English-Français
កីឡាជាតិ
ជាតិ
កីឡា​កាយសម្ព័ន្ធ​ដាក់​ផែនការ Training at home ស្របពេល​នៃការរីក​រាលដាល​នៃ​ ​COVID-19
26, Mar 2020 , 8:59 am        
រូបភាព
ដោយ:
​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បានដាក់​ផែនការ​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។ ការដាក់ចេញ​ផែនការ​នេះ ធ្វើឡើង​ក្រោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា រំសាយ​ការប្រមូលផ្តុំ​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល ដោយសារ​បារម្ភ​ការរីក​រាលដាល​នៃ​COVID-19 ។

 
«Training at Home»​ជា​ផែន​ការដែល​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ដាក់​ឲ្យ​កីឡាករ​កីឡាការិនី​ជម្រើស​ថ្នាល ហ្វឹកហាត់​នៅតាម​មូលដ្ឋាន​។ នេះ​ជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​១៩ ដែល​កម្ពុជា​កំពុង​ប្រឈម​នេះ​។ 
 
​បើតាម​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា កម្មវិធី Training at Home បាន​ចាប់​អនុវត្ត​ក្រោយ​ក្រុម​ជម្រើសជាតិ​ថ្នាល ផ្អាក​ការហ្វឹកហាត់​ជុំគ្នា ដោយសារ​បារម្ភ​ការរីក​រាលដាល​កូ​វីដ​-១៩​មកម្ល៉េះ​។ សម្រាប់​ការហ្វឹកហាត់​ធ្វើឡើង​រៀងរាល់ថ្ងៃ ដោយ​មួយថ្ងៃ​ហាត់​មួយ​ម៉ោង​កន្លះ ទៅ​ពីរ​ម៉ោង​។      
 
«​ខ្ញុំ​បាន​ឯកភាព​ជាមួយ​គណៈកម្មកា​រប​ច្ចេកទេស ដាក់​ផែនការ​ហ្វឹកហាត់​តាម​ផ្ទះ​របស់គាត់​(Training at Home) យើង​ឲ្យ​គាត់​ហ្វឹកហាត់​ទៅតាម​ទីធ្លា​ដែល​គាត់​មាន​។ ឧទាហរណ៍​កន្លែង​ខ្លះ​មាន​ទីធ្លារ​ធំ​ល្មម​អាច​ហាត់​ម្នាក់ឯង កន្លែង​ខ្លះ​អាច​ហាត់​បាន​ពីរ​នាក់ ដោយសារ​គាត់​ជា​មនុស្ស​ក្នុង​ចង្កោម​តែមួយ​(​រស់នៅក្នុង​ភូមិ​តែមួយ​) ដែល​មិនមាន​អ្នកថ្មី​ចូលរួម​»​។ នេះ​ជាការ​លើកឡើង​របស់លោក ណ​យ ផា​ណា​។​
 
​ទោះបី​មិនអាច​ទទួលបាន​លទ្ធផល​១០០​ភាគរយ​ដូច​ការហ្វឹកហាត់​ជុំគ្នា​នៅ​សហព័ន្ធ ដែលមាន​ឧបករណ៍​គ្រាន់​ក៏ដោយ តែ​ការធ្វើ​បែបនេះ អាចជួយ​ពង្រឹង​និង​រក្សា​កម្លាំងកាយ​របស់​កីឡាករ​បាន​ពី​៤០​ទៅ​៥០​ភាគរយ​ដែរ​។ នេះ​ជាការ​យល់ឃើញ​របស់លោក ណ​យ ផា​ណា ដែល​សង្កត់ធ្ងន់ថា បើ​កីឡាករ​កីឡាការិនី​មិន​ហ្វឹកហាត់​សោះ​ក្នុង​រយៈពេល​ពី​៣​ទៅ​៤​សប្តាហ៍ នោះ​សមត្ថភាព​របស់​ពួកគេ​អាច​នឹង​ធ្លាក់ចុះ​ស្ទើរ​ស្មើ​សូន្យ​។​
 
​សម្រាប់​លោក ផា​ណា ទោះ​ហ្វឹកហាត់​នៅទីណា​ក៏ដោយ ឲ្យ​តែ​កីឡាករ​យកចិត្តទុកដាក់ ខិតខំ​ព្យាយាម និង​មាន​ឆន្ទៈ​ក្នុងការ​ហ្វឹកហាត់ នោះ​សមត្ថភាព​កីឡាករ​នៅតែ​អាចមាន​លទ្ធភាព​ខ្ពស់​និង​រីកចម្រើន​។ ប៉ុន្តែ​បើ​ពួកគេ​គ្មាន​ឆន្ទៈ​និង​ទំនួល​ខុសត្រូវ​ទេនោះ ទោះ​ហ្វឹកហាត់​នៅ​កន្លែង​ណាក៏ដោយ ក៏​ពុំមាន​កា​រីកចម្រើន​ដែរ​។​
 
«​វា​មាន​ផលប៉ះពាល់​ខ្លះ វា​មិន​អត់​ទេ បើ​និយាយ​ពី​ជំនាញ​បច្ចេកទេស ដោយសារ​សម្ភារ​កីឡា​កាយសម្ព័ន្ធ​ភាគច្រើន​លោត​នៅក្នុង​លំហ មាន​ឧបករណ៍​ខ្លះ​កីឡាករ​ត្រូវ​លោត​ពីរ​ទៅ​បី​ជុំ អ៊ីចឹង​វា​ប៉ះពាល់​ត្រង់ចំណុច​នឹង​។ ដោយ​មើលឃើញ​ពី​ចំណុច​ប៉ះពាល់​បែបនេះហើយ ទើប​យើង​ដាក់ចេញ​នូវ​ផែនការ​ឲ្យ​គាត់​ហ្វឹកហាត់​ផ្នែក​កម្លាំងកាយ​នៅតាម​ផ្ទះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ណ​យ ផា​ណា ដែល​បាន​អះអាង​បន្ថែមថា ក្រៅពី​ដាក់​ផែនការ​ហ្វឹកហាត់ សហព័ន្ធ ក៏បាន​ណែនាំ​ពី​វិធីសាស្ត្រ​ក្នុងការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​នៃ​មេរោគ​កូ​វីដ​-១៩​ដល់​កីឡាករ​ផងដែរ​។​
 
​គួររំលឹកថា កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន​និង​កីឡា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​សម្រេច​ផ្អាក​ការប្រមូលផ្តុំ​ហ្វឹកហាត់ បរិភោគ​អាហារ និង​ស្នាក់នៅ​រួមគ្នា​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ​ថ្នាល​ទាំង​៣២​ប្រភេទ​កីឡា​ជា​បណ្តោះអាសន្ន រហូត​មានការ​ជូនដំណឹង​ជាថ្មី​។ ការផ្អាក​នេះ ធ្វើឡើង​ក្រោយ​ក្រសួង​អប់រំ បារម្ភ​ពី​ការរីក​រាលដាល​នៃ COVID-19 ខណៈ​តួលេខ​អ្នក​ឆ្លង​នៅ​កម្ពុជា​នៅតែ​បន្ត​កើនឡើង​។   
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ចំនួន​៩៣​នាក់ និង​ព្យាបាល​ជាសះស្បើយ​៦​នាក់​។ ការឆ្លង​ភាគច្រើន​ជា​ករណី​នាំចូល​៕  

Tag:
 កាយសម្ព័ន្ធ​
  ណ​យ ផា​ណា
© រក្សាសិទ្ធិដោយ thmeythmey.com