COVID-19
អន្តរជាតិ
ម៉ាឡេស៊ី អះអាងថា ករណីស្លាប់COVID-19ភាគច្រើនព្រោះព្យាបាលយឺតពេល អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Hisham Abdullah (ប្រភពរូប៖ សារព័ត៌មាន Malay Mail)
× អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Hisham Abdullah បានបញ្ជាក់ថា ករណីស្លាប់ដោយសារជំងឺផ្លូវដង្ហើម COVID-19 ភាគច្រើនក្នុងប្រទេសម៉ាឡេស៊ី គឺបណ្ដាលមកពីការព្យាបាលយឺតពេលវេលា។ ត្រង់ចំណុចនេះ មន្ត្រីសុខាភិបាលជាន់ខ្ពស់រូបនេះ អះអាងថា វាមាន៥ដំណាក់កាលនៃការឆ្លងវីរុសនេះ ក៏ប៉ុន្តែភាគច្រើននៃអ្នកជំងឺដែលស្លាប់ បានមកកាន់មន្ទីរពេទ្យ នៅពេលពួកគេបានឈានដល់ដំណាក់ការទី៣ហើយ។
«ដំណាក់កាលទី១ គឺ មនុស្សម្នាក់ ពុំមានចេញរោគសញ្ញា ប៉ុន្តែមានលទ្ធផលតេស្តវិជ្ជមាន ខណៈដំណាក់ទី២ គឺ អ្នកមានលទ្ធផលតេស្ត តែមានរោគសញ្ញាស្រាល»។ លោកអគ្គនាយក Hisham អះអាងបែបនេះ ដោយបន្ថែមថា ដំណាក់កាលទី ៣ សំដៅលើអ្នកជំងឺមានចេញរោគសញ្ញាផ្លូវដង្ហើម ក៏ប៉ុន្តែពុំទាន់ត្រូវការជំនួយអុកស៊ីសែននៅឡើយ។
ប្រាប់អ្នកសារព័ត៌មាន នាសន្និសីទព័ត៌មានមួយ នៅថ្ងៃអង្គារ ទី២៤ ខែមីនា លោកវេជ្ជបណ្ឌិត Hisham គូសបញ្ជាក់ទៀតថា ក្នុងដំណាក់កាលទី៤ អ្នកជំងឺ ត្រូវការជំនួយអុកស៊ីសែន ហើយដំណាក់កាលចុងក្រោយ (ទី៥) គឺ នៅពេលអ្នកជំងឺ លែងអាចដកដង្ហើមបានល្អ ហើយក្រុមគ្រូពេទ្យ ត្រូវបំពាក់បំពង់ខ្យល់ដល់ពួកគេដើម្បីរក្សាជីវិតពួកគេ។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia លោកអគ្គនាយកសុខាភិបាលម៉ាឡេស៊ីរូបនេះ ក៏បានពន្យល់ថា សម្រាប់អ្នកជំងឺភាគច្រើនដែលឈានដល់ដំណាក់កាលទី៤ សុខភាពរបស់ពួកគេនឹងកាន់តែយ៉ាប់យ៉ឺនទៅ ៗ រហូតដល់ឈានដល់ដំណាក់កាលទី ៥ ។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ដូច្នេះថា៖«ជាឧទាហរណ៍ ករណីស្លាប់ចុងក្រោយបង្អស់ អ្នកជំងឺមានការពិបាកដកដង្ហើមរួចហើយក្នុងរយៈពេលបីថ្ងៃចុងក្រោយ» ។
ក្រៅពីការព្យាបាលយឺតពេល លោក Hisham Abdullah អះអាងថា អាយុ និងអ្នកដែលមានជំងឺប្រចាំកាយស្រាប់ ក៏ជាកត្ដាដែលឈានដល់ការស្លាប់ពាក់ព័ន្ធនឹងជំងឺ COVID-19 ផងដែរ។ លោក បន្តថា អ្នកស្លាប់មួយចំនួន មានជំងឺប្រចាំកាយស្រាប់ និងភាគច្រើននៃពួកគេគឺមានអាយុ៧០ឆ្នាំឡើងទៅ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃពុធ ២៥ ខែមីនា ប្រទេស ម៉ាឡេស៊ី មានករណីឆ្លង COVID-19 សរុប ១៧៩៦ករណី ក្នុងនោះករណីថ្មី ១៧២នាក់។ អ្នកស្លាប់សរុប មាន១៧នាក់ ខណៈអ្នកជាសះស្បើយមាន ១៨៣នាក់ ហើយអ្នកស្ថិតក្នុងសភាពធ្ងន់ធ្ងរជាង៦០នាក់៕
Tag:
ម៉ាឡេស៊ី
COVID-19
Hisham Abdullah
© រក្សាសិទ្ធិដោយ thmeythmey.com