COVID-19
អន្តរជាតិ
អ្នកជំងឺ COVID-19 នៅ​ចិន មាន ៩១​ភាគរយ​សះស្បើយ និង​៤​ភាគរយ​ស្លាប់​
26, Mar 2020 , 12:30 pm        
រូបភាព
ក្រុមគ្រូពេទ្យ​ចិន បង្ហាញ​កាយវិការនៃក្តីសង្ឃឹមសម្រាប់អ្នកជំងឺ COVID-19។ រូបថត Xinhua
ក្រុមគ្រូពេទ្យ​ចិន បង្ហាញ​កាយវិការនៃក្តីសង្ឃឹមសម្រាប់អ្នកជំងឺ COVID-19។ រូបថត Xinhua
​គិត​ត្រឹមថ្ងៃទី២៦ ខែមីនានេះ អ្នក​ឆ្លង COVID-19 នៅចិន​មាន​ជាង​៨១ ០០០​ករណី ដោយ​មិន​គិត​ករណី​នៅ​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​។ ក្នុងនោះ​អ្នកជំងឺ​ជាង​៧៤ ០០០​នាក់ ស្មើនឹង​៩១​ភាគរយ បានជា​សះស្បើយ និង​ជាង​៣២០០​នាក់ ស្មើ​ប្រមាណ​៤​ភាគរយ​ស្លាប់ និង​មួយចំនួនទៀត​បន្ត​ស្ថិតក្រោម​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​



​ក្រុង​វូ​ហាន ក៏ដូចជា​ខេត្ត​ហ៊ូ​ប៉ី ទាំងមូល​ដែលជា​ទីតាំង​នៃ​ការ​រាល​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នេះ បាន​បន្ត​ថមថយ​ជា​បន្តបន្ទាប់ រហូតដល់​គ្មាន​ករណី​ឆ្លង​ក្នុងស្រុក​ជា​រយៈពេល​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​។ លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ក៏បាន​ប្រកាស​ពី​ការ​ឈ្នះ​សង្គ្រាម​លើ​រោគរាតត្បាត​សាកល​នេះ​ផងដែរ​។​


​អ្នកជំនាញចិន​៧នាក់ មក​ផ្តល់បទពិសោធន៍ព្យាបាលកូវីដ-១៩ដល់កម្ពុជា។ រូបថត Xinhua

អត្រា​ធ្លាក់ចុះ​នៅ​ប្រទេស​របស់ខ្លួន ចិន បាន​បញ្ជូន​អ្នកជំនាញ ក្រុមគ្រូពេទ្យ ក៏ដូចជា​បរិក្ខា ទៅ​ជួយ​ដល់​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់ ដូចជា អ៊ីរ៉ង់ កូរ៉េខាងត្បូង អ៊ីតាលី និង​អេ​ស្ប៉ា​ញ​ជាដើម​។ អ្នកជំនាញការ​ចិន​ចំនួន​៧​នាក់ ក៏បាន​មក​ចែករំលែក​បទពិសោធន៍​នៅ​កម្ពុជា​ផងដែរ​។​

​ផ្តើម​រាលដាល​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៩ ហើយ​មាន​ករណី​ស្លាប់​ដំបូង​នៅ​ថ្ងៃទី​២២ ខែមករា ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី និង​បណ្តា​ខេត្ត​ផ្សេងទៀត​នៅ​ប្រទេស​ចិន បាន​រាលដាល​ជា​បន្តបន្ទាប់ ហើយ​បន្ត​ទៅកាន់​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​។ វិធាន​ច​ត្តា​ឡី​ស័ក ការបិទ​ទីក្រុង និង​បម្រាម​ផ្សេងៗ ត្រូវបាន​ដាក់ចេញ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។​


អ្នកជំងឺបង្ហាញក្តីរំភើបរីករាយដាក់ក្រុមគ្រួពេទ្យបានព្យាបាលខ្លួនឲ្យជាសះស្បើយ។ រូបថត Xinhua

​ជាមួយនឹង​ការចាប់ផ្តើម​តេស្ត​វ៉ាក់សាំង​ទៅលើ​មនុស្ស ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ក៏បាន​រកឃើញ​ពី​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​លើ​ការព្យាបាល​អ្នកជំងឺ COVID-19 ថែម​ទៀតផង​។ ក្រៅពី​ចិន បណ្តា​ប្រទេស​មួយចំនួនទៀត ដូចជា អាមេរិក អាល្លឺម៉ង់ ក៏​ផ្តើម​តេស្ត​វ៉ាក់សាំង​របស់ខ្លួន​ផងដែរ ខណៈ​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​លើកឡើងថា គេ​ត្រូវ​រងចាំ​ដល់​ពាក់កណ្តាល​ឆ្នាំក្រោយ​ទើប​វ៉ាក់សាំង​ដែល​កំពុង​អភិវឌ្ឍ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ និង​មាន​វត្តមាន​ក្នុង​ទីផ្សារ​។​

​នៅ​ហុងកុង ក្នុងចំណោម​អ្នកជំងឺ​ជាង​៤១១​នាក់ មាន​ជាង​១០២​នាក់​បានជា​សះស្បើយ និង​៤​នាក់​ស្លាប់​។  តៃវ៉ាន់ មាន​២​នាក់​ស្លាប់ និង​សះស្បើយ​២៩​នាក់ ក្នុងចំណោម​អ្នកជំងឺ​២៣៥​នាក់ រីឯ​នៅ​ម៉ា​កាវ​អ្នកជំងឺ​១០​នាក់​ក្នុងចំណោម​៣០​នាក់​បាន​សះស្បើយ​។​



បច្ចុប្បន្ន ទោះបី​ចិន​មាន​តួលេខ​អ្នក​ឆ្លង​ច្រើនជាងគេ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​បាន​ធ្លាក់​ទៅ​លំដាប់​ទី​បី បន្ទាប់ពី​អ៊ីតាលី ដែលមាន​ជាង​៧៥០០​នាក់​ក្នុងចំណោម​អ្នកជំងឺ​ជិត​៧៥០០០​នាក់ និង​អេ​ស្ប៉ា​ញ ជាង​៣៦០០​នាក់​ក្នុងចំណោម​អ្នកជំងឺ​ជិត​៥០០០០​នាក់​។ ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នកស្លាប់​ខ្ទង់ពាន់​ករណី​មាន  អ៊ីរ៉ង់ បារាំង និង​សហរដ្ឋអាមេរិក​។​

​គិត​ត្រឹម​វេលា​ថ្ងៃត្រង់​ទី​២៦ ខែមីនា នេះ ក្នុងចំណោម​អ្នកជំងឺ​ជាង​៤៧​ម៉ឺន​នាក់ មាន​ជាង​១១​ម៉ឺន​នាក់​បានជា​សះស្បើយ និង​ជាង​២១០០០​នាក់​ស្លាប់​។ នៅ​កម្ពុជា មនុស្ស​១០​នាក់​បានជា​សះស្បើយ​ក្នុងចំណោម​អ្នកជំងឺ​៩៦​នាក់​៕



© រក្សាសិទ្ធិដោយ thmeythmey.com