COVID-19
អន្តរជាតិ
COVID-19៖ ម៉ាឡេស៊ី ពន្យារពេល​បិទ​ប្រទេស​ដល់​ថ្ងៃទី​១៤ ខែមេសា​
25, Mar 2020 , 10:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin។ រូបភាព៖ the Star
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin។ រូបភាព៖ the Star
​នាយករដ្ឋមន្ត្រី លោក Muhyiddin Yassin នា​ថ្ងៃទី​២៥ ខែមីនា បានប្រកាសថា ម៉ាឡេស៊ី នឹង​ពន្យារពេល​បិទ​ប្រទេស​រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) កំពុងតែ​កើនឡើង​យ៉ាងគំហុក​នៅក្នុង​ប្រទេស​។ ការពន្យារពេល​បិទ​ប្រទេស​លើក​ទី​ពីរ​នេះ ធ្វើឡើង​បន្ទាប់ពី​ម៉ាឡេស៊ី​មាន COVID-19 សរុប​ចំនួន ១៧៩៦​ករណី និង​អ្នកស្លាប់ ១៧​ករណី​។​


​កន្លងមក ម៉ាឡេស៊ី បាន​បិទ​ប្រទេស​ម្តង​រួចមកហើយ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​៣១ ខែមីនា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19 នៅក្នុង​ប្រទេស​។ តាមរយៈ​វិធាន​ការបិទ​ប្រទេស​នេះ ម៉ាឡេស៊ី​ហាម​ប្រជាជន​របស់ខ្លួន​ទៅ​ក្រៅប្រទេស និង​ហាម​ជនបរទេស​ទាំងអស់​ចូលក្នុង​ម៉ាឡេស៊ី ការធ្វើដំណើរ​ត្រូវ​រឹតត្បិត កន្លែង​សាធារណៈ​មួយចំនួន​ត្រូវ​បិទ និង​វិធានការ​រឹតត្បិត​ជាច្រើន​ទៀត​។​
 
​ដើម្បី​ចាប់បង្ខំ​ឲ្យ​ប្រជាជន​ទាំងអស់​អនុវត្ត​បទបញ្ជា​នេះ ម៉ាឡេស៊ី​បាន​ពង្រាយ​កម្លាំងយោធា​នៅក្នុង​ប្រទេស​ជាច្រើន​។ លើសពីនេះ អាជ្ញាធរ​ម៉ាឡេស៊ី ក៏​ប្រកាស​ពី​ការដាក់ពិន័យ​លើ​ជនជាតិ​ម៉ាឡេស៊ី​ណា ដែល​មិន​គោរព​បទបញ្ជា​នេះ​ថែមទៀត ពោលគឺ​បើ​នរណា​ល្មើសបទបញ្ជា អ្នក​ទាំងនោះ​អាច​នឹង​ពិន័យ​ទឹកប្រាក់​រហូតដល់​ប្រមាណ ២២៥​ដុល្លារ និង​អាច​ជាប់ពន្ធនាគា​រហូត​ដល់ ៦​ខែ​ថែមទៀត​។ 
 
​ដោយ​មើលឃើញថា​ស្ថានភាព​COVID-19 នៅ​ម៉ាឡេស៊ី​មិនទាន់​ធូរស្បើយ និង​ជិត​ផុត​ថ្ងៃ​កំណត់ លោក Muhyiddin Yassin នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បានចេញ​មុន​ម្តងទៀត ដើម្បី​ប្រកាស​ពន្យារពេល​បិទ​ប្រទេស​រហូតដល់​ថ្ងៃទី​១៤ ខែមេសា​។ ក្នុង​សេចក្តីប្រកាស​លើក​ទី​២​នេះ ប្រមុខ​រដ្ឋាភិបាល បាន​សូមទោស និង​ឲ្យ​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ទាំងអស់​អត់ទ្រាំ ដើម្បី​ឲ្យ​ករណី​ឆ្លង​នៅ​ម៉ាឡេស៊ី​បាន​ធូរស្បើយ​បន្តិច​សិន​។ ក្នុង​មួយរយៈ​ចុងក្រោយ​នេះ ម៉ាឡេស៊ី បាន​រកឃើញ​អ្នក​ឆ្លង COVID-19 លើសពី ១០០​ករណី​ជា​រៀងរាលថ្ងៃ ហើយ​ភាគច្រើន​គឺមាន​ពាក់ព័ន្ធ​នឹង​ពិធី​សាសនា​ឥស្លាម​មួយ នាទី​ក្រុង​គូ​ឡា​ឡាំ​ពួ​។ 
 
​ថ្លែង​នៅមុខ​កញ្ចក់​ទូរទស្សន៍ លោក Muhyiddin បាន​បញ្ជាក់ថា ការពន្យារពេល​បិទ​ប្រទេស​នេះ គឺជា​វិធី​តែមួយគត់ អាច​ទប់ស្កាត់ COVID-19 ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ម៉ាឡេស៊ី កាន់តែ​រង​ភាពអាក្រក់​ទៅៗ ហើយ​វា​ក៏​ជា​វិធី​ឈប់​ស្កាត់​ការភ័យខ្លាច​របស់​ប្រជាជន​ផងដែរ​។ បើតាម​លោក Yuhyiddin ការពន្យារពេល​បិទ​ប្រទេស​នេះ គឺមាន​ការផ្តល់​យោបល់​ពី ក្រសួងសុខាភិបាល និង​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ម៉ាឡេស៊ី​។ 
 
​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា បើទោះបីជា មួយរយៈ​នេះ តួលេខ​អ្នក​ឆ្លង​COVID-19 មានការ​ធ្លាក់ចុះ​បន្តិច​មែន ប៉ុន្តែ​ក្នុងពេល​ឆាប់ៗ​ខាងមុខ វា​នឹង​កើនឡើង​កើន​តែ​ច្រើន​។ ក្នុងន័យនេះ ការបិទ​ប្រទេស គឺជា​វិធី​ផ្តាច់​ការចម្លង​COVID-19 ទៅ​ប្រជាជន​ផ្សេងទៀត​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២៥ ខែមីនា ម៉ាឡេស៊ី​រកឃើញ​COVID-19 សរុប​ចំនួន ១៧៩៦​ករណី និង​អ្នកស្លាប់ ១៧​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​នៅ​ម៉ាឡេស៊ី​មាន​ចំនួន ១៨៣​ករណី​៕ 

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com