ជាតិ
សេដ្ឋកិច្ច
សមាគមរោងចក្រ ទទូចឲ្យអ្នកបញ្ជាទិញ «កុំបោះបង់កម្ពុជា» សកម្មភាព រថយន្តដឹកកម្មករ-កម្មការិនី ទៅផ្ទះ ក្រោយចេញពីរោងចក្រ
× ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អំពាវនាវឲ្យអ្នកបញ្ជាទិញកុំបោះបង់កម្ពុជា និងជំរុញឲ្យអ្នកបញ្ជាទិញ ធ្វើតាមកិច្ចសន្យាដែលបានចុះ ដោយទទួលទិញទំនិញដែលផលិតរួច និងកំពុងផលិត ហើយទូទាត់ប្រាក់តាមក្ខខណ្ឌធម្មតា។
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ GMAC បានចេញសេចក្ដីអំពាវនាវ ឲ្យអ្នកបញ្ជាទិញកុំបោះបង់កម្ពុជា ខណ្ឌៈជំងឺកូវីដ-១៩ កំពុងរីករាលដាល ដែលបង្កឲ្យមានភាពចលាចលដល់ជីវិតរស់នៅនិងអាជីវកម្ម។ GMAC អំពាវនាវ ឲ្យមានការចូលរូមពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជម្នះស្ថានភាពលំបាកក្នុងអំឡុងពេលរីករាលដាល់ជំងឺកូវីដ-១៩។
GMAC ទទូចដូច្នេះថា៖«សូមកុំបោះបង់កម្ពុជា! សមាគមសូមជំរុញអ្នកបញ្ជាទិញបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចសន្យាដែលចុះរួចហើយ ដោយទទួលយកការដឹកទំនិញដែលផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត និងទូទាត់ប្រាក់តាមលក្ខខណ្ឌធម្មតា។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យរោងចក្រមានលទ្ធភាពប្រើប្រាក់ឈ្នួលជូនកម្មករនិងបន្តការងារសម្រាប់ពួកគេ»។
ទន្ទឹមនឹងនេះ GMAC អំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ រួមដៃគ្នា ដើម្បីទាំងអស់គ្នា ចំពោះរោងចក្រទាំងអស់។ លើលពីនេះ GMAC អំពាវនាវឲ្យផ្ដោតសំខាន់់លើសុវត្ថិភាព រក្សាអនាម័យជាចម្បង ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩។ ចំណែកកម្មករនិងសហជីពទាំងអស់ GMAC បានអំពាវនាវឲ្យអនុវត្តតាមលក្ខណៈវិទ្យាសាស្ត្រ រក្សាអនាម័យ កាត់បន្ថយនិងនៅឲ្យឆ្ងាយពីការជួបជុំផ្សេងៗ។
លោក កាំង ម៉ូនីកា អគ្គនាយករង GMAC បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ កាលពីថ្ងៃទី២៣ ខែមីនាថា សហភាពអឺរ៉ុប អាមេរិច និង កាណាដា បានពន្យាពេលនិងលុបចោលការបញ្ជាទិញ ក្នុងអំឡុង២ខែខាងមុខ ដោយការផ្ទុះរាលដាលកូវីដ-១៩។ បញ្ហាធំរបស់វិស័យកាត់ដេរ បច្ចុប្បន្នមិនមែនខ្វះវត្ថុធាតុដើមឡើយ គឺអ្នកបញ្ជាទិញ ហើយចំពោះទំហំនៃផលប៉ះពាល់លោកមិនទាន់ដឹងនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com