ពីនេះ ពីនោះ
រូបត្លុក
រដូវរៀបការក្នុងសម័យកូវីដ-១៩, តើគួរផ្អាក ឬមិនគួរ?
× ក្នុងរយៈពេលចុងក្រោយនេះ សុធីរ និងសំណាង ដូចជាមិនសូវបានដេកគ្រប់គ្រាន់ប៉ុន្មានឡើយ ព្រោះពួកគេរវល់តាមដានការវិវត្តនៃមេរោគកូវីដ១៩។ ឥទ្ធិពលនៃមេរោគនេះ បានជះមកលើជីវិត និងជីវភាពពលរដ្ឋនៅលើពិភពលោក និងនៅកម្ពុជា។ នៅថ្ងៃនេះ សុធីរ និងសំណាង ជជែកគ្នាជុំវិញប្រធានបទថា តើគួរផ្អាកពិធីអាពាហ៍ពិពាហ៍ ឬមិនគួរក្នុងបរិបទមេរោគកូរ៉ូណានេះ?
សំណាង៖ រឿងរៀបការជារឿងចាំបាច់ណាស់ក្នុងជីវិតគូស្រករថ្មីថោងដែលមិនធ្លាប់ស្គាល់ថា តើអ្វីទៅជាជីវិតគ្រួសារនោះ។ ពីធីនេះ ត្រូវបានគេគិតថា មួយជីវិតមានតែម្តង ដូច្នេះ មិនអាចផ្អាក់បានទេ អា សុធីរ! រឿងអីផ្សេងអាចផ្អាកបាន តែអានេះ វារឿងជីវិតណា៎?
សុធីរ៖ អា សំណាង! អ្ហែងគិតអ៊ីចឹងក៏បាន។ តែរឿងមេរោគកូវីដ១៩ ក៏ជារឿងជីវិតដែរ វាសម្លាប់មនុស្សណា៎។ ម្ចាស់ដើមការគិតថា វាជារឿងជីវិត។ តែអ្នកចូលរួមវិញ ក៏គេគិតពីជីវិតគេដែរ។ គេខ្លាច ព្រោះមនុស្សជុំគ្នាច្រើនអាចជាប្រភពចម្លងមេរោគកូវីដហ្នឹងណា៎។ អញប្រាប់ឯងឲ្យហ្នឹង អ្នកចូលរួមគេខ្សឹបខ្សៀវគ្នាថា គេមិនចង់ចូលរួមទេ តែវាពិបាកនិយាយ ព្រោះ មនុស្សរាប់អានគ្នា។ បើអ្នករៀបចំយល់ចិត្តអ្នកចូលរួមវិញ អ្នកចូលរួមមិនដឹងជាសប្បាយចិត្តប៉ុណ្ណាទេ ថ្លើមរីកប៉ុណ្ណាទេ។
សំណាង៖ ចុះបើគេកក់ទីតាំង ម្ហូបអាហារ សម្អាងការ។ល។ រួចរាល់អស់ហើយហ្នឹង? ធ្វើម៉េចទៅ?
សុធីរ៖ អើវាពិបាកគិតមែន។ តែអ្នកចូលរួមគេមិនចង់ទេវើយ។ ពិធីការមួយចំនួនអត់មានអ្នកចូលរួមទេ។ អ៊ីចឹងម្ចាស់ដើមការគួរប្រយ័ត្ន។ បើតាមយោបល់អញ ម្ចាស់ដើមការដែលត្រូវរៀបចំពិធីអាពាហ៍ពិពាហ៍ក្នុងបរិបទកូវីដនេះ គួរតែលើកពេលទៅថ្ងៃក្រោយ វាល្អជាង។ ចូរកុំរៀបចំពេលប្រទេសជាតិកំពុងប្រឈមនឹងគ្រោះអាសន្នដូច្នេះ។ សុភមង្គលគ្រួសារមិនកើតចេញពីបរិយាកាសអាក្រក់មួយនេះឡើយ។
សំណាង៖ បើផ្អាកពិធី ចុះលុយកក់ដែលម្ចាស់ការកក់ឲ្យគេហើយនោះ ធ្វើម៉េចទៅ?
សុធីរ៖ ថាពិបាកដោះស្រាយក៏ថាបាន ថាមិនពិបាកក៏បាន។ អ្នកយកប្រាក់កក់គេទាំងឡាយ បើមិនទាន់ខាតបង់អ្វីទេ គួរប្រគល់លុយឲ្យគេវិញទៅ វាចប់ទៅហើយ។ ជួយគ្នាក្នុងគ្រាអាសន្ន!។ កុំកេងគ្នាពីគ្រោះឲ្យសោះ! អា សំណាង អ្ហែងហ្នឹងទេ? នៅក្នុងប្រទេសមួយចំនួន ក្នុងបរិបទកូរ៉ូណានេះ គេកំណត់ឲ្យអ្នកចូលរួមពិធីអាពាហ៍ពិពាហ៍តែក្រោម១០នាក់ប៉ុណ្ណោះ។ អញចង់ប្រាប់ឯងចំណុចមួយទៀត ដដែលៗថា អ្នកចូលរួមពិពាហ៍ពិពាហ៍គេពិបាកចិត្តណាស់ ប្រសិនបើពួកគេត្រូវអញ្ជើញឲ្យចូលរួមនៅរដូវកូវីដ១៩នេះ។ គេពិបាកចិត្តមែនអ្ហា៎ អា សំណាង!
© រក្សាសិទ្ធិដោយ thmeythmey.com