COVID-19
អន្តរជាតិ
គ្រូពេទ្យ​ហ្វីលីពីន​៩​នាក់ ស្លាប់​ដោយសារ COVID-19 ខណៈ​បរិក្ខារ​ពេទ្យ​ខ្វះខាត​
26, Mar 2020 , 4:26 pm        
រូបភាព
គ្រូពេទ្យម្នាក់ពាក់ម៉ាស់ ហើយកាន់ក្រដាសមួយសន្លឹកសរសេរថា «ប្រយុទ្ធប្រឆាំង COVID-19» ដោយការធានាសុវត្ថិភាពបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យមួយ នាក្រុង ម៉ានីល ហ្វីលីពីន(AFP)
គ្រូពេទ្យម្នាក់ពាក់ម៉ាស់ ហើយកាន់ក្រដាសមួយសន្លឹកសរសេរថា «ប្រយុទ្ធប្រឆាំង COVID-19» ដោយការធានាសុវត្ថិភាពបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យមួយ នាក្រុង ម៉ានីល ហ្វីលីពីន(AFP)
ដោយ: ថ្មីៗ
​វេជ្ជបណ្ឌិត​ហ្វីលីពីន​៩​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ។ សមាគម​វេជ្ជសាស្ត្រ​ហ្វីលីពីន បញ្ជាក់​បែបនេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ២៦ ខែមីនា ខណៈ​មន្ទីរពេទ្យ​ជាច្រើន​កន្លែង​ទទួល​អ្នកជំងឺ​ច្រើនសន្ធឹក​សន្ធាប់ ហើយ​ក្រុមគ្រូពេទ្យ​ត្អូញត្អែរ​រឿង​ខ្វះខាត​បរិក្ខារ​ពេទ្យ​សម្រាប់​ការពារ​នៅ​ជួរមុខ​។

 
​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សមាគម​វេជ្ជសាស្ត្រ​ហ្វីលីពីន បានប្រកាសថា គ្រូពេទ្យ​៩​នាក់​បាន​ស្លាប់​ដោយសារ COVID-19 ហើយ​បុគ្គលិក​សុខាភិបាល​កំពុង​ខ្វះខាត​សម្ភារ​ការពារ​។ យ៉ាងណាមិញ សមាគម​នេះ ពុំបាន​បញ្ជាក់​ពី​អាយុ ភេទ​ឬ​អត្តសញ្ញាណ​ច្បាស់លាស់​របស់​គ្រូពេទ្យ​ដែល​ស្លាប់​ទាំង​៩​នាក់​នេះឡើយ​។ 
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP អនុប្រធាន​សមាគម​នេះ លោក Benito Atienza អះអាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​ខ្ញុំ​ជា​អ្នកសម្រេចចិត្ត​មែន​នោះ ខ្ញុំ​នឹងធ្វើ​តេស្ត​គ្រូពេទ្យ​ជួរមុខ មុនគេ និង​ធ្វើតេស្ត​ពួកគេ​ម្ដងទៀត ៧​ថ្ងៃ​បន្ទាប់​។ គ្រូពេទ្យ អាចជា​អ្នកមាន​ផ្ទុក​វីរុស​តែម្ដង​»​។ 
 
​ម្យ៉ាងវិញទៀត មន្ទីរពេទ្យ​ធំៗ​ចំនួន ៣ ក្នុង​រដ្ឋធានី ម៉ានីល បានប្រកាស កាលពី​ថ្ងៃ​ពុធ ២៥ ខែមីនា​ថា មន្ទីរពេទ្យ​ពួកគេ​បាន​ឈានដល់​ចំណុះ​ពេញ ហើយ​លែង​អាច​ទទួលយក​អ្នកជំងឺ COVID-19 ថ្មី​ទៀតផង​ដែរ​។ បើតាម AFP មន្ទីរពេទ្យ​ទាំងនោះ សង្កត់ធ្ងន់ថា បុគ្គលិក​សុខាភិបាល​រាប់រយ​នាក់ លែង​អាច​ទទួល​មើលថែ និង​ព្យាបាល​អ្នកជំងឺ​តទៅទៀត​ហើយ ព្រោះថា ពួកគេ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​១៤​ថ្ងៃ ក្រោយ​សង្ស័យថា​ឆ្លង​វីរុស​នេះ​។  
 
​ការប្រកាស​ករណី​ស្លាប់​របស់​គ្រូពេទ្យ​នេះ បាន​បង្កើន​ភាពភ័យខ្លាច​ថា វិសាលភាព​នៃ​វិបត្តិ​សុខាភិបាល​ក្នុងប្រទេស​ហ្វីលីពីន គឺ​អាក្រក់​ខ្លាំង​ជាង​អ្វីដែល​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា ប្រទេស ហ្វីលីពីន មាន​ករណី​ឆ្លង COVID-19 ៧០៧ នាក់ ក្នុងនោះ​ករណី​ថ្មី ៧១​នាក់​។ អ្នកស្លាប់​ឡើងដល់​៤៥​នាក់ ហើយ​ជាសះស្បើយ​មាន ២៨​នាក់​៕

Tag:
 ហ្វីលីពីន​
  COVID-19
  គ្រូពេទ្យ​
  មន្ទីរពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com