ជាតិ
លោក ឌុក រ៉ាស៊ី អតីតអ្នកការទូតកម្ពុជា ទទួលមរណភាពក្នុងជន្មាយុ៩៥ឆ្នាំ លោក ឌុក រ៉ាស៊ី អ្នកនយោបាយ និងជាអ្នកនិព្ធជ់ងចាស់(រូបថត៖ ហេង ឧត្តម / RFI)
× ភ្នំពេញ៖ លោក បណ្ឌិត ឌុក រ៉ាស៊ី ដែលជាអ្នកនយោបាយ និងជាអ្នកនិពន្ធជើងចាស់មួយរូប បានទទួលមរណភាពក្នុងជន្មាយុ៩៥ឆ្នាំ នៅក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២០។ សពរបស់លោកនឹងត្រូវបូជានៅថ្ងៃចន្ទទី៣០ខែមីនា ឆ្នាំ២០២០ខាងមុខ។ សម្រាប់ការរៀបចំពិធីបុណ្យ គឺមានតែសាច់ញាតិជិតបំផុតរបស់លោកតែប៉ុណ្ណោះ ដែលចូលរួម។
សម្រាប់ការរៀបចំពិធីបុណ្យតាមបែបសាសនា អាចនឹងធ្វើក្រោយពេលបម្រាមប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានរដ្ឋអំណាចបារាំងលុបចោល។ នេះបើតាមភរិយារបស់លោក ឌុក រ៉ាស៊ី ដែលបានឆ្លើយប្រាប់លោក ហេង ឧត្ដម ដែលធ្វើការនៅវិទ្យុបារាំងអន្តរជាតិ RFI។
បើតាមឯកសារជីវប្រវត្តិដែលផ្សាយដោយ RFI លោក ឌុក រ៉ាស៊ី គឺជាអ្នកនយោបាយជើងចាស់ ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញនាសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណៈរដ្ឋខ្មែរ។ នៅក្នុងសម័យនោះ លោកមានតួនាទីជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង និងជាព្រឹទ្ធបុរសមហាវិទ្យាល័យច្បាប់នៅរាជធានីភ្នំពេញ។ លោកក៏ជាអតីតឯកអគ្គរដ្ឋទូតខ្មែរប្រចាំទីក្រុងឡុងដ៍រូបនេះ ធ្លាប់បានបំរើការងារក្នុងអង្គការសហប្រជាជាតិ២ឆ្នាំ បន្ទាប់មកលោកបានបម្រើការងារនៅស្ថានទូតខ្មែរក្នុងប្រទេសថៃ១ឆ្នាំ ក្រោយមកលោកក៏ទៅធ្វើការក្នុងក្រសួងការបរទេសវិញ។
ឯកសារដដែលបានបន្ថែមទៀតថា មុនសម័យខ្មែរក្រហមលោក ឌុក រ៉ាស៊ី បានត្រូវតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព ប្រចាំចក្រភពអង់គ្លេស បែលហ្សិក ដាណឺម៉ាក និងហូឡង់ដ៍។ លោកក៏ជាសាស្ត្រាចារ្យនីតិសាស្ត្រ បង្រៀននៅសកលវិទ្យាល័យAmiens ប្រទេសបារាំងផងដែរ។ ពេលចូលនិវត្តិន៍ លោកបានបង្កើតសមាគមសិទ្ធិមនុស្សឈ្មោះ”សម្ព័ន្ធខ្មែរការពារសិទ្ធិមនុស្សនិងសិទ្ធិបុរីជន»។
ស្នាដៃតែងនិពន្ធរបស់លោក ឌុក រ៉ាស៊ី រួមមាន “វិចារណកថា ឌុក រ៉ាស៊ី” បោះពុម្ពឆ្នាំ២០១៨។ “វាសនាខេមរៈបុត្រ” បោះពុម្ពឆ្នាំ២០១២។ “វាសនាប្រទេសជាតិ” បោះពុម្ពឆ្នាំ២០១២ និងមានស្នាដៃជាភាសាបារាំងមួយចំនួនទៀត៕
Tag:
ឌុក រ៉ាស៊ី
នយោបាយ
អ្នកនិពន្ធ
មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com