COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​អូឡាំពិក​ធ្លាប់​លុបចោល​៣​លើក​ដោយសារ​សង្គ្រាម តែ​លើក​នេះ ត្រូវ​ពន្យារ​ដោយសារ​រោគរាតត្បាត​
25, Mar 2020 , 3:42 pm        
រូបភាព
​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ ត្រូវបាន​ពន្យារពេលរ​យៈ​មួយឆ្នាំ ពោលគឺ​ត្រូវធ្វើ​នៅ​ឆ្នាំ​២០២១​វិញ ដោយសារ​ឥទ្ធិពល​នៃ COVID-19​។ មិនមែនជា​លើកទីមួយ​ឡើយ ដែល​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក ត្រូវ​ផ្អាក​នោះ​។ អូឡាំពិក​រដូវក្តៅ ធ្លាប់​លុបចោល​ទាំងស្រុង​ចំនួន ៣ លើក​រួចមកហើយ ប៉ុន្តែ​គឺ​ដោយសារ ការផ្ទុះ​ឡើង​នៃ​សង្គ្រាមលោក​។​

 
​ព្រឹត្តិការណ៍​អូឡាំពិក បាន​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ​១៨៩៦ នាទី​ក្រុង​អា​តែ​ន ប្រទេស​ក្រិ​ក​។ ចាប់តាំងពី​ដំណើរការ ប្រកួត​រយៈពេល​ជាង​១០០​ឆ្នាំ​មក កីឡា​លំដាប់​ពិភពលោក ដែល​ធ្វើឡើង​រៀងរាល់ ៤​ឆ្នាំ​ម្តងនេះ​ធ្លាប់​ផ្អាក​ចំនួន​៣​លើក​រួចមកហើយ​។​
 
​មូលហេតុ​នៃ​ការផ្អាក​ទាំងបី​លើក​កន្លងមក គឺ​ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​សង្គ្រាមលោកលើកទី​១ និង​លើក​ទី​ពីរ ពោលគឺ​ក្នុង​ឆ្នាំ ១៩១៦ (​ក្រុង​ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់​), ១៩៤០ (​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​) និង​១៩៤៤ (​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​)​។​


 
​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត នៅ​ថ្ងៃទី ៤ ខែកក្កដា​ឆ្នាំ ១៩១២ ព្រឹត្តិការណ៍​អូឡាំពិក​លើក​ទី ៦ ត្រូវបាន​ប្រគល់ជូន​ទី​ក្រុង​បែរ​ឡាំង​របស់​អាល្លឺម៉ង់​តាមរយៈ​ការ​ឈ្នះ​ការបោះឆ្នោត​ជាមួយ​ប្រទេស​ចំនួន​៥​ផ្សេងទៀត​។​
 
​ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ អាល្លឺម៉ង់​ចាប់ផ្តើម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ កីឡដ្ឋាន និង​ទីលាន​ប្រកួត​ជាច្រើន​ដូចជា​អាង​ហែល​ទឹក វាយកូនគោល បាញ់កាំភ្លើង ប៉េតង់ និង​តារាង​ជិះ​កង់​ជាដើម​។​
 
​បន្ទាប់ពី​សង្គ្រាមលោកលើកទី​១ (World War I) បាន​ផ្ទុះឡើង​នៅ​ខែកក្កដា ឆ្នាំ ១៩១៤ អាល្លឺម៉ង់​នៅតែ​បន្ត​ការរៀបចំ​របស់ខ្លួន ខណៈ​ការប្រកួត​នឹង​ឈាន​មកដល់​នៅ​រយៈពេល​ពីរ​ឆ្នាំ​ទៀត​។ យ៉ាងណា អ្វីៗ​មិនបាន​ដូច​កាល​គ្រោងទុក​ឡើយ សង្គ្រាម​ដ៏​គួរ​ឲ្យ​រន្ធត់​បាន​បន្ត​រហូតដល់​ឆ្នាំ ១៩១៨ ដែល​បង្ខំ​ឲ្យ​អាល្លឺម៉ង់​លុបចោល​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ឆ្នាំ ១៩១៦ តែម្តង​។​


 
​ឆ្នាំ ១៩២០, ១៩២៤, ១៩២៨, ១៩៣២ និង ១៩៣៦ កីឡា​អូឡាំពិក​បាន​ដំណើរការ​ជាធម្មតា​។ ប៉ុន្តែ ២៤​ឆ្នាំក្រោយ ពោលគឺ​ចូលដល់​ឆ្នាំ ១៩៤០ ដែល​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ឈ្នះ​សិទ្ធិ​រៀប​ព្រឹត្តិការណ៍​នេះ ត្រូវបាន​លុបចោល​ជាថ្មី​ម្តងទៀត​។​
 
​ជា​ការពិត​បន្ទាប់​ពីស​ង្គ្រា​ម​លោក​លើក​ទី​២ (World War II) បាន​ផ្ទុះឡើង​នៅ​ខែកញ្ញា ឆ្នាំ ១៩៣៩ តាមរយៈ​ការ​លុកលុយ​របស់​អាល្លឺម៉ង់​លើ​ប្រទេស​ប៉ូឡូញ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​១៩៤០ ត្រូវបាន​លុបចោល​ទាំងស្រុង​។ យ៉ាងណា ក្រុង​តូ​ក្យូ​មានឱកាស​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​នៅ​រដូវក្តៅ​ម្តងទៀត​នៅ​ឆ្នាំ ១៩៦៤ និង​ជា​ប្រទេស​អាស៊ី​ដំបូង​គេ​ដែល​ទទួល​សិទ្ធិ​រៀបចំ​កីឡា​នេះ​។​


កីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុងឡូងដ៍
 
​ដោយសារ​ឥទ្ធិពល​នៃ​សង្គ្រាមលោកលើកទី​២ ដែល​អូសបន្លាយ​តាំងពី​ឆ្នាំ​១៩៣៩ ក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​ដែល​ត្រូវ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​ឆ្នាំ​១៩៤៤ ក៏ត្រូវ​លុបចោល​ដូចគ្នា​។ យ៉ាងណាក៏ដោយ ក្រុង​ឡុង​ដ៍​នៅតែ​ទទួលបាន​សិទ្ធិ​រៀបចំ​កីឡា​នេះ​នៅ​ឆ្នាំ ១៩៤៨ ក្រោយពី​សង្គ្រាម​បាន​ថមថយ​ទៅវិញ​។​
 
​នៅ​ឆ្នាំ ២០២០ ក្រុង​តូ​ក្យូ ដែល​បាន​សិទ្ធិ​រៀបចំ​អូឡាំពិក​ជា​លើក​ទី​២ ក៏ត្រូវ​ជួប​គ្រោះ​ម្តងទៀត គឺ​សង្គ្រាម​ជំងឺឆ្លង​ដ៏​កាច​សាហាវ​ឈ្មោះថា COVID-19​។ ក្នុងដំណាក់កាល​ដំបូង​នេះ ជប៉ុន​ត្រូវ​បង្ខំចិត្ត​ពន្យារពេល​ប្រកួត​រយៈពេល​មួយឆ្នាំ ដោយ​រង់​ចាំមើល​ស្ថានភាព​នៃ​រោគរាតត្បាត​ថមថយ​សិន​។ តើ​ក្រុង​តូ​ក្យូ​អាច​ត្រឡប់​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​រដូវក្តៅ​នៅ​ឆ្នាំ​២០២១ ឬក៏​ត្រូវ​លុបចោល​ដូច​ឆ្នាំ​១៩៤០​ម្តងទៀត​?

Tag:
 COVID-19
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com