COVID-19
ជាតិ
សិល្បះ
ក្រសួង​វប្បធម៌ ស្នើឱ្យ​ក្រុម​អ្នកសិល្បៈ ចែករំលែក​ព័ត៌មាន​ពិត និង​សារ​អប់រំ​ពី​វីរុស​COVID-19
26, Mar 2020 , 7:19 pm        
រូបភាព
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ (រូប​ពី​ហ្វេសប៊ុក Long Ponnasirivath)
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ (រូប​ពី​ហ្វេសប៊ុក Long Ponnasirivath)
​ភ្នំពេញ​៖ លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​លើកទឹកចិត្ត​ក្រុម​សិល្បករ​សិល្បការិនី ព្រមទាំង​តារា​សម្ដែង​និង​តារាចម្រៀង​ល្បីៗ ចូលរួម​ក្នុងការ​ចែករំលែក​ព័ត៌មាន​ពិត និង​សារ​អប់រំ​នានា ស្ដីពី​ការការពារ​ខ្លួន​ពី​ជំងឺ​COVID-19​។


 
​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លើកទឹកចិត្ត​ដល់​ក្រុម​សិល្បករ សិល្បការិនី ជាពិសេស​តារា​សម្ដែង និង​តារាចម្រៀង​ល្បីៗ ដែលមាន​អ្នកតាមដាន​ឬ​អ្នកគាំទ្រ​ច្រើន រួមទាំង​ប្រជាពលរដ្ឋ​ទូទៅ​ផង ឱ្យ​ចូលរួម​ផ្សព្វផ្សាយ​ពីសារ​អប់រំ​ពាក់ព័ន្ធ​នឹង​វីរុស​កូ​វីដ​១៩​។ 
 
​សូម​ស្ដាប់​សំឡេង​របស់លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ​៖



 
​បើតាម​លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ ការចែករំលែក​ព័ត៌មាន​ស្ដីពី​កូ​រ៉ូ​ណា​របស់​ក្រុម​អ្នកសិល្បៈ នឹង​ជួយ​ឱ្យ​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​កាន់តែច្រើន​ថែមទៀត ទាក់ទង​នឹង​របៀប​បង្ការ និង​ទប់ស្កាត់​វីរុស​កូ​វីដ​១៩ ។ លោក​បញ្ជាក់​ដូច្នេះ​៖«​កាលណា​គាត់​ជាតា​រា គាត់​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក ផេ​ក​អ៊ី​ន​ស្តា​ក្រាម មាន​មហាជន​ចូល​មើល​ច្រើន ពេល​គាត់​ផ្សព្វផ្សាយ​តាមរយៈ​ហ្នឹង គេ​ក៏​ទទួលបាន​ព័ត៌មាន​ច្រើន​ដែរ នេះ​បើតាម​ខ្ញុំ​យល់​។ ធម្មតា​គាត់​នៅ​ផ្ទាល់​ជាមួយ​មហាជន​។ បើ​ប្រជាជន​ធម្មតា មាន​អ្វីមួយ​ផ្សព្វផ្សាយ មិន​ប្រាកដថា​គេ​មើល​នោះទេ​»​។ 
 
​ថ្វីបើ​លើកទឹកចិត្ត​ឱ្យមាន​ការចែករំលែក​ព័ត៌មាន​ក៏ពិតមែន តែ​លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ សុំឱ្យ​មានការ​ចែករំលែក​ព័ត៌មាន​ពិត​ប៉ុណ្ណោះ​។​«​ប្រជាជន​យើង​ទូទៅ​នាំគ្នា​ចូលរួម​នៅក្នុង​ការ​អនុវត្តិ​នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ប្រមុខ​រដ្ឋាភិបាល ដែល​លោក​តែងតែ​ផ្ដល់​ឱវាទ ឱ្យ​យើង​យល់​ពី​នីតិវិធី​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​។ ជាការ​លើកទឹកចិត្ត គឺ​ឱ្យមាន​ការចែករំលែក ជាពិសេស​ព័ត៌មាន​ពិត​ទាំងអស់គ្នា ទាំង​តារា​ទាំង​មិន​តារា​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ៕
 
​សូម​ស្ដាប់​សំឡេង​របស់លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ​៖


Tag:
 សិល្បៈ​
  ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​
  តារា​
  កូ​វីដ​១៩
  ផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com