COVID-19
អន្តរជាតិ
តៃវ៉ាន់ ថា​អង្គការ​សុខភាព​ពិភពលោក​មិន​អើពើ​នឹង​កង្វល់​របស់ខ្លួន​លើ​រឿង COVID-19
25, Mar 2020 , 9:59 pm        
រូបភាព
ដោយ:
​តៃវ៉ាន់ បាន​ចោទ​អង្គការ​សុខភាព​ពិភពលោក (WHO) ថា មិន​អើពើ​នឹង​សំណួរ​របស់ខ្លួន​ទាក់ទង​នឹង​ការចាប់ផ្តើម​ផ្ទុះ​ឆ្លង​នៃ​ជំងឺ COVID-19 ដែល​បណ្តាល​ឲ្យ​តៃវ៉ាន់​ប្រឈម​នឹង​គ្រោះថ្នាក់​។ បើតាម​តៃវ៉ាន់ ការមិនទទួលស្គាល់​ខ្លួន​ជា​សមាជិក​របស់ WHO  ដែល​មកពី​ការដាក់​សម្ពាធ​របស់​ចិន ជា​កត្តា​សំខាន់​មួយ​។​

 
​ក្រោម​សម្ពាធ​របស់​ចិន តៃវ៉ាន់​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ក្លាយជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ឡើយ ក្រោម​អំណះអំណាង​ថា​តៃវ៉ាន់​ត្រឹម​តៃ​ខេត្ត​របស់​ចិន និង​មិនមែនជា​រដ្ឋ​ឡើយ​។ យ៉ាងណាមិញ តៃវ៉ាន់​ត្រូវបាន​គេ​ស​សើ​រថា ឆ្លើយតប​ទៅនឹង​ការផ្ទុះ​ជំងឺឆ្លង COVID-19 បាន​យ៉ាង​ជោគជ័យ ដោយមាន​ករណី​ឆ្លង​ត្រឹមតែ ២១៥​ករណី និង​ស្លាប់​២ ករណី​ប៉ុណ្ណោះ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​តៃវ៉ាន់​និយាយថា ការណ៍​ដែល​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​មាន​វត្តមាន​ក្នុង​អង្គការ​សុខភាព​ពិភពលោក  និង​មិន​អនុញ្ញាត​ឲ្យ​ទទួល​ព័​ត៍​មាន​ពី​ដី​បូ​ង គឺ​ស្មើ​ទៅនឹង​ការយក​ជីវិត​ប្រជាជន​តៃវ៉ាន់​ទៅលេង​ល្បែង​នយោបាយ​។ ប៉ុន្តែ​ចិន និង​អង្គការ​សុខភាព​ពិភពលោក​បាន​តប​វិញ​ថា​គេ​បាន​ផ្តល់ជំនួយ​ទៅតាម​អ្វីដែល​តៃវ៉ាន់​ត្រូវការ​។​
 
​ថ្លែង​ទៅកាន់​អ្នក​សារ​ព័​ត៍​មាន លោក Chou Jih-haw ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​តៃវ៉ាន់ បាន​លើកឡើងថា តៃវ៉ាន់​បា​នស​សេរ​សំបុត្រ​ស្នើសុំ​ព័​ត៍​មាន​ពី​មេរោគ​ដែល​គេ​មិន​ស្គាល់​នេះ​តាំងតែ​ពីថ្ងៃ ៣១ ធ្នូ ឆ្នាំ​២០១៩ ទៅកាន់​ចិន និង​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​បាន​របាយការណ៍​ពី​ការចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​
« យើង​បាន​សួរ​ពួកគេ តើ​អាច​ទេ​ដែល​ជំងឺ​វី​រ៉ុ​ស​ថ្មី​នោះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ យើង​បាន​សួរ និង​រំលឹក​ពួកគេ​ពី​បញ្ហា​នេះ​»​។ លោក Chou បន្ថែម​បែបនេះ​។ លោ​កថា​អង្គការ​សុខ​ភា​ពិភពលោក​បាន​ត្រឹម​ទទួលយក​សំបុត្រ តែ​មិនបាន​ឆ្លើយតប​។ 
 
​ទោះ​គ្មាន​ការឆ្លើយតប រដ្ឋមន្ត្រី​សុខាភិបាល​តៃវ៉ាន់ Chen Shih-chung បញ្ជាក់ថា តៃវ៉ាន់​បាន​ត្រួត​និត្យ​អ្នកដំណើរ​ដែល​មកពី​វូ​ហាន​តាំងតែ​ពីថ្ងៃ ០២ មករា​។ ការសម្រេចចិត្ត​នេះ ត្រូវបាន​អ្នកជំនាញ​ពន្យល់ថា ជា​ហេតុដែល​តៃវ៉ាន់​អាច​គ្រប់គ្រង​ការ​រាលដាល​របស់​ជំងឺ​ដោយមាន​ប្រសិទ្ធភាព​។​
 
​សូមបញ្ជាក់ថា ចិន​បានប្រកាសថា ជំងឺ​នេះ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ថ្ងៃទី​២០ ខែមករា ដោយឡែក​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃទី​១២ ខែមករា និយាយថា គ្មាន​ភស្តុតាង​ជាក់លាក់​ស្តីពី​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។​
 
​ទាក់ទង​រឿងនេះ​ដែរ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ទៅកាន់​ភ្នាក់ងារ​ព័​ត៍​មាន Reuter  អង្គការ​សុភាព​ពិភពលោក មិនបាន​លើក​រឿង​តែ​វ៉ាន់​មក​និយាយ​ដោយ​ចំ​ទេ តែ​បាន​និយាយថា ការិយាល័យ​ខ្លួន​នៅក្នុង​ប្រទេស​ចិន បានទទួល​ដំណឹង​ពី​ជំ​ងី​រលាក​សួត​ថ្មី​នេះ តាំងតែ​ពីថ្ងៃ ៣១ ធ្នូ ឆ្នាំ ២០១៩​។​
 
​ចិន​ឯណោះ​វិញ មិន​សប្បាយចិត្ត​ឡើយ​នឹង​ការលើកឡើង​របស់​តៃវ៉ាន់​ដូចខាងលើ​។ ក្រ​សូង​ការបរទេស​ចិន តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន​បាន​និយាយថា អ្វីដែល​តៃវ៉ាន់​និយាយ​ជា​ការកេងបន្លំ​នយោបាយ  ហើយ​អង្គការ​សុខភាព​ពិភពលោក​ទប់ទល់​នឹង​ស្ថានការណ៍​ក្រោម​គោលការណ៍ « ចិន​តែមួយ​»​។ 
 
​បន្ថែម​ពី​បញ្ហា​ខាងលើ តៃវ៉ាន់​ក៏បាន​តវ៉ា​ដែរ​ថា ការរាប់​ចំនួន​អ្នក​ឆ្លង​រួមជាមួយ​ប្រទេស​ចិន ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ច្រឡំ​ពី​ស្ថានការណ៍​ជាក់ស្តែង​នៅ​តៃវ៉ាន់​៕

© រក្សាសិទ្ធិដោយ thmeythmey.com