COVID-19
ជាតិ
ពលរដ្ឋ​ខ្មែរ អាច​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​ថៃ ទោះ​ទិដ្ឋាការ​ឬ​បណ្ណ​ការងារ ផុតកំណត់​
26, Mar 2020 , 5:37 pm        
រូបភាព
ពលករខ្មែរ វិលត្រឡប់មកថៃ ដោយឆ្លងកាត់តាមអូរច្រករបៀង កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០
ពលករខ្មែរ វិលត្រឡប់មកថៃ ដោយឆ្លងកាត់តាមអូរច្រករបៀង កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០
ដោយ:
​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ជំរុញ​ឲ្យ​ពល​ខ្មែរ ដែល​ចង់​ត្រឡប់មក​កម្ពុជា បន្ត​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​។ ស្ថានទូត អះអាងថា ពលរដ្ឋ​ខ្មែរ​អាច​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ រហូត​ដាច់​ខែមិថុនា ឆ្នាំ​២០២០ ទោះបី​សុពលភាព​ទិ​ដ្ឋ​ការ​និង​បណ្ណ​ការងារ​ផុតកំណត់​ក៏ដោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថានទូត​កម្ពុជា​។

 
​ការជូនដំណឹង និង​ការជំរុញ​របស់​ស្ថានទូត​កម្ពុជា ធ្វើឡើង​ក្រោយ​ប្រទេស​ថៃ ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន ចាប់ពី​ថ្ងៃទី​២៦ ខែមីនា ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​។ ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​របស់​ថៃ គឺ​បន្ទាប់ពី​ចំនួន​អ្នក​ផ្ទុក​កូ​វីដ​-១៩ បន្ត​កើន​ឡើងជា​លំដាប់​។ 
 
​បញ្ហា​ខាងលើ ធ្វើ​ឲ្យ​ថៃ ត្រូវ​បិទ​ច្រកព្រំដែន​ជាមួយ​កម្ពុជា មិន​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន រហូត​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ​។ ការបិទច្រក​ព្រំដែន​នេះ បាន​ក្លាយជា​កត្តា​រារាំង​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​។​
 
​ស្ថានទូត បញ្ជាក់​ដូច្នេះ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដូច្នេះ​ថា​៖«​ពលរដ្ឋ​ខ្មែរ ដែលមាន​ទិដ្ឋាការ​ស្នាក់នៅ​និង​បណ្ណ​អនុញ្ញាត​ការងារ​ផុត​សុពលភាព អាច​បន្ត​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​រហូត​ដល់​ថ្ងៃទី​៣០ ខែមិថុនា ដោយ​លើកលែង​ការផាកពិន័យ​លើ​ការ​ស្នាក់នៅ​លើស​កំណត់​នេះ​។ បើ​ពលរដ្ឋ​ខ្មែរ​ចង់​ធ្វើការ​បន្ត ត្រូវ​ឲ្យ​និយោជក បញ្ជូន​បញ្ជី​ឈ្មោះ​ទៅ​ក្រសួង ឬ​មន្ទីរ​ក្រុង​-​ស្រុក ឲ្យ​បាន​រួចរាល់​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០»​។​
 
​មុន​ថៃ​ប្រកាស ដាក់​ប្រទេស ក្នុង​គ្រា​មាន​អាសន្ន និង​បញ្ឈប់​ឲ្យ​មានការ​ធ្វើដំណើរ​ចេញចូល ពលរដ្ឋ​ខ្មែរ ប្រមាណ​៤​ម៉ឺន​នាក់ នៅ​ថៃ បាន​សម្រុក​មក​ស្រុកកំណើត​វិញ​។  
 
​គិត​ត្រឹម​ថ្ងៃទី​២៦ ខែមីនា ថៃ​មាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ជាង​១​ពាន់​នាក់ ក្នុងនោះ​ស្លាប់​៤​នាក់ និង​ជាសះស្បើយ​៨៨​នាក់​។ ចំណែក កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៩៦​នាក់ តែ​បានជា​សះស្បើយ​វិញ​១០​នាក់​៕  

Tag:
 COVID-19
  ស្ថានទូត​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com