COVID-19
អន្តរជាតិ
COVID-19 នៅថៃ លើស១ពាន់ករណីហើយ ក្រោយរកឃើញជាង១០០ករណីបន្ថែម ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
× ប្រទេសថៃ នៅថ្ងៃទី២៦ ខែមីនា បានរាយការណ៍ករណីឆ្លងជំងឺផ្លូវដង្ហើម COVID-19 ចំនួន១១១ករណីថ្មី ដែលធ្វើឲ្យការឆ្លងសរុបក្នុងប្រទេសនេះឡើងដល់ ១០៤៥ករណីហើយ។ រដ្ឋាភិបាលថៃ បញ្ជាក់លើបណ្ដាញសង្គម Twitter បែបនេះ នៅថ្ងៃព្រហស្បតិ៍ ២៦ ខែមីនា ដោយដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។ គិតមកត្រឹមពេលនេះ មនុស្ស ៤នាក់ បានបាត់បង់ជីវិតដោយ COVID-19 ក្នុងប្រទេសថៃ ខណៈមនុស្ស៧០នាក់បានជាសះស្បើយ។
ចំណែក ប្រទេសវៀតណាមឯណោះវិញ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ករណីឆ្លង COVID-19 ថ្មីចំនួន ៧ករណីបន្ថែម។ តួលេខអ្នកជំងឺថ្មីនេះ បានធ្វើឲ្យតួលេខឆ្លងសរុបក្នុងប្រទេសនេះឡើងដល់១៤៨ករណីហើយ។ យ៉ាងណាមិញ ប្រទេសវៀតណាម ពុំទាន់រាយការណ៍អ្នកស្លាប់ដោយសារជំងឺនេះនៅឡើយទេ ខណៈមនុស្ស១៧នាក់បានជាសះស្បើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Xinhua ។
ដោយឡែក ប្រទេស ឡាវ កាលពីពុធ ទី២៥ ខែមីនា បានរកឃើញករណីឆ្លងCOVID-19ទី៣របស់ខ្លួន ។ អ្នកជំងឺថ្មីនេះ គឺជាអ្នកជំនួញវ័យ២៦ឆ្នាំម្នាក់ក្នុងរដ្ឋធានីវៀងចន្ទន៍ ហើយជាមិត្តរបស់ករណីឆ្លងមុន។ ជារួម ឡាវ បានរកឃើញ ៣ករណីហើយ ដែលអ្នកជំងឺទាំងអស់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្រុង វៀងចន្ទន៍ ខណៈអ្នកដែលស្និទ្ធនឹងពួកគេទាំងអស់កំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យមួយក្នុងខេត្ត Luang Prabang។ នេះបើតាម Xinhua ៕
© រក្សាសិទ្ធិដោយ thmeythmey.com