COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីឡាវ ស្នើប្រជាជនធ្វើការពីផ្ទះដើម្បីបញ្ចៀសការឆ្លង COVID-19 នាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត។ រូបភាព AFP
× នាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីសូលីត នៅថ្ងៃទី២៥ ខែមីនា បានអំពាវនាវឲ្យប្រជាជនទាំងអស់ចូលរួមក្នុងការទប់ស្កាត់ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស (COVID-19) ។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏ស្នើឲ្យប្រជាជនទាំងអស់គិតគូរធ្វើការពីផ្ទះ មិនថាវិស័យឯកជន ឬស្ថាប័នរដ្ឋឡើយ ព្រោះវាជាវិធីសាស្ត្រល្អមួយដើម្បីបង្អាក់ការរាលដាលជំងឺថ្មីនេះ។ លោក ថងលួន ក៏បញ្ជាឲ្យរឹតបន្តឹងការដាក់នៅដោយឡែកលើពលករឡាវដែលត្រឡប់ចូលស្រុកផងដែរ។
មកទល់ពេលនេះ ឡាវមានករណីឆ្លង COVID-19 ចំនួនបីហើយ។ រដ្ឋាភិបាលឡាវ ក៏រឹតបន្តឹងវិធានការទប់ស្កាត់ថែមទៀតដើម្បីកុំឲ្យវីរុសថ្មីរាលដាលកាន់តែខ្លាំង។ ការធ្វើការពីផ្ទះ ជាជម្រើសមួយសម្រាប់ពលរដ្ឋឡាវដើម្បីចូលរួមជាមួយរដ្ឋាភិបាលរបស់ខ្លួន។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៥ ខែមីនា លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានប្រាប់ឲ្យក្រុមហ៊ុនក្នុងស្រុក និងវិស័យនានាពិចារណាអនុញ្ញាតបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះក្នុងករណីធ្វើបាន សំដៅទប់ស្កាត់ការឆ្លង COVID-19 ។ លើសពីនោះទៅទៀត លោកនាយករដ្ឋមន្ត្រីឡាវក៏បានស្នើឲ្យមានការផ្អាកកិច្ចប្រជុំទាំងអស់ ឬក៏ការជួបជុំណាមួយក្នុងការិយាល័យរបស់ខ្លួនដើម្បីកាត់បន្ថយការឆ្លងវីរុសផងដែរ។
«យើងស្ថិតក្នុងស្ថានភាពត្រូវប្រយ័ត្ន។ COVID-19 អាចចម្លងលើមនុស្សច្រើនទៀត។» លោក ថងលួន បញ្ជាក់បែបនេះដែលផ្សាយដោយកាសែត Vientiane Times ។ លោក ថងលួន ក៏ណែនាំឲ្យមន្ត្រីទាំងអស់អនុវត្តវិធានការទប់ស្កាត់ឲ្យតឹងរ៉ឹងបំផុតលើពលករឡាវដែលត្រឡប់ពីការធ្វើការនៅទឹកដីថៃវិញ។ ខណៈថៃបិទប្រទេស បិទកន្លែងធ្វើការ អាហារដ្ឋាននានា ពលករឡាវដែលអត់ការធ្វើ ក៏សម្រុកចូលស្រុកវិញ ដែលធ្វើឲ្យមានក្ដីបារម្ភថា ក្នុងចំណោមពួកគេអាចមានអ្នកផ្ទុកវីរុសផង។
អាជ្ញាធរសុខាភិបាលឡាវ បានប្រឹងប្រែងយ៉ាងក្នុងត្រួតពិនិត្យសុខភាពពលករដែលសម្រុកចូលស្រុកគគ្រឹកគគ្រេងបែបនេះ។ អ្នកដែលមិនមានសីតុណ្ហភាពខ្ពស់ នឹងត្រូវណែនាំឲ្យនៅដោយឡែក១៤ថ្ងៃ ខណៈអ្នកដែលមានសីតុណ្ហភាពខ្ពស់ នឹងត្រូវដាក់ឲ្យនៅក្រោមចត្តាឡីស័ក និងធ្វើតេស្តរកជំងឺផងដែរ។ លោក ថងលួន ស្នើឲ្យពលករទាំងអស់សហការក្នុងការនៅដោយឡែកដោយខ្លួនឯង។
ជាមួយគ្នានោះ ប្រមុខរដ្ឋាភិបាលឡាវ ក៏ស្នើឲ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង COVID-19 ឲ្យរៀបចំវិធានការបន្ថែមទៀត ព្រោះចំណាត់ការម៉ឺងម៉ាត់ ជារឿងចាំបាច់បើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននោះ។ ទោះជាយ៉ាងណា លោកប្រាប់ប្រជាជនឡាវ មិនត្រូវស្លន់ស្លោ កុំជ្រួលច្របល់ ហើយរួមគ្នាប្រយុទ្ធនឹងជំងឺនេះឲ្យបានជោគជ័យ៕
Tag:
ឡាវ
ថងលួន ស៊ីសូលីត
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com