ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
កម្ពុជា គ្រោងអនុវត្ត «តុលាការចល័ត» លោក ជិន ម៉ាលីន ធ្វើជាវាគ្មិន ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់ក្រសួងយុត្តិធម៌ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០
× លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ក្រសួងយុត្តិធម៌ កំពុងប្រឹងប្រែងពង្រីកអគារបន្ថែមនៅតាមតុលាការ ជាពិសេសសាលសវនាការ (បន្ទប់ជំនុំជម្រះ) ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង ព្រោះតែខ្វះសាលសវនាការ។ ទន្ទឹមនឹងនេះ លោក លើកឡើងថា ក្រសួងយុត្តិធម៌ កំពុងពិចារណា ពីការអនុវត្តនូវតុលាការចល័ត (Mobile Court) ផងដែរ។
លោក ជិន ម៉ាលីន លើកឡើងពីគម្រោងអនុវត្តតុលាការចល័តនេះ ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់ក្រសួងយុត្តិធម៌ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ បើតាមការពន្យល់របស់លោក តុលាការចល័ត គឺសំដៅលើការផ្ទេរចៅក្រមនិងសំណុំរឿង ពីតុលាការមួយ ទៅតុលាការមួយផ្សេងទៀត ហើយក៏អាចផ្លាស់ប្តូរសាលសវនាការដែរ។ លោក ថ្លែងថា ច្បាប់កម្ពុជា អនុញ្ញាតឲ្យអនុវត្តនូវតុលាការចល័ត តែកកន្លងមកម្ពុជា មិនធ្លាប់អនុវត្តឡើយ។
សូបស្តាប់ការពន្យល់របស់លោក ជិន ម៉ាលីន៖
បើតុលាការមួយ មានសំណុំរឿងច្រើន ហើយចៅក្រមរវល់ខ្លាំង មិនអាចដោះស្រាយអស់ គឺត្រូវខ្ចីចៅក្រម ពីតុលាការផ្សេង ដែលមិនសូវមានសំណុំរឿង ឲ្យទៅជួយដោះស្រាយ។ បើតុលាការមួយ មានសំណុំរឿងច្រើន ហើយកកស្ទះ អាចផ្ទេរសំណុំរឿងនោះ ទៅឲ្យតុលាការផ្សេង ដែលមិនសូវមានសំណុំរឿង។ បើតុលាការមួយ មានសំណុំរឿងច្រើន ហើយខ្វះសាលសវនាការ គឺត្រូវខ្ចីសាលសវនាការនៅតុលាការផ្សេង ដើម្បីបើកសវនាការជំនុំជម្រះ។ បើតុលាការផ្សេង ខ្វះសាលសវនាការដែរ ដោយមិនអាចឲ្យខ្ចីបាន គឺអាចជួលបន្ទប់ក្នុងអគារដទៃ យកធ្វើជាសាលសនាការ។ ទាំងអស់នេះ គឺជាការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះថា៖«តុលាការចល័តនេះ កំពុងស្ថិតក្នុងការពិចារណារ ក្នុងការរំដោះការកកស្ទះសំណុំរឿងតាមតុលាការ....។ តុលាការចល័តហ្នឹង គឺថា ចល័តទាំងចៅក្រម ចល័តទាំងសំណុំរឿង ចល័តទាំងសាលសវនាការ អាហ្នឹង គឺជាទិសដៅសម្រាប់រយៈពេលវែងឆ្ងាយទៅមុខ»។
ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានផ្តល់យោបល់ដល់ក្រសួងយុត្តិធម៌ ឲ្យជួលបន្ទប់នៅសណ្ឋាគារ ធ្វើជាសាលសវនាការ បើតុលាការ ខ្វះសាលសវនាការកាត់ក្តី ដើម្បីពន្លឿនដោះស្រាយសំណុំរឿង ជាពិសេសំណុំរឿងរបស់ស្ត្រី។
ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងតាមតុលាការ រដ្ឋាភិបាល បានបង្កើតសាលាឧទ្ធរណ៍តំបន់៣បន្ថែមទៀត រួមមាន សាលាឧទ្ធរណ៍តំបន់បាត់ដំបង សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ និង សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ។ សាលាឧទ្ធរណ៍តំបន់ទាំង៣នេះ នឹងដាក់ឲ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ តទៅ។
បូករួមទាំងសាលាឧទ្ធរណ៍នៅភ្នំពេញ ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន កម្ពុជា មានសាលាឧទ្ធរណ៍៤ហើយ។ លោក ជិន ម៉ាលីន និយាយថា ទៅថ្ងៃមុខ រដ្ឋាភិបាល ក៏អាចបង្កើតសាលាឧទ្ធរណ៍បន្ថែមទៀតដែរ ពោលគឺអាចមានលើសពី៤។
បើតាមលោក ជិន ម៉ាលីន ដដែល សព្វថ្ងៃនេះ មិនមែនតែសំណុំរឿងទេ ដែលកកស្ទះតាមតុលាការទេ សូម្បីតែពន្ធនគារ ក៏កកស្ទះដែរ ដោយសារតែការកើនឡើងនៃអ្នកជាប់ឃុំ។
លោក ខៀ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបង្ហាញរបាយការណ៍ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់ក្រសួងមហាផ្ទៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ថា បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបប្រមាណ៣,៧ម៉ឺននាក់ ដោយក្នុងនោះ មានស្ត្រីជាង២ពាន់នាក់៕
Tag:
ជិន ម៉ាលីន
តុលាការចល័ត
© រក្សាសិទ្ធិដោយ thmeythmey.com