៉ាឡេស៊ី​ទៅផ្ទះ​វិញ ក្រោយ​តេស្ដ​អវិជ្ជមាន​២​លើក​
25, Mar 2020 , 1:56 pm        
រូបភាព
រូបពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
រូបពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
សៀមរាប​៖ បុរស​ជនជាតិខ្មែរ​២​នាក់ ដែលមាន​ប្រវត្តិ​ទៅ​ចូលរួម​ពិធីបុណ្យ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ ក្រោយ​តាមដាន​សុខភាព និង​ធ្វើតេស្ដ​អវិជ្ជមាន​ចំនួន​២​លើក​។ យ៉ាងណា អ្នក​ទាំង​២​ត្រូវ​បានផ្តល់​ប្រឹក្សា​ឱ្យ​បន្ត​តាមដាន​សុខភាព​នៅផ្ទះ​រៀងៗ​ខ្លួន​។​



​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី​២៥ មីនា​ថា បុរស​ជនជាតិខ្មែរ​ដែ​ល​មានការ​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ពី​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃទី​២៥​នេះ​។ លោក ក្រុស សារ៉ាត់ ពន្យល់ថា បុរស​ទាំង​២​មាន​សុខភាព​ធម្មតា ហើយ​បើ​រាប់​ចាប់ពី​ថ្ងៃទី​៣ ពេល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី គឺមាន​រយៈពេល​២១​ថ្ងៃ​ហើយ ដូច្នេះ​អ្នក​ទាំង​២​ពិតជា​គ្មាន​ជំងឺ​កូ​វីដ​១៩​ឡើយ​។

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បញ្ជាក់ថា​៖« ក្រុមគ្រូពេទ្យ​បានផ្តល់​ប្រឹក្សា​យោបល់ និង​ឱ្យធ្វើ​អ្វី​ទៅតាម​ការណែនាំ​ពី​គ្រូពេទ្យ ជា​លក្ខណៈពិសេស​គឺ​ការធ្វើ​តេស្ដ​ត្រួតពិនិត្យ​២​លើក លទ្ធផល​អវិជ្ជមាន ចឹ​ង​មានន័យថា ពួកគាត់​អត់​មាន​មេរោគ​ទេ​។ តាមពិត យើង​គួរតែ​ឱ្យ​គាត់​ត្រឡប់ទៅផ្ទះ​តាំងពី​ថ្ងៃ​ដំបូង (​លទ្ធផល​តេស្ដ​) តែ​ខ្ញុំ​ចេះតែ​ខ្លាច បារម្ភ ដូច្នេះ​រយៈពេល​មួយ​សប្ដាហ៍​នេះ​គឺ​យើង​ធ្វើការ​យ៉ាង​ហ្មត់ចត់​បំផុត​»​។​

​គួរ​បញ្ជាក់ថា បុរស​ជនជាតិខ្មែរ​ខាងលើ ត្រូវបាន​យកទៅ​ធ្វើតេស្ដ​រក​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​១៦ មីនា បន្ទាប់ពី​ពួកគេ​វិលត្រឡប់​ពី​ចូលរួម​បុណ្យ​សាសនា​ដ៏​ធំ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​៣ មីនា​៕


© រក្សាសិទ្ធិដោយ thmeythmey.com