ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លង និងជួយគាំទ្រដល់អតិថិជនទាំងឡាយ ខណៈពេលដែល Covid-19 កំពុងរីករាលដាល។ ឥឡូវនេះអតិថិជនរបស់ វីង អាចផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមកម្មវិធីស្មាតហ្វូនវីង ដែលជួយឲ្យពួកគេ ផ្ញើប្រាក់បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ចាកចេញពីផ្ទះ ទៅកាន់មនុស្សជាទីស្រលាញ់ ដែលកំពុងមានតម្រូវការផ្សេងៗ ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ «សុខភាពនិងសុវត្ថិភាពរបស់សហគមន៍ គឺជាអាទិភាពមួយរបស់យើង។ ស្ថិតក្នុងស្ថានភាពដែល COVID-19 កំពុងតែរីរាលដាលនេះ តម្រូវឲ្យមានការឆ្លើយតបជាចាំបាច់ផងដែរ ដើម្បីជួយសម្រួល និងគាំទ្រដល់ភ្នាក់ងារវីង ក៏ដូចជាអតិថិជនរបស់យើងនៅទូទាំងប្រទេស។ យើងបានចាត់វិធានការ និងគោលនយោបាយផ្សេងៗ ដើម្បីធានាថា សហគមរបស់យើង មានសុវត្តិភាព។ ការផ្ទេប្រាក់ពី វីង ទៅ វីង ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង គឺជាវិធានការមួយ ក្នុងចំណោមវិធានការជាច្រើនដែលយើងកំពុងអនុវត្ត»។
លោក ម៉ានូ រ៉ាចាន់បានបន្តថា៖ «យើងសង្ឃឹមថា ការផ្តល់ជូននូវសេវាដោយឥតគិតថ្លៃនេះ នឹងជួយដល់អតិថិជនរបស់វីងរាប់លាននាក់ ឲ្យអាចផ្ញើប្រាក់ទៅមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលកំពុងជួបបញ្ហាវិបត្តិបាន»។
ធនាគារជាតិនៃកម្ពុជា ថ្មីៗនេះ បានលើកទឹកចិត្តដល់ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសាធារណជនទាំងឡាយ ឲ្យរួមគ្នាប្រើប្រាស់សេវាអេឡិចត្រូនិក សម្រាប់ធ្វើប្រតិបត្តិការផ្សេងៗ និងទូទាត់ការចំណាយ។
បើយោងតាមអង្គការសុខភាពពិភពលោក មានវិធីមួយចំនួន ដែលជួយការពារខ្លួនពីការឆ្លងCOVID-19 ដូចជា៖ ការលាងដៃជាមួយសាប៊ូ ការខ្ទប់មាត់ និងច្រមុះពេលដែលក្អក ឬកណ្តាស់ ជៀសវាងការប៉ះភ្នែក ច្រមុះនិងមាត់ ព្រមទាំងរក្សាចម្ងាយពីគ្នា យ៉ាងហោចណាស់មួយម៉ែត្រជាដើម។
លោក ម៉ានូ បានក្រើនរំលឹកទៅអ្នកទាំងអស់គ្នា ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពដោយលើឡើងថា៖ «សូមអ្នកទាំងអស់គ្នា ទៅមណ្ឌលសុខភាពដែលនៅជិតខ្លួនបំផុតជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាឆ្លង COVID-19។ ការធ្វើបែបនេះ នឹងអាចជួយការពារអ្នក និងក្រុមគ្រួសាររបស់អ្នកពីការឆ្លង COVID-19បាន»។
កម្មវិធីស្មាតហ្វូនវីង អាចជួយអ្នកប្រើប្រាស់ មិនឲ្យប៉ះសាច់ក្រដាស់ប្រាក់ដោយផ្ទាល់បាន។ ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក វាមិនទាមទារឲ្យមនុស្សម្នានៅក្បែរគ្នាឬ កាន់សាច់ប្រាក់ដោយផ្ទាល់ ដែលអាចប្រឈមនឹងការចម្លងវីរុសនោះឡើយ។ ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់សុខភាព កម្មវិធីស្មាតហ្វូនវីង អាចផ្តល់ជូននូវភាពងាយស្រួលដល់អថិជនដែលអាចទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយត្រឹមតែប្រើចុងម្រាមដៃចុចទូរស័ព្ទប៉ុណ្ណោះ។
គ្រាន់តែប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង លើទូរស័ព្ទដៃវៃឆ្លាត ប្រជាជននៅទូទាំងប្រទេស អាចទូទាត់ប្រាក់បានជាច្រើនយ៉ាង មិនថាជាការបង់ថ្លៃទឹកភ្លើង ការបញ្ចូលលុយទូរស័ព្ទ ការទូទាត់ការចំណាយផ្សេងៗ រាប់ចាប់តាំងពីសេវាដឹកជញ្ជូន រហូតដល់ហាងលក់ទំនិញ។
ដោយមានអ្នកប្រើប្រាស់ជាង ៥លាននាក់ វីងបានវិវត្តខ្លួនក្លាយជាស្លាកយីហោមួយ ដែលត្រូវបានគេទទួលស្គាល់ និងទុកចិត្តបំផុត ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិចត្រូនិក ដោយបានចាប់ដៃគូជាមួយពាណិជ្ជករជាង ៤ ម៉ឺនក្រុមហ៊ុន និងបានសហការជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ដើម្បីផ្តល់ជូនភាពងាយស្រួល ក្នុងការទិញទំនិញតាមអ៊ីនធឺណិត។
លោក ម៉ានូ បានមានប្រសាសន៍ថា៖ «វីងពិតជាមានមោទកភាព ក្នុងការគាំទ្រតម្រូវការហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ មិនថាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ យើងនឹងកាន់តែរឹងមាំ នៅពេលដែលយើងរួមសហការគ្នាបានល្អ»។
សម្រាប់អតិថិជនដែលត្រូវការសាច់ប្រាក់ នៅតែអាចដកប្រាក់បានយ៉ាងងាយស្រួល តាមរយៈបណ្តាញភ្នាក់ងារវីង ជាង៧៥០០កន្លែងទូទាំងប្រទេស បើទោះបីជានៅភូមិដាច់ស្រយាលយ៉ាងណាក្តី៕
(អត្ថបទពាណិជ្ជកម្ម)