COVID-19
ជាតិ
គ្រូពេទ្យ​ប្រាប់​ពី​មូល​ហេតុដែល​បុរស​ខ្មែរ​ឆ្លង​COVID-19 ពី​ជនជាតិ​ជប៉ុន​មិនទាន់​ជាសះស្បើយ​
25, Mar 2020 , 10:19 pm        
រូបភាព
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់
​សៀមរាប​៖ អស់​រយៈពេល​១៩​ថ្ងៃ​មកហើយ ដែល​បុរស​ជនជាតិខ្មែរ​ដំបូង​គេ​អាយុ​៣៨​ឆ្នាំ ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩ ដោយ​ឆ្លង​តាមរយៈ​ជនជាតិ​ជប៉ុន​ដែលជា​ថៅកែ និង​ត្រូវបាន​ក្រសួង​ប្រកាស​ជា​ផ្លូវការ​នៅ​យប់​ថ្ងៃទី​៧ មីនា​។ ក្រោម​ការមើល​ការថែទាំ​ពី​ក្រុមគ្រូពេទ្យ​ច្រើន​ថ្ងៃ​មកនេះ បុរស​រូបនេះ​នៅ​មិនទាន់​ជាសះស្បើយ គឺមាន​រយៈពេល​យូរ​បើ​ធៀប​នឹង​អ្នកជំងឺ​ដទៃ​ដែល​ឆ្លង​ជំងឺ​នេះ​ក្រោយៗ​។​


 
​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការធ្វើ​តេស្ដ​ជា​លើក​ទី​៨ លើ​បុរស​ជនជាតិខ្មែរ​ដំបូង​ដែលមាន​មេរោគ​កូ​វីដ​១៩ គឺ​លទ្ធផល​បន្ត​វិជ្ជមាន​នៅឡើយ​។ យ៉ាងណា​លោក​បញ្ជាក់ថា សុខភាព​អ្នកជំងឺ​ល្អ​ធម្មតា ចំណែក​មេរោគ​កាន់តែ​ថយចុះ គ្រាន់តែ​ការ​ថមថយ​នោះ​យឺត​។ ក្រុមគ្រូពេទ្យ​នឹង​បន្ត​ព្យាបាល​អ្នកជំងឺ​ដោយ​យកចិត្តទុកដាក់ និង​ប្រើ​វិធីសាស្ដ្រ​ផ្សេងៗ​ដើម្បីឱ្យ​ជាសះស្បើយ​ឆាប់ៗ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​លោក ក្រុស សារ៉ាត់​។​
 
​សូម​ស្ដាប់​ការពន្យល់​របស់លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​៖



 
​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖« មេរោគ​នៅតែមាន គឺ​ថយ​យឺត តែ​សុខភាព​គាត់​ធម្មតា ល្អ តែ​គាត់​នៅមាន​សតិអារម្មណ៍​ថា ហេតុអ្វី​ក៏​រៀង​យូរ​ម្លេះ តែបើ​តាម​ក្រុមគ្រូពេទ្យ​ដែល​ធ្លាប់​ព្យាបាល​នៅ​ចិន គាត់​ថា​នៅ​ចិន​ក៏មាន​ករណី​នេះដែរ គឺអាច​ដល់​៣០​ថ្ងៃ​ឯណោះ ដូច្នេះ​យើង​នឹង​បន្ត​តាមដាន និង​ព្យាបាល​គាត់​ទៀត​។ មួយទៀត គាត់​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ «B» ផង​។ ហើយ​អ្វីដែល​យើង​កំពុង​គិត​នេះ គឺអាច​ថា​មេរោគ​ដែល​ឆ្លង​ពី​ជនជាតិ​ជប៉ុន​នោះ ជា​មេរោគ​មួយបែប​ទៀត​ពី​មេរោគ​ដែល​គេ​ផ្សេងៗ​ឆ្លង​។ អ្វីដែល​កត់សម្គាល់ គឺ​បុរស​ជនជាតិ​ជប៉ុន​នោះ ពេលនេះ​គាត់​បានជា​សះស្បើយ​ហើយ​»៕
 


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com