COVID-19
អន្តរជាតិ
កំពុង​ទាស់​ជាមួយ​ចិន​រឿង COVID-19 អាមេរិក​បញ្ជូន​នាវាចម្បាំង​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​
26, Mar 2020 , 11:19 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​២៥ ខែមីនា នាវាចម្បាំង​របស់​អាមេរិក​មួយគ្រឿង បាន​បើក​កាត់​ច្រក​ស​មុ​ត្រ​តៃវ៉ាន់ បន្ទាប់ពី​មាន​ភាព​តានតឹង​រវាង​ចិន និង​តៃវ៉ាន់​ក្រោយ​កងទ័ពអាកាស​តៃវ៉ាន់​ស្ទាក់​យន្តហោះ​ចម្បាំង​ចិន នេះ​បើ​យើង​តាម​សារ​ព័​ត៍​មាន Reuters ។ វត្តមាន​នាវាចម្បាំង​នេះ ក៏​កើត​ចំពេល​អាមេរិក និង​ចិន​មើលមុខ​គ្នា​មិនត្រូវ​រឿង COVID-19 ផងដែរ​។

 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការពារជាតិ​រប​ស់កោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹងថា នាវាចម្បាំង​អាមេរិក​ធ្វើដំណើរ​ឆ្ពោះទៅ​ទិស​ខាងជើង ក្រោម​ការឃ្លាំមើល​របស់​កងទ័ព​តៃវ៉ាន់​។ តៃវ៉ាន់​ចាត់ទុកថា​ការបើក​កាត់​នេះ​ជា បេសកកម្ម​ធម្មតា និង​គ្មាន​ហេតុផល​អ្វី​ត្រូវ​បារម្ភ​ឡើយ​។ 
 
​ចំណែក​នៅ​ខាង​សហរដ្ឋអាមេរិក​វិញ លោក Anthony Junco អ្នកនាំពាក្យ​កង​នាវាចរណ៍​ទី​៧ និ​ា​យ​ថា នាវាចម្បាំង USS McCampbell បាន​ចូល​ឆ្លងកាត់​ច្រក​ស​មុ​ត្រ​តៃវ៉ាន់​ដូច​ទម្លាប់​នៅ​ថ្ងៃ​២៥ មីនា ដោយ​គោរព​តាមច្បាប់​អន្តរជាតិ​។ 
 
​លោក​បញ្ជាក់ថា​៖ «​ការបើក​ឆ្លងកាត់​របស់​នាវា​អាមេរិក កាត់​ច្រក​ស​មុ​ត្រ​តៃវ៉ាន់​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​អា​មេ​រិ​ទៅកាន់ ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហ​។ កងទ័ពជើងទឹក​អាមេរិក នឹង​បន្ត​ហោះ បើក និង​ធ្វើ​ប្រតិបត្តិការ​នៅ​ទីកន្លែង​ណា​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​»​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ច្រក​ស​មុ​ត្រ​តៃវ៉ាន់ ដ៏​តូច​ដែល​បែងចែក​ចិន និង​កោះ​តៃវ៉ាន់ ជា​ប្រភព​នៃ​ភាព​តឹងតែង​យ៉ាង​ញឹកញាប់​។ ដោយ​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​បញ្ហា​បូរណភាព​ទឹកដី​របស់ខ្លួន​។ កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ កងទ័ពអាកាស​ចិន​បាន​បើក​សមយុទ្ធ​យោធា​ដែល​នៅ​កៀក​នឹង​កោះ​តៃវ៉ាន់ ដែល​បណ្តាល​ឲ្យ​យន្តហោះ​ចម្បាំង​តៃវ៉ាន់​ចេញ​ប្រតិបត្តិការ​ភា្ល​មៗ​ដើម្បី​ស្ទាក់​យន្តហោះ​ចម្បាំង​ចិន​។​
 
​បន្ថែម​ពីនេះ តៃវ៉ាន់​បាន​ហៅ​សមយុទ្ធ​ខាងលើ​មាន​ច​រិ​ក​លក្ខណៈ​បង្កហេតុ និង​បាន​ប្រាប់​ចិន​ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​ប្រយុទ្ធ​ទៅនឹង​ជំងឺឆ្លង ជៀស​ជាង​គម្រាមកំហែង​តៃវ៉ាន់​។ 
 
​គួរ​រំលឹក​ផងដែរ​ថា សហរដ្ឋអាមេរិក ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ទៀត​មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ឡើយ តែ​សហរដ្ឋអាមេរិក​នៅតែ​បន្ត​ជា​អ្នកផ្គត់ផ្គង់​អាវុធ និង​គាំទ្រ​តៃវ៉ាន់​លើ​ឆាក​អន្តរជាតិ​។ 
 
​កាលពី​ខែមករា​កន្លងទៅ នាវាចម្បាំង​អាមេរិក​មួយគ្រឿង​ផ្សេងទៀត​បាន​បើក​កាត់​ច្រក​ស​មុ​ត្រ​តៃវ៉ាន់ មិន​ដល់​មួយ​សប្តាហ៍​ផង ក្រោយពេល​លោកស្រី​ប្រធានាធិបតី Tsai Ing-wen ជាប់ឆ្នោត​ជា​លើក​ទី​២ ដោយមាន​ទំនោរ​ប្រឆាំង​ចិន​។​
 
​ការបញ្ជូន​នាវា​នេះ កើតមានឡើង​ស្របពេល​អាមេរិក និង​ចិន​ទាស់​គ្នា​កាន់តែខ្លាំង​រឿង​ប្រភព​ជំងឺ COVID-19 ។ អាមេរិក​ព្យាយាម​ចោទ​ចិន​ថា មិន​បញ្ចេញ​ព័ត៌មាន​ឲ្យ​បាន​លឿន និង​បាន​ហៅ COVID-19 ថា វីរុស​ចិន ឬ​វីរុស​វូ​ហាន ព្រោះ​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​នេះ​។ ចិន​ក្ដៅស្លឹកត្រចៀក​ខ្លាំង ព្រោះ​អាមេរិក​មិន​គោរព​តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​ហាម​ប្រើ​ឈ្មោះ​តំបន់​ណាមួយ​ភ្ជាប់​វីរុស​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com