COVID-19
អន្តរជាតិ
COVID-19៖ រុស្សីនឹងផ្អាកជើងហោះហើរអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃសុក្រតទៅ
× រដ្ឋាភិបាលប្រទេសរុស្សី នឹងផ្អាកជើងហោះហើរអន្តរជាតិចេញ-ចូល ចាប់ផ្តើមពីកណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនាខាងមុខនេះ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម COVID-19 ។
ក្រឹត្យដែលចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា នេះ នឹងត្រូវអនុវត្តឡើងលើជើងហោះហើរអន្តរជាតិទាំងឡាយ លើកលែងតែជើងហោះហើរដែលជួយសង្គ្រោះប្រជាជនរុស្សីពីខាងក្រៅចូលមកកាន់ប្រទេសវិញ។ ការអនុវត្តរបស់រដ្ឋាភិបាលរុស្សីនេះត្រូវបានធ្វើឡើងក្រោយពីពេលដែលមានករណីស្លាប់ទៅលើពលរដ្ឋចំណាស់ពីរនាក់ ជាជនជាតិរុស្សីនៅក្នុងទីក្រុងមូស្គូ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
«អ្នកជំងឺចំណាស់២នាក់ បានស្លាប់នៅទីក្រុង មូស្គូ ដែលមានលទ្ធផលតេស្តវិជ្ជមានសម្រាប់ COVID-19»។ នាយកដ្ឋានសុខាភិបាលប្រចាំក្រុងមូស្គូ បញ្ជាក់បែបនេះ ដោយបន្ថែមថា ពួកគេរងគ្រោះដោយសារជំងឺផ្លូវដង្ហើម និងជំងឺរ៉ាំរ៉ៃ។
ទោះជាបែបនេះក្តី ប្រទេសរុស្សីនៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេនូវករណីចំនួនអ្នកស្លាប់ជាសរុបដែលបង្កឡើងដោយ COVID-19 ។
កាលពីពុធ ទី២៥ ខែមីនា ប្រធានាធិបតីរុស្សី លោកវ្ល៉ាឌីមៀ ពូទីន បានថ្លែងសុន្ទរកថាទៅកានប្រជាជាតិមួយ ដោយកត់សម្គាល់ពីភាពធ្ងន់ធ្ងរនៃជំងឺរាតត្បាត COVID-19 នេះ ពោលគឺមួយថ្ងៃប៉ុណ្ណោះក្រោយលោកបានទៅកាន់មន្ទីរពេទ្យក្រុងមូស្គូ ទីដែលអ្នកជំងឺ COVID-19 សម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com