COVID-19
អន្តរជាតិ
ម៉ាឡេស៊ី អះអាងថា ករណី​ស្លាប់​COVID-19​ភាគច្រើន​ព្រោះ​ព្យាបាល​យឺត​ពេល​
25, Mar 2020 , 8:19 pm        
រូបភាព
អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Hisham Abdullah  (ប្រភពរូប៖ សារព័ត៌មាន Malay Mail)
អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Hisham Abdullah (ប្រភពរូប៖ សារព័ត៌មាន Malay Mail)
ដោយ:
​អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី លោក​វេជ្ជបណ្ឌិត Hisham Abdullah បាន​បញ្ជាក់ថា ករណី​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ភាគច្រើន​ក្នុងប្រទេស​ម៉ាឡេស៊ី គឺ​បណ្ដាលមកពី​ការព្យាបាល​យឺត​ពេលវេលា​។ ត្រង់ចំណុច​នេះ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​រូបនេះ អះអាងថា វា​មាន​៥​ដំណាក់កាល​នៃ​ការឆ្លង​វីរុស​នេះ ក៏ប៉ុន្តែ​ភាគច្រើន​នៃ​អ្នកជំងឺ​ដែល​ស្លាប់ បានមក​កាន់​មន្ទីរពេទ្យ នៅពេល​ពួកគេ​បាន​ឈានដល់​ដំណាក់​ការ​ទី​៣​ហើយ​។​

 
«​ដំណាក់កាល​ទី​១ គឺ មនុស្ស​ម្នាក់ ពុំមាន​ចេញ​រោគសញ្ញា ប៉ុន្តែ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន ខណៈ​ដំណាក់​ទី​២ គឺ អ្នកមាន​លទ្ធផល​តេស្ត តែមាន​រោគសញ្ញា​ស្រាល​»​។ លោក​អគ្គនាយក Hisham អះអាង​បែបនេះ ដោយ​បន្ថែមថា ដំណាក់កាល​ទី ៣ សំដៅលើ​អ្នកជំងឺ​មាន​ចេញ​រោគសញ្ញា​ផ្លូវដង្ហើម ក៏ប៉ុន្តែ​ពុំទាន់​ត្រូវការ​ជំនួយ​អុកស៊ីសែន​នៅឡើយ​។ 
 
​ប្រាប់​អ្នកសារព័ត៌មាន នា​សន្និសីទ​ព័ត៌មាន​មួយ នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា លោក​វេជ្ជបណ្ឌិត Hisham គូសបញ្ជាក់​ទៀតថា ក្នុងដំណាក់កាល​ទី​៤ អ្នកជំងឺ ត្រូវការ​ជំនួយ​អុកស៊ីសែន ហើយ​ដំណាក់កាល​ចុងក្រោយ (​ទី​៥) គឺ នៅពេល​អ្នកជំងឺ លែង​អាច​ដកដង្ហើម​បានល្អ ហើយ​ក្រុមគ្រូពេទ្យ ត្រូវ​បំពាក់​បំពង់ខ្យល់​ដល់​ពួកគេ​ដើម្បី​រក្សា​ជីវិត​ពួកគេ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក​អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី​រូបនេះ ក៏បាន​ពន្យល់ថា សម្រាប់​អ្នកជំងឺ​ភាគច្រើន​ដែល​ឈានដល់​ដំណាក់កាល​ទី​៤ សុខភាព​របស់​ពួកគេ​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ទៅ ៗ រហូតដល់​ឈានដល់​ដំណាក់កាល​ទី ៥ ។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ជា​ឧទាហរណ៍ ករណី​ស្លាប់​ចុងក្រោយបង្អស់ អ្នកជំងឺ​មានការ​ពិបាក​ដកដង្ហើម​រួចហើយ​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​» ។​
 
​ក្រៅពី​ការព្យាបាល​យឺត​ពេល លោក Hisham Abdullah អះអាងថា អាយុ និង​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ​ស្រាប់ ក៏​ជា​កត្ដា​ដែល​ឈានដល់​ការស្លាប់​ពាក់ព័ន្ធ​នឹង​ជំងឺ COVID-19 ផងដែរ​។ លោក បន្តថា អ្នកស្លាប់​មួយចំនួន មាន​ជំងឺ​ប្រចាំកាយ​ស្រាប់ និង​ភាគច្រើន​នៃ​ពួកគេ​គឺមាន​អាយុ​៧០​ឆ្នាំ​ឡើងទៅ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃ​ពុធ ២៥ ខែមីនា ប្រទេស ម៉ាឡេស៊ី មាន​ករណី​ឆ្លង COVID-19 សរុប ១៧៩៦​ករណី ក្នុងនោះ​ករណី​ថ្មី ១៧២​នាក់​។ អ្នកស្លាប់​សរុប មាន​១៧​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន ១៨៣​នាក់ ហើយ​អ្នក​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ជាង​៦០​នាក់​៕

Tag:
 ម៉ាឡេស៊ី​
  COVID-19
  Hisham Abdullah
© រក្សាសិទ្ធិដោយ thmeythmey.com