លោក ត្រាំ ស្នើ​កូរ៉េខាងត្បូង​ផ្ដល់ជំនួយ​គ្រឿង​បរិក្ខារ​ពេទ្យ​ដើម្បី​ទប់ទល់ COVID-19
COVID-19
អន្តរជាតិ
លោក ត្រាំ ស្នើ​កូរ៉េខាងត្បូង​ផ្ដល់ជំនួយ​គ្រឿង​បរិក្ខារ​ពេទ្យ​ដើម្បី​ទប់ទល់ COVID-19
25, Mar 2020 , 5:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នាជំនួបកន្លងមក។ រូបភាព Xinhua
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចាប់ដៃប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នាជំនួបកន្លងមក។ រូបភាព Xinhua
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែមីនា បានស្នើ​សុំ​ត្រង់ៗ​ឲ្យ​កូរ៉េខាងត្បូង​ផ្ដល់ជំនួយ​គ្រឿង​បរិក្ខារ​ពេទ្យ​សម្រាប់​អាមេរិក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ថ្មី (COVID-19) ។ សំណើ​នេះ​ធ្វើឡើង​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ។ លោក ត្រាំ ក៏​ឆ្លៀត​ពោល​សរសើរ​កូរ៉េខាងត្បូង​ដែល​កំពុងមាន​និន្នាការ​ឆ្លង COVID-19 ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដោយ​ផ្ដោតលើ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ទ្វេភាគី​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ដែល​កំពុង​អុកឡុក​ប្រទេស​ទាំងពីរ ក៏ដូចជា​ពិភពលោក​។ បើតាម​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង កិច្ចសន្ទនា​តាម​ទូរ​សព្ទ​រយៈពេល​២៣​នាទី​នេះ ធ្វើឡើង​ក្រោយ​មាន​សំណើ​បន្ទាន់​ពី​លោក ត្រាំ ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​វិមាន Cheong Wa Dae របស់លោក មូ​ន បានប្រកាសថា ក្នុងការ​ជជែក​គ្នា​នេះ លោក ត្រាំ បានបង្ហាញ​ក្ដីសង្ឃឹម​ដែល​កូរ៉េខាងត្បូង​អាច​ផ្ដល់​ការគាំទ្រ​ដល់​ជា​សម្ភារ​ពេទ្យ​ឲ្យ​អាមេរិក​ដើម្បី​ដោះស្រាយ​វិបត្តិ COVID-19 ។ អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Kang Min-seok បញ្ជាក់ថា ជាការ​ឆ្លើយតប លោក មូ​ន ប្រា​ប់លោក ត្រាំ ថា កូរ៉េខាងត្បូង នឹង​គាំទ្រ​អាមេរិក​តាម​លទ្ធភាពរ​បស់​ខ្លួន ហើយ​ជំនួយ​នេះ អាច​ត្រូវការ​ការយល់ព្រម​ពី​ស្ថាប័ន​មាន​សមត្ថភាព​របស់​អា​មេ​រិ​ក​ជាមុន​ដែរ​។​
 
​ទាក់ទង​នឹង​ការសុំ​ភ្លើង​បៃតង​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) ដែល​គ្រប់គ្រង​ថ្នាំពេទ្យ លោក ត្រាំ អះអាងថា នឹង​ចាត់វិធានការ​ភា្ល​មៗ​តែម្ដង​។ អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បន្តថា លោក ត្រាំ បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ការធ្លាក់ចុះ​ការឆ្លង COVID-19 គូរ​ឲ្យ​កត់សម្គាល់​នៅ​កូរ៉េខាងត្បូង និង​និយាយថា កូរ៉េខាងត្បូង​កំពុង​ធ្វើ​បានល្អ​។​
 
​តាមពិតទៅ កូរ៉េខាងត្បូង ទទួលបាន​ការកោតសរសើ​រ​ច្រើន​ពី​សហគមន៍​អន្តរជាតិ​ចំពោះ​វិធានការ​មាន​ប្រសិទ្ធភាព​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​ការឆ្លង​បន្ថែម​។ វិធានការ​លឿន មាន​ប្រសិទ្ធភាព គួបផ្សំ​នឹង​ការទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ជឿនលឿន​របស់ខ្លួន និង​ការចូលរួម​យ៉ាងសកម្ម​របស់​ប្រជាជន ជា​កត្តា​ដែល​កូរ៉េខាងត្បូង​ដែល​ធ្លាប់ជា​ប្រទេស​រងគ្រោះ​ខ្លាំង ប្រែ​ទៅ​ប្រទេស​រង​ផលប៉ះពាល់​មធ្យម ជាមួយនឹង​ករណី​ស្លាប់​តិចតួច បើ​ប្រៀបធៀប​នឹង​ប្រទេស​ឯទៀត​។​
 
​បើតាម​វេ​ប​សាយ Worldometers ដែល​ផ្សាយ​ពី​ទិន្នន័យ​ឆ្លង COVID-19 អាមេរិក​មាន​ករណី​ឆ្លង​សរុប​ជិត​៥៥០០០ និង​មាន​អ្នកស្លាប់​៧៧៥​នាក់ គិត​ត្រឹម​ថ្ងៃទី​២៤ ខែមីនា​។ នេះ​ជា​តួលេខ​ឆ្លង​ដ៏​ខ្ពស់​មួយ បន្ទាប់ពី​ចិន និង​អ៊ីតាលី​។ ចំណែក​កូរ៉េខាងត្បូង​វិញ មាន​ករណី​ឆ្លង​ទាំងអស់​ជាង​៩​ពាន់​ករណី និង​ករណី​ស្លាប់​ចំនួន​១២០​នាក់​ប៉ុណ្ណោះ​។​
 
​ក្រៅពី​អាមេរិក មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងត្បូង​អះអាងថា ប្រទេស​ចំនួន​៤៧ បាន​ស្នើសុំ​នាំចូល​សម្ភារ​ធ្វើតេស្ត ខណៈ​ប្រទេស​៣៩​ទៀត សុំ​ជា​ជំនួយ​តែម្ដង​៕  

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ដូ​ណា​ល់ ត្រាំ​
  មូ​ន ចេ​អ៊ី​ន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com