COVID-19
អន្តរជាតិ
មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី​៥​នាក់​ឆ្លង​COVID-19 ខណៈ​២​នាក់​ស្លាប់​មុន​ធ្វើតេស្ត​
25, Mar 2020 , 4:52 pm        
រូបភាព
ពីឆ្វេងទៅស្ដាំ៖ រដ្ឋមន្ត្រីដឹកជញ្ជូន, អគ្គនាយកផ្លូវដែក និង អភិបាលក្រុង Bogor
ពីឆ្វេងទៅស្ដាំ៖ រដ្ឋមន្ត្រីដឹកជញ្ជូន, អគ្គនាយកផ្លូវដែក និង អភិបាលក្រុង Bogor
ដោយ:
​យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាលកណ្ដាល​និង​តំបន់​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ចំនួន​៥​នាក់​ហើយ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ​ផ្លូវដង្ហើម COVID-19 គិត​ត្រឹម​ថ្ងៃ​អង្គារ ២៤ ខែមីនា​។ ទន្ទឹមនេះ មន្ត្រី​ឥណ្ឌូណេស៊ី ២​នាក់​ផ្សេងទៀត បាន​ស្លាប់​កាលពី​ថ្ងៃ​ដើម​សប្តាហ៍​នេះ មុនពេល​ធ្វើតេស្ត​រក COVID-19 ក្រោយ​ត្រូវបាន​រាយការណ៍​ថា ពួកគេ​មាន​ចេញ​រោគសញ្ញា​នៃ​ជំងឺ​នេះ​។

 
​ទាក់ទិន​អ្នកស្លាប់​ទាំងពីរ​នាក់ ម្នាក់​ក្នុងចំណោម​នោះ​គឺជា អគ្គនាយក​ម្នាក់​នៃ​ក្រសួង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី ឈ្មោះថា Harjanto ។ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​អង្គារ លោក​អគ្គនាយក Harjanto ស្លាប់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រដ្ឋធានី ហ្សា​ការ​តា នៅ​ថ្ងៃ​ចន្ទ វេលា​ម៉ោង​៩៖៣០​យប់​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត Jakarta Post អ្នកស្លាប់​ម្នាក់ទៀត គឺជា​មន្ត្រី​ជំនាញ​ម្នាក់​របស់​ក្រសួង​ឧស្សាហកម្ម ឈ្មោះថា Amir Sambodo​។ បើតាម​ប្រភពព័ត៌មាន​ដដែល លោក Amir អាយុ ៦០​ឆ្នាំ បាន​ស្លាប់​នៅ​ថ្ងៃ​អង្គារ វេលា​ម៉ោង​៨​ព្រឹក​។​
 
​ដោយឡែក មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី ៥​នាក់ ដែល​បាន​ឆ្លង​ជំងឺ COVID-19 គឺ​រួមមាន រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី លោក Budi Karya Sumadi ដែល​បាន​តេស្ត​វិជ្ជមាន​កាលពី​ថ្ងៃ​១៤ ខែមីនា​។ លោក ជា​មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី​ទី​១​ដែល​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ​។ បច្ចុប្បន្ន​លោក មាន​សុខភាព​ល្អប្រសើរ​។ 
 
​មុនពេល​ចូល​មន្ទីរពេទ្យ លោក​រដ្ឋមន្ត្រី Budi បាន​ចូលរួម​ជំនួប​គណៈរដ្ឋមន្ត្រី​មួយ ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ កាលពី​ថ្ងៃ​១១ ខែមីនា​។ ក្រោយពី​ការប្រកាស​ថា លោក​ឆ្លង COVID-19 ប្រធានាធិបតី វី​ដូ​ដូ និង​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់ ក៏បាន​ធ្វើតេស្ត​រក​វីរុស​នេះ​។ បន្ទាប់មក នា​ដើម​សប្តាហ៍​នេះ លោក ចូ​កូ​វី បានប្រកាសថា លោក​និង​ភរិយា មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​។ យ៉ាងណាមិញ លទ្ធផល​តេស្ត​បណ្ដា​រដ្ឋមន្ត្រី​ដទៃទៀត ពុំទាន់​បានប្រកាស​នៅឡើយ​ទេ​។​


អភិបាលរងក្រុង Bandung (ឆ្វេង) និងសមាជិកប្រឹក្សាភិបាលម្នាក់ អ្នកស្រី Cellica Nurrachadiana 
 
បើតាម Jakarta Post អ្នកនាំពាក្យ​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី Adita Irawati នៅ​ថ្ងៃ​អង្គារ បានប្រកាសថា មន្ត្រីជាន់ខ្ពស់​ម្នាក់ទៀត​ក៏បាន​ឆ្លង​ជំងឺ COVID-19 ។ លោក បញ្ជាក់ថា អ្នកជំងឺ​រូបនោះ គឺជា​អគ្គនាយក​ផ្លូវដែក​របស់​ក្រសួង​ដឹកជញ្ជូន លោក Zulfikri  ហើយ​បច្ចុប្បន្ន លោក​មាន​សុខភាព​ធម្មតា ហើយ​កំពុង​ធ្វើ​ច​ត្ដា​ឡី​ស័ក​នៅផ្ទះ​។ 
 
​នៅ​ថ្ងៃ​ដដែល អភិបាលខេត្ត​កោះ​ជ្វា​ខាងលិច (West Java) លោក Ridwan Kamil បានប្រកាសថា សមាជិក​ប្រឹក្សា​ភិ​បាល​ម្នាក់ អ្នកស្រី Cellica Nurrachadiana បាន​ឆ្លង COVID-19 ។ បន្ថែម​ពី​អ្នកស្រី មន្ត្រីជាន់ខ្ពស់​២​នាក់​ទៀត​របស់​ឥណ្ឌូណេស៊ី រួមមាន អភិបាលក្រុង Bogor និង​អភិបាលរងក្រុង Bandung ក៏បាន​ឆ្លង COVID-19 ផងដែរ​។ 
 
​សូមបញ្ជាក់ថា ខេត្ត​កោះ​ជ្វា​ខាងលិច ស្ថិតក្នុង​ចំណោម​តំបន់​ដែល​រងគ្រោះ​បំផុត​ដោយសារ​ជំងឺ COVID-19 ក្នុងប្រទេស​ឥណ្ឌូណេស៊ី​។ ខេត្ត​នេះ បាន​រាយការណ៍​ករណី​ឆ្លង​សរុប ៦០​ករណី​ហើយ កាលពី​ថ្ងៃ​អង្គារ ខណៈ​មាន​អ្នកស្លាប់​១០​នាក់​។ រដ្ឋធានី ហ្សា​ការ​តា រកឃើញ​ករណី​ឆ្លង​សរុប ៤២៤​ករណី និង​ស្លាប់ ៣១​នាក់​។ ជារួម ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង ៦៨៦​ករណី និង​ស្លាប់ ៥៥​នាក់​៕

Tag:
 ឥណ្ឌូណេស៊ី​
  មន្ត្រីជាន់ខ្ពស់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com