ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! ពង្រឹង​សុខភាព​បេះដូង ដោយ​ព្យាយាម​ញុាំអាហារ​ទាំងនេះ​
26, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ​ដែល​ត្រូវការ​ការមើល​ថែ​និង​យកចិត្តទុកដាក់​ជាពិសេស ដើម្បី​រក្សាបាន​នូវ​សុខ​ភាពល្អ​ធ្វើឱ្យ​អ្នកមាន​អាយុ​វែង ឬ​រស់​បានយូរ​។ ហើយ​ក្រៅពី​កត្តា​ហ្សែ​ន របៀបរបប​ក្នុងការ​រស់នៅ និង​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​នោះ​របប​អាហារ​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ​ដើម្បី​រក្សាបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ​ទប់ស្កាត់​ជំងឺ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​ល្អ​ចំពោះ​បេះដូង ៖
 
១. គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​ប្រូតេអ៊ីន​ដែល​ប្រសើរ​ចំពោះ​សុខភាព​បេះដូង​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​ទោះជា​យ៉ាងណា​កុំ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​។​
 
២. ត្រី​សម្បូរ​ខ្លាញ់​

​ក្រៅពី​ផ្ដល់អោយ​រាងកាយ​នូវ​បរិមាណ​ប្រូតេអ៊ីន​ចាំបាច់​ហើយ​នោះ ការទទួល​ទាន​ត្រី​សម្បូរ​ខ្លាញ់​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផងដែរ​។ លើសពីនេះទៅទៀត ត្រី​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង ខួរក្បាល អារម្មណ៍ និង​សន្លាក់​គួរឱ្យកត់សម្គាល់​។ 
 
៣. សូកូឡា​ខ្មៅ​
 
​សូកូឡា​ខ្មៅ ក៏​ជា​ប្រភេទ​នៃ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​ផងដែរ​។ សូកូឡា​ខ្មៅ​មាន​ផ្ទុក​នូវ​សមាសធាតុ​ម្យ៉ាង​ហៅថា flavonol ដែល​ជួយ​បង្កើន​សុខភាព​បេះដូង និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផ្សេងៗ​។ ប៉ុន្តែ​ត្រូវ​ប្រា​កថា​អ្នក​បានជ្រើសរើស​ទទួល​ទាន​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ ៧០ ភាគរយ និង​មិន​ទទួលទាន​ច្រើន​លើស​ពេក​ត្រឹម ១ ឬ​២ ចំណិត​ជាប្រចាំ​បាន​ហើយ​។​
 
៤. ផ្លែ​ប៉ោម​

​ជា​ប្រភព​នៃ​សារធាតុ quercetin និង​ជាតិ​សរសៃ ព្រមជាមួយ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​ប្រសើរ​បំផុត​សម្រាប់​រក្សា​លើកកម្ពស់​សុខភាព​បេះដូង​ជៀសផុត​ពី​ជំងឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ផ្សេងៗ​។​
 
៥. សាច់មាន់​
 
​ក្រៅពី​ប្រូតេអ៊ីន​ហើយ​នោះ សាច់មាន​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ចាំបាច់​សម្រាប់​សុខភាព​បេះដូង​ផងដែរ​។ ទោះជា​យ៉ាងណា ចូរ​ជ្រើសរើស​សាច់​ទ្រូង​មក​ទទួលទាន​ក៏​ព្រោះ​ផ្នែក​នេះ​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ប៉ុន្តែ​ជាតិ​ខ្លាញ់​មិនល្អ​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ទាប​។​
 
៦. ផ្លែ​ទទឹម​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមបញ្ចូល​ទាំង​សារធាតុ anthocyanins និង polyphenols ដែល​ជួយ​ការពារ​សរសៃឈាម​ពី​ការបំផ្លាញ ឬ​ខូចខាត និង​រក្សា​សុខភាព​សរ​សៃ​ឈាម​បេះដូង​ល្អប្រសើរ​។ ទទឹម ក៏​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្ដុំ​នៅក្នុង​សរសៃឈាម​អាកទែ​ផងដែរ​។ លើសពីនេះទៅទៀត ផ្លែ​ទ​ទឺ​ម ជំរុញ​ការផលិត​អុកស៊ីត​នី​ទ្រិ​ក​នៅក្នុង​រាងកាយ ដើម្បី​រក្សា​សរសៃឈាម​ពី​ការស្ទះ​ធ្វើ​ឲ្យ​ឈាម​ហូរ​បាន​ស្រួល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ទទឹម ឬ ទឹក​ផ្លែ​ទទឹម​ស្រស់​ជាប្រចាំ ដើម្បី​ទប់ស្កាត់​បញ្ហា​ស្ទះ​សរសៃឈាម​។​

៧. ផ្លែ​បឺ​រ 
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ (monounsaturated fats) និង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​។ លើសពីនេះទៅទៀត​ផ្លែ​បឺ​រ ក៏​ជា​ប្រភព​នៃ​វីតាមីន C សារធាតុ carotenoids និង​ជាតិ​សរសៃ​ផងដែរ​។ carotenoids ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង​។ ខណៈដែល​ជាតិ​សរសៃ​ជួយ​ដល់​រាងកាយ​ក្នុងការ​ស្រូបយក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ចាំបាច់​។​
 
៨. ស្ពៃក្ដោប​ពណ៌​ស្វាយ​
 
​វា​ជាការ​សំខាន់​ដែល​អ្នក​ត្រូវ​រក្សា​ឱ្យបាន​នូវ​សុខភាព​បេះដូង​ល្អ​គ្រប់ពេល ដើម្បី​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង​ផ្សេងៗ​។ ហើយ​វិធី​ដ៏​ល្អ​ដើម្បី​រក្សាបាន​នូវ​សុខភាព​បេះដូង​នោះ គឺ​ការ​បន្ថែមបន្លែ​ផ្លែឈើ​ពណ៌​ស្វាយ​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​សារធាតុ anthocyanins ដែលមាន​វត្តមាន​ក្នុង​ស្ពៃក្ដោប​ពណ៌​ស្វាយ​អាចជួយ​ធានាបាន​ថា​បេះដូង​របស់​អ្នក​ស្ថិតក្នុង​ស្ថានភាព​ដ៏​ល្អប្រសើរ​បំផុត​មួយ​គ្រប់ពេល​។​
 
៩. ផ្លែ​គី​វី​
 
​ក្រៅពី​ជាតិ​ប៉ូ​តា​ស្យូ​ម ផ្លែ​គី​វី​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​រក្សា​ពង្រឹង​សុខភាព​បេះដូង​តាមរយៈ​ការកាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង​សម្ពាធ​ឈាម​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ជៀស​ផុតពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​បេះដូង ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​គី​វី​ឱ្យបាន​ទៀងទាត់​។​
 
១០. សណ្ដែក​

​ដើម្បី​រក្សាបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ អ្នក​ក៏​គួរ​រួមបញ្ចូល​សណ្ដែក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផងដែរ​។ នោះ​ក៏​ព្រោះតែ​សណ្ដែក​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន រួមទាំង​ជាតិ​សរសៃ​ដែល​ចាំបាច់​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង​។ ជាតិ​សរសៃ​ជួយ​រក្សា​សុខភាព​បេះដូង​ដោយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​បញ្ចុះ​សម្ពាធ​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com