COVID-19
ជាតិ
សុខភាព
បញ្ជ្រាបសារអប់រំពីកូវីដ-១៩ ដល់សិស្សគ-ថ្លង់នៅសាលាអប់រំពិសេសកំពង់ចាម
× សិស្សពិការភាពផ្នែកគ-ថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម បានអនុវត្តវិធានការបង្ការ និង ទប់ស្កាត់នៃការឆ្លងមេរោគកូវីដ-១៩(COVID-19) បានយ៉ាងល្អប្រសើរ តាមរយៈលោកគ្រូ-អ្នកគ្រូ ប្រើស្លាយបញ្ចាំងរូបភាព និងវីដេអូ និងពន្យល់ណែនាំបន្ថែមជាភាសាសញ្ញា ដល់សិស្ស។ លោក គឹម ដាស័ក្ត គ្រូបង្រៀនសិស្សគ-ថ្លង់ ប្រចាំវិទ្យាល័យអប់រំពិសេសក្នុងខេត្តកំពង់ចាម បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដូច្នេះ។
បើតាមលោក ដាស័ក្ត ការផ្សព្វផ្សាយពីការចម្លង និងវិធានការកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដល់សិស្សគ-ថ្លង់ នៅក្នុងថ្នាក់រៀន គឺមានបីដំណាក់កាល គឺការពន្យល់ពីពីមូលហេតុឆ្លង និងបញ្ហា, ពន្យល់ពីវិធីបង្ការ និងការអនុវត្ត ការរក្សាអនាម័យ ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងវត្តមាននៅកម្ពុជា និងកំពុងរាតត្បាតជុំវិញពិភពលោក។ លោកគ្រូបង្រៀនរូបនេះ បាននិយាយប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នៅថ្ងៃទី២៤មីនា ឆ្នាំ២០២០ ថា ការផ្សព្វផ្សាយនូវដំណាក់នីមួយៗ នៃការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩នេះ ដល់សិស្សមានពិការភាពគ-ថ្លង់ គឺសុទ្ធសឹងតែបញ្ចាំងស្លាយជារូបភាព-ជាវីដេអូ និងមានណែនាំបន្ថែមជាភាសាសញ្ញា ហើយព្រមទាំងមានការអនុវត្តផ្ទាល់ ដូចជាការលាងដៃនឹងសាប៊ូ ពាក់ម៉ាស់ និងរក្សាអនាម័យ ដោយកុំដៃប៉ះពាល់លើមុខជាដើម។
លោកបានបញ្ជាក់ថា៖«ស្លាយដែលសាលារៀនយើង យកមកបញ្ចាំងដល់សិស្សទាំងនោះ គឺបានតាមរយៈឯកសារនានារបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយវិធានការណែនាំផ្សេងៗ ពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩»។
លោក គឹម ដាស័ក្ត បានបញ្ជាក់ថា ក្រៅពីមានសិស្សពិការភាពផ្នែកគ-ថ្លង់សាលារៀនអប់រំពិសេសកំពង់ចាម ឬសាលាកុមារគថ្លង់កំពង់ចាម នៃអង្គការគ្រួសារថ្មីនេះ ក៏មានសិស្សពិការភ្នែកផងដែរ។ លោកបានបន្ថែមថា សិស្សពិការភ្នែក គឺពិបាកបន្តិចក្នុងការអនុវត្តវិធានការអនាម័យ ការទប់ស្កាត់ការឆ្លងការជំងឺកូវីដ-១៩ ជា ពិសេសគឺការលាងដៃជាមួយសាប៊ូ។ លោក ពន្យល់ដូច្នេះ៖«ដោយសារពួកគាត់មិនអាចមើលអ្វីឃើញ បានត្រឹមតែស្តាប់ឮ និងដើររាវយកដៃស្ទាប។ ប៉ុន្តែទោះយ៉ាងនេះក្តី ការអនុវត្ត អនាម័យរបស់ពួកគាត់នៅតែល្អ ដោយលោកគ្រូ-អ្នកគ្រូ ដឹកដៃនាំពួកគាត់ងម្នាក់ៗ ទៅអនុវត្តផ្ទាល់ ដោយចាប់ដៃអ្នកពិការភ្នែកឱ្យកាន់សាប៊ូ និងរបៀបដុសសម្អាតមេរោគនៅជុំវិញដៃ»។
បើតាម លោក កែវ ផល្លី នាយកវិទ្យាល័យអប់រំពិសេសេនេះ មានសិស្សគ-ថ្លង់ និងពិការភ្នែក មានចាប់ពីថ្នាក់ទី១ដល់១២ មានសរុប ១៧០នាក់ ក្នុងនោះមានសិស្សគ-ថ្លង់១១០នាក់។ ក្រោយទទួលបានការអំពាវនាវ និងសារអប់រំនានា ជុំវិញនៃការចម្លង និងបង្ការជំងឺ កូវីដ-១៩ សាលាអប់រំពិសេសកំពង់ចាម បានបង្រៀន និងអនុវត្តផ្ទាល់ ក្នុងទីធ្លាសាលារៀនតែម្តង រហូតដល់សិស្សពិការទាំងនោះ អនុវត្តបានល្អជាទម្លាប់ប្រចាំថ្ងៃ។
លោក កែវ ផល្លី បានអះអាងថា សិស្សពិការទាំងនោះបានយល់ដឹង នៅមុនការប្រកាសបិទសាលារៀន ទូទាំងប្រទេសបណ្តោះអាសន្ន។ ដូច្នេះនៅពេលដែលពួកគាត់មិនរៀន ក៏ពួកគាត់នៅតែបន្តអនុវត្តន៍ លាងដៃនិងសាប៊ូ និងវិធានការទប់ស្កាត់ការចម្លងជំងឺ កូវីដ-១៩នេះបានល្អដែរ។ នេះជាការអះអាងរបស់ លោក កែវ ផល្លី៕
Tag:
Covid-19
គ-ថ្លង់
ពិការ
© រក្សាសិទ្ធិដោយ thmeythmey.com