ហ្វីលីពីន ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) ឆ្នាំ ២០១៩ ត្រៀមនឹងផ្តល់ជាយោបល់ដល់វៀតណាមឲ្យពន្យារពេលកិច្ចប្រជុំប្រចាំឆ្នាំក្នុងតំបន់ តែគ្រាំប្រទេសនេះរៀបចំកីឡាតំបន់អាស៊ាននៅចុងឆ្នាំ២០២១។ ការលើកឡើងបែបនេះ បន្ទាប់ពីជប៉ុនពន្យារពេលដំណើរការកីអូឡាំពិកក្រុងតូក្យូទៅឆ្នាំក្រោយ ដោយសារ COVID-19។
«យើងនឹងផ្តល់អនុសាសឲ្យវៀតណាមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣១ ក្នុងអំឡុងពេលចុងឆ្នាំ ពោលគឺធ្វើនៅចុងឆ្នាំដូចយើងដែរ»។ ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន(POC) លោក Abraham Tolentino បាននិយាយដូច្នេះនៅក្នុងសេចក្តីប្រកាសមួយ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅល្ងាចថ្ងៃទី២៤ ខែមីនា បានបញ្ជាក់ថាកម្មវិធីកីឡាលំដាប់ពិភពលោកក្នុងតូក្យូ ប្រទេសជប៉ុន ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកក្កដាខាងមុខ នឹងត្រូវលើកពេលទៅធ្វើនៅរដូវក្តៅឆ្នាំ ២០២១ វិញ ក្រោយជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី រាលដាល់ខ្លាំងឡើង។
យ៉ាងណាក៏ដោយ អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកជប៉ុន អះអាងថាខ្លួននឹងរៀបចំកីឡានេះមិនឲ្យហួសពីឆ្នាំ ២០២០ឡើយ ប៉ុន្តែក៏មិនឲ្យយឺតជាងរដូវក្តៅឆ្នាំ ២០២១ ដែរ។
ក្រុមប្រឹក្សាស៊ីហ្គេម គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២០ ដល់២១ ខែឧសភា ដើម្បីឲ្យប្រទេសម្ចាស់ផ្ទះ ធ្វើបទបង្ហាញជាផ្លូវការអំពីកម្មវិធីរបស់ខ្លួន។ ប៉ុន្តែនៅតែមិនច្បាស់ថានឹងដំណើរការតាមការគ្រោងទុកឬអត់នោះទេ។
របាយការណ៍មួយ ដែលបានបង្ហាញតាមប្រព័ន្ធអ៊ីនធឺណិត វៀតណាមគ្រោងនឹងធ្វើម្ចាស់ផ្ទះ SEA Games ឆ្នាំ ២០២១ ចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ប៉ុន្តែមិនទាន់ទទួលបានការយល់ព្រមពីសហព័ន្ធកីឡាស៊ីហ្គេម (SGF) នៅឡើយទេ។
ការពន្យារពេលព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ត្រូវបានគេចាត់ទុកថាជាសុបិនអាក្រក់ ដែលនាំឲ្យប៉ះពាល់ដល់កាលវិភាគ ការប្រកួតកីឡាលំដាប់ពិភពលោកដទៃទៀតយ៉ាងខ្លាំង។
បើទោះយ៉ាងនេះក្តី POC នៅតែគាំទ្រលើការពន្យារពេលនេះ ព្រោះថានឹងផ្តល់ឱកាសច្រើនសម្រាប់អត្តពលិកហ្វីលីពីន ត្រៀមលក្ខណៈគ្រប់គ្រាន់ សម្រាប់ការប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកមួយនេះ។
បច្ចុប្បន្ន ហ្វីលីពីនមានតែអត្តពលិក៤រូបប៉ុណ្ណោះ ដែលឈានទៅអូឡាំពិកក្រុងតូក្យូដោយស្វ័យប្រវត្តិ ហើយ ៦៤រូបផ្សេងទៀត ត្រូវប្រកួតជម្រុះដើម្បីបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ។
គិតត្រឹមថ្ងៃទី២៥ ខែមីនានេះ ហ្វីលីពីនមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន៣៥នាក់ ឆ្លង ៥៥២ករណី និងសះស្បើយចំនួន២០ករណី ខណៈវៀតណាមមិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះឡើយ តែអ្នកឆ្លងមានចំនួនជាង១៤០ករណី៕