អត្ថបទពាណិជ្ជកម្ម
ក្រុមគ្រូពេទ្យ​ចិន​បានមក​ដល់ទី​ក្រុងភ្នំពេញ ដើម្បី​ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩
25, Mar 2020 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃទី​២៣ នេះ ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ជនជាតិ​ចិន​ប្រឆាំង នឹង​ការឆ្លង​រា​ត ត្បា​តនៃ​ជំងឺ​កូ​វីដ​១៩ ចំនួន​៧​នាក់ បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​បាន​នាំមក​ជាមួយ​នូវ​ជំនួយ​ចំនួន ៨,១​តោន រួមមាន​ជា ម៉ាស​វេជ្ជសាស្ត្រ​, ម៉ាស N95, សម្លៀកបំពាក់​ការពារ​វីរុស​, ទែ​ម៉ូ​ម៉ែត្រ និង​សម្ភារ​ផ្សេងៗ​ទៀត​យ៉ាងច្រើន ជូន​ដល់​ភាគី​កម្ពុជា​។​
 
​នា​ព្រឹក​នោះ​ផងដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​មក​ទទួល​ដំណើរ​អ្នកជំនាញ​វេជ្ជសាស្ត្រ ដែល​អញ្ជើញ​មកពី​ប្រទេស​ចិន ។ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖«​នេះ​គឺជា​ការបង្ហាញឱ្យឃើញ នូវ​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​ចិន ដោយ​សាមគ្គីភាព និង​ភាតរភាព​។ ប្រទេស​ចិន មានបទពិសោធន៍​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ការ​រាតត្បាត​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ ដូចនេះ​បុគ្គលិក​ពេទ្យ​របស់​យើង នឹង​រៀនសូត្រ​ពី​អ្នកជំនាញ​ចិន​។ ក្នុងនាម​ជា​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ដែល​បាន​អញ្ជើញ​មក​កម្ពុជា​»​។​
 
​នេះ​គឺជា​ក្រុមគ្រូពេទ្យ​ប្រឆាំង នឹង​ការឆ្លង​រាលដាល​ដំបូង​គេ ដែល​ចិន​បាន​បញ្ជូន​មកកាន់​ប្រទេស​អាស៊ាន​។ ក្រុម​អ្នកជំនាញ​ទាំងអស់នេះ ត្រូវបាន​បង្កើតឡើង ដោយ​គណៈកម្មាធិការ​ជាតិ និង​សុខភាព​ចិន នឹងត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មាធិការ​សុខាភិបាល និង​សុខភាព​នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ដែល​គ្របដណ្តប់​លើ​ជំនាញ​រួមមាន​៖ ការការពារ​នឹង​ការ​រាតត្បាត ការធ្វើ​រោគវិនិច្ឆ័យ និង​ការធ្វើ​តេស្ត ក្នុង​មន្ទីរពិសោធន៍​ជាដើម​។ 


 
​លោក Ai Xiang ប្រធាន​ក្រុម​ជំនាញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ភារកិច្ច​ចម្បង​របស់​ក្រុមគ្រូពេទ្យ​យើង គឺ​ដើម្បី​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍ ក៏ដូចជា​ការណែនាំ​ដល់​ការការពារ និង​ការត្រួតពិនិត្យ​ការ​រាតត្បាត ការព្យាបាល​អ្នកជំងឺ​កម្រិត​ស្រាល និង​មធ្យម និង​ការងារ​មន្ទីរពិសោធន៍​ផងដែរ ព្រមទាំង​ផ្តល់​ជាការ​ណែនាំ និង​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត ដល់​ស្ថានទូត​ចិន សហគ្រាស និស្សិត និង​ជនជាតិ​ចិន​ទាំងអស់​ប្រចាំ​នៅ​កម្ពុជា​។​
 
​លើសពីនេះទៅទៀត លោក Ai Xiang ប្រធាន​ក្រុម​ជំនួយ​វេជ្ជសាស្ត្រ​ចិន​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ Huawei Cloud Welink ពិតជា​បាន​ជួយ​ដល់​ក្រុមគ្រូពេទ្យ​ចិន​នៅ​កម្ពុជា ដោយ​ការភ្ជាប់​ទំនាក់ទំនង​គ្នា តាមរយៈ​សន្និសីទ​វីដេអូ​ជាមួយនឹង​គណៈកម្មាការ​សុខាភិបាល និង​អ្នកជំនាញ​នៃ​មន្ទីរពេទ្យ​ក្នុងប្រទេស​ចិន ក្នុងការ​ចែករំលែក​ព័ត៌មាន ការបែងចែក​ការងារ ជាពិសេស​ចំណេញ​ពេលវេលា ក្នុង​ការងារ​បង្ការ​កា​រ​រីក​រាលដាល​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ ការងារ​ប្រយុទ្ធប្រឆាំង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​»​។​
 
​លោក Wang Wentian បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ង​ហួ​ថា​៖«​ប្រទេស​ចិន និង​កម្ពុជា គឺជា​សហគមន៍​ដែល​រួម​ជោគវាសនា​តែមួយ នៅក្នុង​គ្រា​លំបាក​បំផុត នៃ​ការតស៊ូ​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​របស់​ប្រទេស​ចិន ប្រទេស​កម្ពុជា ក៏បាន​ប្រកាន់​ជំហរ​ដ៏​រឹងមាំ​ជាមួយ​យើង និង​ជម្នះ​រាល់​ការលំបាក​ជាមួយគ្នា​។ ដូចនេះ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នឹង​តាមដាន​យ៉ាង​ដិតដល់ និង​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយ​មន្ទីរ​សុខាភិបាល​កម្ពុជា​ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នៅ​កម្ពុជា​។ យោងតាម​តម្រូវការ​នៃ​ការការពារ ការ​រាតត្បាត​នៅ​កម្ពុជា ប្រទេស​ចិន នឹង​បន្ត​ផ្តល់ជំនួយ​ជា​សម្ភារ​ចាំបាច់​និង​ការគាំទ្រ​ខាង​វេជ្ជសាស្ត្រ​នាពេល​អនាគត ហើយ​វិធានការ​ទាំងអស់នេះ នឹង​ជួយ​លើកកម្ពស់​សមត្ថភាពរ​បស់​ប្រទេស​កម្ពុជា ក្នុងការ​ការពារ និង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​»​។ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com